ទ័ពហ្វីលីពីន និងទ័ពអាមេរិកបានបើកសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងត្បូង
នៅថ្ងៃពុធ ទី៩ ឧសភា កងទ័ពហ្វីលីពីន និងអាមេរិកបានធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងត្បូង។ គឺជាសមយុទ្ធប្រចាំឆ្នាំដែលសម្ព័ន្ធមិត្តទាំងពីរបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃសន្ធិសញ្ញាការពារគ្នាទៅវិញ ទៅមក។ តែគេមិនត្រូវភ្លេចនិយាយទេថា សមយុទ្ធប្រចាំឆ្នាំជាប្រពៃណីរវាងទីក្រុងម៉ានីល និងវ៉ាស៊ីតោនមួយនេះធ្លាប់ត្រូវបានលោកប្រធានាធិបតីហ្វីលីពីនឌុយទែរតេព្រមានលុបចោលម្តងជាពីរដង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៦
នៅទីបំផុត សមយុទ្ធដែលលោកឌុយទែរតេព្រមានឈប់ធ្វើក្នុងឆ្នាំ ២០១៨ នេះត្រូវបានរៀបចំជាថ្មី និងមានរូបភាពធំដុំជាងឆ្នាំ ២០១៧ ទៅទៀត។ នៅក្នុងឆ្នាំ ២០១៧ សមយុទ្ធក្រោមឈ្មោះ « ស្មាគៀកស្មា » មានទ័ពចូលរួមសរុប ៥ ៤០០នាក់ តែក្នុងឆ្នាំ ២០១៨ នេះ មានទ័ពចូលរួមសរុបដល់ទៅ ៨ ០០០នាក់ឯណោះ។ គួររម្លឹកជូនថា សមយុទ្ធរវាងអាមេរិក និងហ្វីលីពីនដែលមានទ្រង់ទ្រាយធំជាងគេបានធ្វើឡើងក្នុងជំនាន់លោកប្រធានាធិបតីហ្វីលីពីនអាគីណូកាលពីឆ្នាំ ២០១៥ ដែលមានទ័ពចូលរួមជាង ១០ ០០០នាក់។
កំណត់សម្គាល់នៃសមយុទ្ធឆ្នាំនេះ គឺការបាញ់គ្រាប់ពិតនៅលើមូលដ្ឋានយោធាជើងទឹកដែលស្ថិតចម្ងាយប្រមាណ ១៨០គីឡូម៉ែត្រពីកោះស្កាបូរូដែលស្ថិតក្រោមការគ្រប់គ្រងរបស់ចិន និងដែលហ្វីលីពីនកំពុងបន្តទាមទារជាកម្មសិទ្ធិរបស់ខ្លួន។ តែឧត្តមសេនីយហ្វីលីពីនអេម៉ានុយអែល សាឡាម៉ាតបានព្យាយាមចៀសវាងនិយាយឈ្មោះប្រទេសចិន និងបានត្រឹមបញ្ជាក់ថា ហ្វីលីពីនជារដ្ឋកោះតូចមួយដែលចាំបាច់ពង្រឹងសមត្ថភាពការពារខ្លួនឯង។ « យើងមិនខ្វល់ពីកោះស្កាបូរូទេ តែខ្វល់ពីអ្វីដែលយើងកំពុងធ្វើនៅទីនេះ » នេះជាការបន្ថែមរបស់លោកសាឡាម៉ាត។
សូមជម្រាបជូនថា ចិនដែលសំអាងលើហេតុផលប្រវត្តិសាស្រ្តបានទាមទារកម្មសិទ្ធិផ្តាច់មុខលើកោះភាគច្រើនក្នុងសមុទ្រចិនខាងត្បូង និងបានសាងសង់មូលដ្ឋានយោធារបស់ខ្លួននៅទីនោះ ទោះបីជាមានការប្រឆាំងទាមទារពីប្រទេសជិតខាងក្នុងតំបន់ក៏ដោយ។ ចំណែកសមយុទ្ធរវាងក្រុងម៉ានីល និងក្រុងវ៉ាស៊ីនតោនត្រូវបានគេមើលឃើញជាការបង្ហាញសាច់ដុំដាក់មហិច្ឆតារបស់ចិននៅក្នុងតំបន់។ តែខុសពីលោកអាគីណូដែលប្រើនយោបាយការទូតកណ្តាប់ដៃដែកដាក់ចិនក្នុងរឿងសមុទ្រចិនខាងត្បូង លោកឌុយទែរតេបានប្រើនយោបាយទន់ភ្លន់ចង់សម្របសម្រួល និងបង្កើនទំនាក់ទំនងជាមួយចិននៅលើគ្រប់វិស័យ ពិសេសសេដ្ឋកិច្ច។
ជាក់ស្តែងនៅមុនដំណើរទស្សនកិច្ចក្នុងប្រទេសចិនកាលពីឆ្នាំ ២០១៦ លោកឌុយទែរតេហ៊ានទាំងចាត់ទុកសមយុទ្ធរួមគ្នារវាងហ្វីលីពីន និងអាមេរិកថាជារឿងគួរឲ្យអាម៉ាស់ ព្រមទាំងព្រមានកាត់ផ្តាច់ស្ពានជាមួយអាមេរិកក្នុងវិស័យការពារទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ