អានតួអត្ថបទ

អន្តរជាតិផ្តុំ​គ្នា​សុំ​សេរីភាព​ឱ្យ​ភរិយា​របស់​អតីត​ម្ចាស់​រង្វាន់​ណូបែល​សន្តិភាព​ចិន

សិល្បករ អ្នក​និពន្ធ បញ្ញាវ័ន្ត នៅ​បារាំង នៅ​អាមេរិក ជា​ច្រើន​សិប​នាក់ នាំ​គ្នា​ស្រែក​អំពាវនាវ​ជា​សាធារណៈ សុំ​ឱ្យ​អាជ្ញាធរ​ចិន​ ដោះលែង​កវី​ លីវ ស្យ៉ា ភរិយា​មេមាយ​របស់ជ័យលាភី​ណូបែល​សន្តិភាព​​លោក លីវ ស៊ាវបូ។ លោកស្រី​ លីវ ស្យ៉ា Liu Xia មិន​ដែល​រង​​ការ​ចោទ​ប្រកាន់និងគ្មាន​ជាប់​ទោស​​អ្វី​ទាំង​អស់ ប៉ុន្តែ​ក្នុង​ស្ថានភាព​ជាក់​ស្តែង លោកស្រី​​កំពុងជាប់​ឃុំឃាំង​ក្នុង​គេ​ហដ្ឋាន​ តាំង​ពី​ជា​ង៨​ឆ្នាំ​មក។

លោកស្រី លីវ ស្យ៉ា ភរិយាមេមាយ​របស់​លោក​Liu Xiaobo។ រូប​ថត​កាលពី​ឆ្នាំ​២០០៩
លោកស្រី លីវ ស្យ៉ា ភរិយាមេមាយ​របស់​លោក​Liu Xiaobo។ រូប​ថត​កាលពី​ឆ្នាំ​២០០៩ REUTERS/David Gray/File Photo
ផ្សាយពាណិជ្ជកម្ម

ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​អង្គការ​ Pen Club និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​ Amnesty International ក្រុម​បញ្ញាវន្ត​ សិល្បករ អ្នកកវី អ្នក​​និពន្ធ ជាង​៨០​រូប មាន​ជាអាទិ៍ ជ័យ​លាភី​រង្វាន់​ណូបែល​អក្សរសិល្ប៍ឆ្នាំ​២០០៣ អ្នក​និពន្ធចិន​និរទេស​ខ្លួន​នៅអង់គ្លេស ... បាន​នាំ​គ្នា​បង្ហោះ​​វីដេអូ​​ តាម​ប្រព័ន្ធអ៊ីនធ័រនែត ​ស្មូត​កំណាព្យ​របស់​លោកស្រី លីវ ស្យ៉ា។

សម្រែក​ទាមទារ​សេរីភាព​របស់​លោកស្រី លីវ ស្យ៉ា លាន់​រន្ទឺគ្រប់​ជ្រុង​នៃភពផែនដី ! នេះ​ជា​​សាររបស់​ប្រធាន​សមាគម​អ្នក​និពន្ធ​អាមេរិក ដែល​មិន​ត្រឹម​តែ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ប៉េកាំង ដោះលែង​ភរិយា​មេមាយ​របស់​លីវ ស៊ាវបូ​ សរសេរ​ថា តែ​ថែម​ទាំង​បាន​ចំអក​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ថាលោកស្រី​មាន​សេរីភាព។ ​នៅ​ប្រទេស​បារាំង កាសែត​ឡឺម៉ុង បាន​ចុះ​ផ្សាយ​លិខិត​ចំហ​មួយ​របស់​ស្ត្រី​ជាង​៤០​នាក់​ ជា​ទស្សនវិទូ ជា​អតីត​ឥស្សរជន​នយោបាយ សរសេរ​ទៅ​កាន់​ប្រធានាធិបតី​ស៊ី ជីនពីង ឱ្យ​ដោះលែង​លោកស្រី​ លីវ ស្យ៉ា។

អាយុ ៥៧​ឆ្នាំ ជាអ្នក​តែ​កំណាព្យ លោកស្រី​លីវ ស្យ៉ា ជា​ភរិយា​របស់​លោក លីវ ស៊ាវបូ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១០ ដែល​ទើប​ទទួល​មរណភាព​​កាលពី​ឆ្នាំ​ទៅ នៅ​ក្នុង​ពន្ធនាគារ ដោយ​ជំងឺ​មហារីក។ កាល​នៅ​រស់ លោក លីវ ស៊ាវបូ ត្រូវ​បាន​តុលាការ​កាត់​ទោសនៅ​ឆ្នាំ​២០០៩ ​ឱ្យ​ជាប់ពន្ធនាគារ​១១​ឆ្នាំ​ ពី​បទ​ចង់​ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ធ្លាក់​ខ្លួន​មេមាយ ​លោកស្រី លីវ ស្យ៉ា ដែល​គ្មាន​ទោស​ពៃ​រ៍​និង​ការ​ចោទ​ប្រកាន់​អ្វី សោះ​នោះ ត្រូវបាន​ស្ថិត​នៅ​ក្រោម​ការត្រួត​ពិនិត្យ​​តាម​ដាន​ និង​បម្រាម​មិន​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​ ចំនួន​៨​ឆ្នាំ មក​ហើយ។

​បាត់​បង់​សេរីភាព និង​ជាប់ឃុំឃាំង​នៅ​ក្នុង​គេហដ្ឋាន ​លោកស្រី​​កំពុង​​ធ្លាក់​ខ្លួន​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​ត្រៀមបណ្តោយ​​ខ្លួន​ស្លាប់។ នេះ​បើ​មេធាវី​ចិន​ជា​មិត្ត​ជំនិត​របស់​លោក​ស្រី ដែល​រស់​នៅ​អាល្លឺម៉ង់។ ដោយ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​សុខភាព​ កាលពីថ្ងៃ​សុក្រ តំណាង​ទូត​បារាំង អង់គ្លេស អាល្លឺម៉ង់​និង​សហភាព​អឺរ៉ុប​បាន​នាំ​គ្នា​ទៅ​សួរ​សុខលោកស្រី​ដល់​ផ្ទះ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ចិន​បណ្តេញ​​មិន​ឱ្យ​ជួប។ អាជ្ញាធរ​ប៉េកាំង​បាន​ឆ្លើយ​តប​ជា​លើក​ទីមួយ​ សុំឱ្យ​អ្នក​ការទូត​បរទេស​កុំ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ចិន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ