ម៉ាឡេស៊ី ៖ ព្រះមហាក្សត្រលើកលែងទោសមេបក្សប្រឆាំងអាន់វ៉ា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤៦
អតីតមេដឹកនាំបក្សប្រឆាំងលោកអាន់វ៉ា អ៊ីប្រាហ៊ីម ដែលកំពុងជាប់ឃុំឃាំង ពីបទស្រលាញ់ភេទដូចគ្នា នឹងទទួលបានសេរីភាព ព្រមទាំងអាចវិលត្រឡប់ចូលមកក្នុងឆាកនយោបាយវិញបានហើយ ព្រោះព្រះមហាក្សត្រម៉ាឡេស៊ីយល់ព្រមលើកលែងទោសឲ្យ។ នេះបើបានសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រីថ្មី។ លោកមហាធៀរ មហាម៉ាត់ កន្លងមកធ្លាប់បានសន្យាថាបើលោកជាប់ឆ្នោត ហើយលោកអាន់វ៉ាត្រូវលើកលែងទោស លោកនឹងផ្ទេរតំណែងទៅឲ្យលោកអាន់វ៉ាជាអ្នកកាន់តំណែងជានាយករដ្ឋមន្រ្តី។
មួយថ្ងៃក្រោយពី ជោគជ័យយ៉ាងត្រចះត្រចង់ របស់បក្សប្រឆាំង យកឈ្នះលើបក្សកាន់អំណាច ដែលធ្លាប់ដឹកនាំប្រទេសជាប់រហូតតាំងពី៦១ឆ្នាំមក នៅថ្ងៃនេះ នាយករដ្ឋមន្ត្រី វ័យ៩២ឆ្នាំរបស់ម៉ាឡេស៊ីបានប្រកាសដំណឹងល្អមួយទៀត គឺការលើកលែងទោសមេបក្សប្រឆាំងដ៏មានប្រជាប្រិយភាព លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ ការលើកទោសដែលជាការបើកផ្លូវឱ្យលោកអាន់វ៉ា អាចត្រលប់មកប្រលូកក្នុងឆាកនយោបាយវិញផង និងអាចបានក្លាយជានាយករដ្ឋមន្ត្រីបានទៀត ជំនួសលោកមហាធៀរ មហាម៉ាត់បានទៀត។
លោក អាន់វ៉ា ក្លាយជានាយករដ្ឋមន្ត្រី នៅពីរឆ្នាំខាងមុខ
នេះបើតាមខសន្យារបស់លោក មហាធៀរ មហាម៉ាត់ ដែលបានព្រមព្រៀងជាមួយក្រុមបក្សប្រឆាំងនៅមុនពេលបោះឆ្នោត គឺលោកអាន់វ៉ា នឹងអាចទទួលតំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានហើយ។ ក៏ប៉ុន្តែតំណែងនេះមិនអាចប្រគល់ជូនលោកបានដោយភ្លាមៗទេ លោកអាន់វ៉ា ត្រូវរង់ចាំដល់មានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រមួយភាគសិន និងត្រូវរង់ចាំពីរឆ្នាំទៀត។
នៅឆ្នាំ២០១៥ ក្រោយការផ្ទុះដោយសាររឿងអាស្រូវពុករលួយលួយបង្វិលប្រាក់ពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់ ដែលធ្វើរូបភាពប្រទេសខូចខាតយ៉ាងខ្លាំងលើឆាកអន្តរជាតិនោះ លោកមហាធៀរ មាហាម៉ាត់ ក៏បានត្រលប់មកប្រលូកនយោបាយវិញ និងជាការវិលត្រលប់ដោយភ្ញាក់ផ្អើល ដោយជ្រើសរើសធ្វើខ្លួនជាបក្សប្រឆាំង និងបានទៅផ្សះផ្សាជាមួយនឹងលោកអាន់វ៉ា បើទោះបីជាលោកអាន់វ៉ា មេបក្សប្រឆាំងដ៏មានប្រជាប្រិយភាពដែលធ្លាប់ជាគូសត្រូវប្រជែងនយោបាយនឹងគ្នារហូតមកសោះ និងដែលកំពុងជាប់ពន្ធនាគារ ក៏ដោយ។ លោកធ្វើបែបនេះ គឺដើម្បីអាចដឹកនាំក្រុមសម្ព័ន្ធបក្សប្រឆាំង យកឈ្នះលើលោកណាជីប រ៉ាហ្សាក់ ដែលប្រលាក់ប្រលូសដោយអំពើពុករលួយ ខាតបង់ប្រាក់ជាតិ និងរូបភាពប្រទេស។
លោក មហាធៀរ និងលោក អាន់វ៉ា ៖ ពីគូប្រជែង មកជាដៃគូ
តាំងពីបានឯករាជ្យនៅឆ្នាំ១៩៥៧មក ម៉ាឡេស៊ី បក្សរណសិរ្យជាតិ Barisan Nasional តែងជាប់ឆ្នោតដឹកនាំប្រទេសជារៀងរហូតមកទល់នឹងថ្ងៃទី ៨ឧសភា ២០១៨ ថ្ងៃដែលបក្សប្រឆាំងសម្ព័ន្ធនៃក្តីសង្ឃឹម យកឈ្នះគណបក្សកាន់អំណាច បក្សរណសិរ្សជាតិ។ លោកមហាធៀរ មហាម៉ាត់ ដែលជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសពីឆ្នាំ១៩៨១-២០០៣ ក៏ជាឥស្សរជនរបស់បក្សនេះដែរ។ នៅក្នុងអំឡុងពេលនោះ លោក អាន់វ៉ា ជាមន្ត្រីម្នាក់របស់រដ្ឋាភិបាលរបស់លោកមហាធៀរ និងបានឡើងតួនាទីជាឧបនាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៩៨។ ប៉ុន្តែមួយឆ្នាំក្រោយមក លោកមហាធៀរ ក៏បានទម្លាក់លោក អាន់វ៉ាចេញ ដោយហេតុតែលោកអាន់វ៉ា ហ៊ានរិះគន់នយោបាយសេដ្ឋកិច្ចបែបការពារជាតិនិយមជ្រុលរបស់រដ្ឋាភិបាល ក្នុងពេលដែលអាស៊ីកំពុងមានវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ។
ចាកចេញពីរដ្ឋាភិបាល លោកអាន់វ៉ា ក៏បានងាកមកធ្វើជាបក្សប្រឆាំង។ ប៉ុន្តែនៅឆ្នាំ១៩៩៩ តុលាការក៏បានបើកសវនាការដ៏ចម្រូងចម្រាសកាត់ទោសឱ្យជាប់ពន្ធនាគារ៦ឆ្នាំ តែលោកអាន់វ៉ា តែងបដិសេធ និងចាត់ទុកជាម៉ាស៊ីននយោបាយរបស់រដ្ឋាភិបាល។ ក្រោយពីបានលុបលាងទោស នៅឆ្នាំ ២០០៨ លោកអាន់វ៉ាបានវិលត្រលប់មកកាន់ឆាកនយោបាយវិញ ក្នុងនាមជាមេបក្សប្រឆាំងដ៏មានប្រជាប្រិយភាព ដោយសន្យាដឹកនាំប្រទេសប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ លុបបំបាត់របបផ្តាច់ការបំបិទសេរីភាព។ ឆ្នាំ២០១៥ លោកអាន់វ៉ា ត្រូវបានតុលាការកាត់ទោសជាថ្មីពីបទស្រលាញ់ភេទដូចគ្នា។ ជាសាលក្រមដ៏ចម្រូងចម្រាសនិងមានលក្ខណៈនយោបាយដូចលើកដំបូងដែរ។ លោក អាន់វ៉ា បានបដិសេធពាក្យចោទប្រកាន់ និងអះអាងអំពីភាពបរិសុទ្ធរបស់លោកដោយបរិហារថា ជាផែនការនយោបាយដែលរដ្ឋាភិបាលកាន់អំណាច ដឹកនាំដោយលោក ណាជីប រ៉ាហ្សាក់ តាំងពីឆ្នាំ២០០៩ រៀបចំឡើងដើម្បីផ្ចាញ់លោក។
ជាសរុបមក ម៉ាឡេស៊ី ត្រូវស្ថិតក្រោមការដឹកនាំរបស់បក្សរណសិរ្សដដែល។ បក្សប្រឆាំងមិនអាចសម្រេចបំណងប្តូរនិន្នាការដឹកនាំប្រទេសទេ។ ការតស៊ូរបស់លោកអាន់វ៉ា ត្រូវរារាំងដោយសំណុំរឿងស្រលាញ់ភេទដូចគ្នា។ ទើបតែនៅថ្ងៃនេះ ក្រោយពីការសម្រេចចិត្តដ៏អស្ចារ្យរបស់មហាធៀរ ទើបបក្សប្រឆាំងបានស្គាល់រសជាតិនៃជោគជ័យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ