អានតួអត្ថបទ
ចិន

ចិន៖​អតីត​ប្រធាន​គណបក្សកុម្មុយនិស្ត​ក្នុង​ក្រុង​ចុងគីង​ត្រូវ​តុលាការ​កាត់ទោស​ដាក់​គុក​មួយជីវិត

នៅ​ក្នុង​ប្រទេស​ចិន លោក​ស៊ុន ជឹងសាយ អតីត​ប្រធាន​គណបក្ស​កុម្មុយនិស្ត​ក្នុង​ទីក្រុង​ជុងគីង​ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​នា​ថ្ងៃ​អង្គារ ទី៨ ឧសភា។ តុលាការ​បាន​ចោទ​លោក​ស៊ុន​ពី​បទប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​ទទួល​សំណូក​ជា​ប្រាក់ និង​ជា​កាដូ​យ៉ាង​ច្រើន។ សូម​ជម្រាប​ជូន​ថា ចំណាត់ការ​លើ​មន្រ្តី​ចិន​ក្នុង​រឿង​ពុករលួយ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​លោក​ស៊ី ជីនពីង​តាំង​ពី​ការ​ឡើង​កាន់​តំណែង​របស់​លោក​ក្នុង​ឆ្នាំ ២០១២។

លោក Sun Zhengcai ក្នុង​ខែ​មីនា ឆ្នាំ ២០១៧​នៅ​ក្រុង​ប៉េកាំង
លោក Sun Zhengcai ក្នុង​ខែ​មីនា ឆ្នាំ ២០១៧​នៅ​ក្រុង​ប៉េកាំង REUTERS/Jason Lee/File Photo
ផ្សាយពាណិជ្ជកម្ម

តុលាការ​បាន​ប្រកាស​ឲ្យ​ដឹង​ថា លោក​ស៊ុន ជឹងសាយ​ដែល​ស្ម័គ្រចិត្ត​រួម​សហការណ៍​ជាមួយ​ក្រុម​អ្នកស៊ើបអង្កេត​បាន​ទទួល​ស្គាល់​ពី​ទង្វើ​ពុករលួយ​របស់​ខ្លួន។ លោក​ស៊ុន​បាន​សារភាព​ថា លោក​ពិត​ជា​បាន​ទទួល​សំណូក​ជា​ប្រាក់​ជាង ១៧០លានយ័ន និង​កាដូ​យ៉ាង​ច្រើន​ជា​ថ្នូរ​នឹង​ជួយ​អន្តរាគមន៍​នៅ​ក្នុង​គម្រោង​ចែកចាយ​ទីផ្សារ​សាធារណៈ ឬ​កុងត្រា​របស់​រដ្ឋ​មួយ​ចំនួន​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។ ក្រៅ​ពី​ការ​កាត់ទោស​ញាត់​គុក​អស់​មួយ​ជីវិត តុលាការ​ក៏​បាន​សម្រេច​រឹបអូស​យក​ទ្រព្យសម្បតិ្ត​ទាំង​អស់​របស់​លោក​ស៊ុន ជឹងសាយ​ដែរ។

សូម​ជម្រាប​ជូន​ថា​មាន​អាយុ ៥៤ឆ្នាំ លោក​ស៊ុន ជឹងសាយ​ដែល​ជា​សមាជិក​ម្នាក់​នៃ​សមាជិក​ទាំង ២៥រូប​នែ​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ត្រូវ​បាន​បក្ស​បញ្ជូន​ទៅ​ឲ្យ​កាន់​តំណែង​ប្រធាន​បក្ស​ក្នុង​ទីក្រុង​ចុងគីង​ជំនួស​កន្លែង​លោក​បូ ស៊ីល័យ​ដែល​ត្រូវ​បាន​បក្ស​ទម្លាក់​ពី​អំណាច​ក្នុង​រឿង​អាស្រូវ​ពុករលួយ។ តួនាទី​របស់​លោក​ស៊ុន ជឹងសាយ​កាល​ណោះ គឺ​បោស​សំអាត​អំពើ​ពុករលួយ​ក្នុង​ក្រុង​ចុងគីង។ តែ​គណបក្ស​បាន​ស្តី​បន្ទោស​លោក​ស៊ុន​ពី​បទ​ទទួល​បរាជ័យ​ក្នុង​យុទ្ធនាការ​នេះ។

បន្ទាប់​មក​ក្នុង​រដូវ​ក្តៅ​ឆ្នាំ ២០១៧ គណបក្ស​ក៏​បាន​សម្រេច​ដក​តំណែង​លោក​ស៊ុន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល រួច​បាន​បើក​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​មួយ​ប្រឆាំង​លោក​ស៊ុន​ពី​បទ​រំលោភបំពាន​វិន័យ​ផ្ទៃក្នុង​ធ្ងន់ធ្ងរ និង​ប្រើ​អំណាច​ដើម្បី​ទទួល​បាន​ប្រយោជន៍​ផ្ទាល់ខ្លួន។ គួរ​បញ្ជាក់​ជូន​ថា​នៅ​ចិន អំពើ​ពុករលួយ​ជា​បញ្ហា​ស្នូល​នៅ​ក្នុង​ជួរ​មន្រ្តី​កាន់​អំណាច។ អ៊ីចឹង​ហើយ​បាន​ជា​តាំង​ពី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១២ លោក​ស៊ី ជីនពីង​បាន​បើក​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ក្រោម​ទ្រង់ទ្រាយ​ធំ​ដោយ​កំចាត់​តាំង​ពី​មន្រ្តី​ជាន់ទាប​ដល់​មន្រ្តី​ជាន់ខ្ពស់​ដែល​លោក​ឲ្យ​ឃ្លា​ថា កំចាត់​តាំង​ពី​សត្វ​មូស​ដល់​សត្វ​ខ្លា។

តែ​មាន​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា មនុស្ស​ខ្លាំង​របស់​ចិន​រូប​នេះ​បាន​ឆ្លៀត​ប្រើ​យុទ្ធនាការ​ប្រឆាំង​ពុករលួយ​ដើម្បី​ជម្រះ​បញ្ជី ឬ​កំចាត់​គូរប្រជែង​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ