អានតួអត្ថបទ

ប៉េកាំង​បដិសេធ​មិនបាន​ព្រមធ្វើ​សម្បទាន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក

ចិន​និ​ងអាមេរិក​បាន​និង​កំពុង​​បន្ត​កិច្ចចរចា​នឹង​គ្នាដ៏​លំបាក​លំបិន និង​មាន​ការ​ផ្តល់​​ព័ត៌មាន​ដ៏​ចម្រូងចម្រាស ម្នាក់​ថា​ ​ម្នាក់ទៀត​បដិសេធ។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​បានចេញ​មុខ ធ្វើការ​បដិសេធ នៅ​ថ្ងៃនេះ ព័ត៌មានរបស់​អាមេរិក​ដែល​ថា​ចិនបាន​ស្នើ​កាត់បន្ថយឧនភាព​ពាណិជ្ជកម្ម​ជាមួយអាមេរិក ២០០ពាន់លាន​ដុល្លារ ដើម្បី​បញ្ចៀសសង្រ្គាម​ពាណិជ្ជកម្ម។

ទង់ជាតិ​អាមេរិក​និង​ចិន
ទង់ជាតិ​អាមេរិក​និង​ចិន REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

​បើ​តាម​ប្រភព​ព័ត៌មាន​អាមេរិក New York Times និង​ភ្នាក់ងារហិរញ្ញវត្ថុ​​ Bloomberg ចេញ​ផ្សាយកាល​ពីថ្ងៃព្រហស្បតិ៍ ប៉េកាំងទំនង​ជា​​បាន​ព្រម​ធ្វើ​សម្បទានកាត់​បន្ថយសល់ផល​​ពាណិជ្ជកម្មរបស់​ខ្លួន​ ដើម្បី​បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម​តាម​ការ​ទាមទារ​របស់​អាមេរិក។ អាមេរិក​ចង់​បង្កើន​លំនឹង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ ដោយ​ ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន ចំនួន ២០០​លាន​ដុល្លារ​អាមេរិក នៅឆ្នាំ​២០២០។

សូម​បញ្ជាក់​ថា ជញ្ជីងពាណិជ្ជកម្ម​ចិន-អាមេរិក​ ​ផ្អៀង​ទៅ​ខាង​ចិន​ជា​និច្ច ដោយ​អាមេរិក​មាន​ឱនភាព​ចំនួន​ដល់​ទៅ ៣៧៥​ពាន់​លាន​ នៅ​ឆ្នាំ​២០១៧ និង​៩១​ពាន់​លាន​ដុល្លារ​ សម្រាប់​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០១៨។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក ដូណាល់ ត្រាំ បាន​ធ្វើការ​​បរិហារជា​ថ្មី នៅ​ថ្ងៃម្សិលមិញ​ទៀត ថា​ជា​ការផ្តោះប្តូរ​ពាណិជ្ជកម្ម​ដែល​មាន​តែ​ទៅ​ គ្មាន​មក​ ​និងថា​ ​មហាយក្ស​ចិន ​ប្រកាន់​យក​ពាណិជ្ជកម្ម​មិន​ស្រប​ច្បាប់។ សម្រាប់​លោក​ត្រាំ ចិនជា​ដៃគូ​ពាណិជ្ជកម្ម​​ទម្រើសជ្រុល​ពេក​ហើយ !

ប៉ុន្តែនៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ រដ្ឋមន្ត្រីក្រសួងការបរទេស​ចិន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បដិសេធ​ព័ត៌មាន​ខាង​លើ ដោយ​គូស​បញ្ជាក់​ថា កិច្ចពិភាក្សា​ចិន​-អាមេរិក​ មាន​លក្ខណៈ​ស្ថាបនាល្អ។ កិច្ចចរចាត្រូវ​​បន្ត​ធ្វើ​នៅថ្ងៃសុក្រ​នេះ​ទៀត។ អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ចិន ដែល​ជា​ជំនិត​របស់​លោក​ស៊ី ជិនពីង កំពុង​មាន​ជំនួប​ចរចា​ជាមួយ​តំណាង​អាមេរិក នៅ​ទីក្រុង​វ៉ាស៊ីនតោន និង​ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​ដូណាល់​ត្រាំផង។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន។ ចំណែក​​ព័ត៌មាន​លម្អិតនៃ​ជំនួប​ចរចា​រវាង​លោក​ត្រាំ និងរដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ជាមួយ​​ឧបនាយក​រដ្ឋមន្ត្រី​ចិន នៅ​សេតវិមាន មិន​ត្រូវ​ទម្លាយ​ឱ្យ​ដឹង​សោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ