អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ព្យុងយ៉ាង​គំរាម​លុប​ចោល​ជំនួប រវាង​លោក ត្រាំ និង គីម ជុងអ៊ុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួប​ថ្ងៃទី ១២​មិថុនា រវាង​ប្រធានាធិបតី​អាមេរិក និង​ប្រមុខ​ដឹកនាំកូរ៉េខាង​ជើង ដែល​ពិភពលោក​មើល​ឃើញ​ថា​ជា​ជំនួប​ប្រវត្តិសាស្ត្រ​ កំពុង​រង​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង។ ​នៅ​ថ្ងៃ​នេះ ​ព្យុងយ៉ាង បាន​ប្រកាស​លុប​ចោល​ ជំនួប​​ជាន់​ខ្ពស់ ថ្នាក់​អនុរដ្ឋមន្ត្រី​ការបរទេស ​កូរ៉េខាង​ត្បូង និង​ខាង​ជើងនៅ​នាទី​ចុង​ក្រោយ​តែ​ម្តង និង​បាន​អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្វើការ​ពិចារណា​ឡើង​វិញ ឱ្យ​បាន​ទ្វេ​ដង ប្រសិន​បើ​អាមេរិក​ចង់​ឃើញ​ជំនួប​នៅ​សិង្ហបុរី​អាច​ប្រព្រឹត្ត​ទៅ​បាន។

លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ
លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ REUTERS/KCNA handout via Reuters & Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ពុធ​នេះ កូរ៉េខាងជើង បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ថ្មី​ ដោយ​បាន​សម្រេច​ លុប​ចោល​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ជាមួយ​កូរ៉េខាង​ត្បូងតែ​ពី​រ​បី​ម៉ោងប៉ុណ្ណោះ ​មុន​ការ​បើក​​កម្មវិធី​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​នេះ។ នៅ​ក្នុង​ទំព័រ​សារព័ត៌មាន​ផ្លូវការ កូរ៉េខាង​ជើង​បាន​គំរាម​ ថា ​ ជំនួប​កំពូល​​ រវាង​អាមេរិក​និង​កូរ៉េខាងជើង ព្រមទាំង​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​កូរ៉េទាំង​ពីរ នឹងគ្មាន​វាសនា​ទៅ​រួច ប្រសិន​បើ​អាមេរិក​ប្រើ​វិធី​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាង​ជើងជា​ឯកតោ​ភាគី។

បើ​តាម​សំដី​របស់​​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាង​ជើង ​ទីប្រឹក្សា​អាមេរិក​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ ​កំពុង​រៀប​ផែនការ​រំសាយ​កម្មវិធីនុយក្លេអ៊ែរ​​កូរ៉េខាង​ជើង តាម​គំរូ​ដែល​​ធ្វើ​ជាមួយ​លីប៊ី​។ មេដឹកនាំ​កាដាហ្វី​ស្លាប់ ក៏​ដោយ​សារ​ផែន​ការ​នេះ​ដែរ ! មូលហេតុ​សំខាន់​មួយ​ទៀត គឺ​ការ​ធ្វើ​សមយុទ្ធទ្វេ​ភាគី​ប្រចាំ​ឆ្នាំ​រវាង​អាមេរិក-កូរ៉េខាង​ត្បូង។ កូរ៉េខាងជើង ពន្យល់​​ថា ​សហរដ្ឋ​អាមេរិកកំពុង​​សាកល្ប​ង​ធ្វើ​គ្រប់យ៉ាង​ឱ្យ​ព្យុងយ៉ាង​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ជា​ឯកតោ​ភាគី​ តែ​អាមេរិក​ខ្លួន​ឯង​មិន​ព្រម​បញ្ឈប់​នយោបាយ​​ស្អប់​ខ្ពើម​កូរ៉េខាង​ជើង។

សមយុទ្ធ​ប្រចាំ​ឆ្នាំ ជា​ដើម​ហេតុ

​​វ៉ាស៊ីនតោន​និង​សេអ៊ូល បាន​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​តាំង​ពី​ថ្ងៃទី ១១​ឧសភានិង​ សម្រាប់​រយៈ​ពេលពី​រសប្តាហ៍។ សមយុទ្ធ​នេះ​ជា​ឱកាស​ប្រមូល​ផ្តុំ​កម្លាំង​យោធា និងសព្វាវុធ ដ៏​សន្ធឹក​សន្ធាប់ ដូច​ជា យន្តហោះ​ចម្បាំង F-22 យន្តហោះ​ទម្លាក់​គ្រាប់​បែក​ បេ៥២ ដែលមាន​សមត្ថភាព​ពាំ​ក្បាល​​នុយក្លេអ៊ែរ។ សម្រាប់​ព្យុងយ៉ាង នេះ​ជា​ទង្វើ​បង្ក​ហេតុ ! ​នេះ​ ជា​ការ​ត្រៀម​រៀប​ចំ​វាយប្រហារ​មក​លើ​កូរ៉េខាងជើង ក្នុង​ខណៈ​ដែល​ព្យុងយ៉ាង កំពុង​ប្រឹង​បង្កើត​ភាព​ធូរ​ស្រាល ព្រម​ដោះលែង​ចំណាប់​ថ្នូរ​អាមេរិ​កបី​នាក់ និ​ងព្រមរៀបចំ​ដំណើរ​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ។

កូរ៉េខាងជើង​ខឹង​ខ្លាំង​ព្រោះ​យល់​ថា​ខ្លួន​កំពុង​គោរព​តាម​កិច្ចព្រមព្រៀង​ដែល​លោក​ គីម ជុងអ៊ុន និង​លោក មូន​ចែអ៊ីន បាន​សន្យា​​រួម​គ្នា​ បំបាត់​អាវុធ​នុយក្លេអ៊ែរ ​ និង​នាំ​សន្តិភាព​ពី​ឧបទ្វីប តែ​ម្ខាង​ទៀត​បែរ​ជា​សម្ញែង​យោធា​យ៉ាង​ងងើល​ទៅ​វិញ​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្យុងយ៉ាង​ត្រូវ​គិត​គូរ​ឡើង​វិញ​ថា​គួរ​ព្រម​ទទួល​យក​ជំនួប​រវាងអាមេរិក​និង​កូរ៉េខាង​ជើង​ដែរឬអត់។ នេះ​បើ​តាម​ប្រភពកូរ៉េខាង​ជើង​ដដែល។

អាមេរិក​និង​កូរ៉េខាង​ត្បូង​ហួស​ចិត្ត

តាំង​ពី​ឧបទ្វីប​បាន​ស្គាល់​ភាព​ធូរ​ស្បើយមក កូរ៉េខាង​ជើង​ហាក់​ដូច​ជា​មិន​សូវ​ប្រឆាំង​ដាច់​ខាត​នឹង​ការ​ធ្វើ​សមយុទ្ធ​ទេ ! ដូច្នេះ​ ទាំង​អាមេរិក ទាំង​កូរ៉េខាង​ត្បូង សុទ្ធ​តែ​ភ្ញាក់ផ្អើលនិងនាំ​គ្នា​​សោកស្តាយ​ ​នឹង​ប្រតិកម្ម​របស់​ព្យុងយ៉ាង​នាពេល​នេះ ទាំ​ងអស់​គ្នា​ ! ​ អ្នក​នាំ​ពាក្យ​​​ក្រសួងការ​បរទេស​អាមេរិក បាន​អះអាង​ថា​ គ្មាន​បាន​ទទួល​សំបុត្រ ឬ​សារ​​អ្វី​ជា​ផ្លូវការ ឬ​ក្រៅ​ផ្លូវការ​ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សមយុទ្ធ​នេះ​សោះ ! លើស​ពី​​នេះ​ទៅ​ទៀត បើ​តាម​វ៉ាស៊ីនតោន​ លោក​ គីមជុងអ៊ុន ធ្លាប់​ទាំង​បាន​បង្ហាញ​ជំហរ​ជាមនុស្ស​មាន​ហេតុផល ព្រម​ទទួល​ស្គាល់​ថាអំពីភាព​ចាំបាច់ និង​ប្រយោជន៍​នៃ​សមយុទ្ធ​ទ្វេ​ភាគី​អាមេរិក​-កូរ៉េខាង​ត្បូង។ ប៉ុន្តែ​រដ្ឋាភិបាល​អាមេរិក​នៅតែ​សង្ឃឹម​ ថា​ជំនួប​ថ្ងៃ​ទី ១២ ឧសភា នឹង​អាច​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ជា​និច្ច។ ជា​ជំនួប​ដែល​មាន​កិច្ចពិភាក្សា​ដ៏​ស្មុគស្មាញ។

​​​​កូរ៉េខាងជើងបង្កើន​សម្ពាធ មុនជំនួប​កំពូល ​នៅសិង្ហបុរី

ពាក្យ​គំរាម​ថ្ងៃ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កូរ៉េខាងជើង​មិនបោះបង់ទម្លាប់​ចាស់​ ដែល​ចូល​ចិត្ត​ខ្ទាស់​​ដំណើរការ​អ្វី​មួយ​ដែល​កំពុង​រលូន​ទៅ​ស្រួល​ទេ ​តែ​ក៏​អាច​ជា​ការ​​​បង្ហាញ​ភាព​មិន​​សប្បាយ​ចិត្តរបស់​​ខ្លួន​ចំពោះ​​នឹង​អាមេរិក​និង​កូរ៉េខាង​ត្បូង​ ផង និង​ជា​ល្បិច​​​នយោបាយ​ផង​ក៏​បាន។

ព្យុងយ៉ាង​បាន​បង្ហាញ​ឆន្ទៈ​ល្អ​ជា​បន្ត​បន្ទាប់ រហូត​ដល់​ប្រកាស​រំសាយ​មជ្ឈមណ្ឌល​​​នុយក្លេអ៊ែរ តែ​មួយ​គត់​របស់​ខ្លួន​ នៅ​ថ្ងៃទី ២៤​-២៥​ឧសភា​ខាង​មុខ ប៉ុន្តែ​កូរ៉េខាង​ជើង មិន​ដែល​បាន​បង្ហាញ​ជា​សាធារណៈ​​អំពី​សម្បទាន​របស់​ខ្លួនទេ។ អ្នក​វិភាគ​យល់​ថា នៅ​ពី​ក្រោយ​សេចក្តី​ថ្លែងការ​ណ៍​គំរាម​ថ្ងៃ​នេះ ទំនង​ជា​មាន​លាក់​គំនួច​យុទ្ធសាស្ត្រ​មួយ​ដែល​លោក គីម ជុងអ៊ុន ចង់​សាកល្បង​មើល​ឆន្ទៈ​របស់​លោក​ដូណាល់ ត្រាំ ថា​តើ​ហ៊ាន​ធ្វើ​សម្បទាន​ប៉ុណ្ណា មុះមុត​ចង់​ចរចា ប៉ុណ្ណា ! ព្យុងយ៉ាង​ចង់​បានការ​បញ្ចាក់​ពី​​អាមេរិក និង​ចង់​ឱ្យ​អាមេរិក​បន្ទន់​ជំហរ​ខ្លះ។

អ្នក​វិភាគ​ខ្លះ​ទៀត​យល់​ថា ជាមួយ​ពាក្យ​គំរាម​នេះ ព្យុងយ៉ាង​កំពុង​ស្វែង​រក​តម្រែតម្រឹម​ប្រធានបទ​នេះ​ការ​ចរចា​រំសាយ​នុយក្លេអ៊ែរ។ ការ​គំរាមកំហែង​ជា​ចំណែក​មួយ​នៃ​ដំណើរការ​ចរចា​ដែល​កំពុង​ចាប់​ផ្តើម​ ដូច្នេះ ព្យុងយ៉ាង​ត្រូវ​តែ​ពង្រឹង​ជំហរ​របស់​ខ្លួន​ ថា​កូរ៉េខាងជើង​ត្រូវ​ការ​ឃើញ​វ៉ាស៊ីនតោន​ធ្វើ​សម្បទាន​ខ្លះ​មក​វិញ​ដែរ។

បរិបទ​ស្មុគស្មាញរបស់​សហរដ្ឋ​អាមេរិក​នៅ​តំបន់​ដើម​បូព៌ា និង​នៅ​អ៊ីរ៉ង់ ក្នុងពេល​នេះ អាច​ជា​ចំណែក​ដែល​កូរ៉េខាងជើង​ចង់​កេង​ចំណេញ។ របប​កុម្មុយនិស្ត​ទំនង​ជា​អាច​គិត​ថា ពេល​នេះ​ជា​វេលា​ល្អ​សម្រាប់​ដាក់​សម្ពាធ​លើ​លោក​ត្រាំ ដែល​ឯកាមាន​រឿង​​ច្រើន​នៅ​តំបន់​ផ្សេង និង​ដែលត្រូវការ​មាន​ជោគជ័យ​លើ​សំណុំ​រឿង​កូរ៉េ ដើម្បី​ស្តារ​មុខ​មាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ