អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​នឹង​បិទ​ទីតាំង​សាកល្បង​នុយក្លេអែរ​ក្នុង​ចន្លោះ​ថ្ងៃទី២៣ និង​ទី២៥ ឧសភា ពោល​មុន​ជំនួប​រវាង​លោកត្រាំ និង​លោកគីម

នៅ​កូរ៉េខាងជើង ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​សៅរ៍ ទី១២ ឧសភា​ថា របប​ក្រុង​ព្យុងយ៉ាង​នឹង​បិទ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ក្រោម​ដី​ជា​ស្ថាពរ​នៅ​ចន្លោះ​ថ្ងៃទី២៣ និង ទី២៥ឧសភា ព្រម​ទាំង​អញ្ជើញ​ក្រុម​អ្នក​កាសែត​បរទេស​ឲ្យ​ចូលរួម​នៅ​ពិធី​បិទ​នោះ​ទៀត​ផង។ ការ​ប្រកាស​ជា​ផ្លូវការ​របស់​ក្រុង​ព្យុងយ៉ាង​ពេល​នេះ​បាន​ធ្វើ​ឡើង មុន​នឹង​ជំនួប​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នា​ថ្ងៃទី១២ មិថុនា​ក្នុង​ប្រទេស​សិង្ហបុរី។ លោក​ត្រាំ​បាន​ចាត់​ទុក​កាយវិការ​របស់​កូរ៉េខាងជើង​ពេល​នេះ​ថា​ជា​កាយវិការ​ឆ្លាតវៃ និង​សប្បុរស។

កូរ៉េខាងជើង​នឹង​បិទ​ទីតាំង​សាកល្បង​នុយក្លេអែរ​ក្នុង​ចន្លោះ​ថ្ងៃទី២៣ និង​ទី២៥ ឧសភា
កូរ៉េខាងជើង​នឹង​បិទ​ទីតាំង​សាកល្បង​នុយក្លេអែរ​ក្នុង​ចន្លោះ​ថ្ងៃទី២៣ និង​ទី២៥ ឧសភា Airbus Defense & Space and 38 North/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ក្រោម​ដី​ដែល​កូរ៉េខាងជើង​បាន​សន្យា​កម្ទេច​ចោល​ជា​ស្ថាពរ​មាន​ឈ្មោះ Punggye-ri។ គឺ​នៅ​ទីនោះ​ហើយ​ដែល​របប​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ចំនួន ៦ដង និង​ដែល​លើក​ចុង​ក្រោយ​បាន​ធ្វើ​ក្នុង​ខែ​កញ្ញា​ឆ្នាំ ២០១៧។ ក្រសួង​ការ​បរទេស​កូរ៉េខាងជើង​បាន​បញ្ជាក់​ច្បាស់ៗ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​របៀប​វារៈ​នៃ​ដំណើរ​ការ​បិទ​ទីតាំង​នុយក្លេអ៊ែរ Punggye-ri នៅ​ចន្លោះ​ថ្ងៃទី២៣ និង​ទី២៥ ឧសភា​ខាង​មុខ។

មុន​ដំបូង រូងដី​នៃ​ទីតាំង Punggye-ri នឹង​ត្រូវ​លុប​ដោយ​គំនរដី​តាម​រយៈ​ការ​បំផ្ទុះ​ច្រើន​កន្លែង​នៅ​ខាង​ក្នុង ហើយ​ច្រក​ចូល​ក្នុង​រូងដី​ក៏​នឹង​ត្រូវ​បិទ​គ្រប់​កន្លែង​ទាំង​អស់។ បន្ទាប់​មក ហេដ្ឋារចនាសម្ព័ន្ធ​សង្កេតការណ៍ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដែល​សង់​លើ​ដី​នឹង​ត្រូវ​កម្ទេច​ចោល។ បន្ទាប់​មក​ទៀត គឺ​ការ​ដក​បុគ្គលិក​ស្រាវជ្រាវ និង​ឆ្មាំការពារ​ពី​ទីនោះ ហើយ​ទីតាំង Punggye-ri ទាំង​មូល​នឹង​ត្រូវ​បិទ​ជា​ស្ថាពរ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា នីតិវិធី​បិទ​ទីតាំង Punggye-ri នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោម​ការ​ឃ្លាំមើល​របស់​ក្រុម​អ្នកកាសែត​បរទេស​ដែល​ក្រុង​ព្យុងយ៉ាង​សន្យា​ជួយ​សម្រួល​មធ្យោបាយ​ធ្វើ​ដំណើរ​ក៏​ដូច​ជា​ការងារ​របស់​ពួក​គេ រួម​មាន រៀបចំ​ជើង​យន្តហោះ​ពី​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន និង​ត្រៀម​រថភ្លើង​ជូន​ពួក​គេ​ទៅ​កាន់​ទីតាំង Punggye-ri ហើយ​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​សារព័ត៌មាន​មួយ​នៅ​ទី​នោះ។ តែ​សេចក្តី​ប្រកាស​ព័ត៌មាន​មិន​បញ្ជាក់​ទេ​ថា តើ​នឹង​មាន​វត្តមាន​ក្រុម​អធិការ​នុយក្លេអ៊ែរ​ឬ​អត់។

នៅ​ក្នុង​ន័យ​នេះ ក្រុម​អ្នកជំនាញ​ខ្លះ​បាន​ចោទ​ជា​សំណួរ​ថា តើ​ជា​រឿង​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ឬ​ទេ​ដែល​ការ​បំផ្លាញ​ទីតាំង​នុយក្លេអ៊ែរ​ទាំង​មូល​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ ឃ្លាំមើល​ពី​ក្រុម​អ្នក​វិទ្យាសាស្រ្ត និង​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​នុយក្លេអ៊ែរ។ ចំណែក​អ្នក​ជំនាញ​ខ្លះ​ទៀត​បាន​លើក​ឡើង​ត្រង់ៗ​ថា ក្រោយ​ពី​បាន​ធ្វើ​ការ​សាកល្បង​ចំនួន ៦ដង​រួច​មក ក្រុង​ព្យុងយ៉ាង​មាន​ជំនាញ​គ្រប់គ្រាន់​ទាក់ទង​នឹង​បច្ចេកវិទ្យានុយក្លេអ៊ែរ​ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​សាកល្បង​ជា​ថ្មី​ឡើយ។

យ៉ាង​ណា​ក៏​ដោយ កាយវិការ​របស់​កូរ៉េខាងជើង​ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ឆន្ទៈល្អ​របស់​លោក​គីម ជុងអ៊ុន​នៅ​មុន​លោក​ជួប​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នា​ថ្ងៃទី១២ មិថុនា​ក្នុង​ទឹកដី​សិង្ហបុរី។ លោក​ត្រាំ​ដែល​មិន​ភ្លេច​សាទរ​ចំពោះ​កាយវិការ​របស់​លោក​គីម​ដោយ​ចាត់​ទុក​ជា​កាយវិកាយ​បង្កប់​ដោយ​ភាព​ឆ្លាតវៃ និង​សប្បុរស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ