អានតួអត្ថបទ

ទី​​ភ្នាក់​​ងារ​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​ម៉ា​ឡេ​ស៊ី​​កោះ​​ហៅ​​ អតីត​​នាយក​​រដ្ឋ​​មន្រ្តី​​ ណាជីប​​ រ៉ាហ្សាក់

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ម៉ាឡេស៊ី​បាន​រាយការណ៍​ថា​ អតីត​មេ​ដឹក​នាំ​លោក​ ណាជីប​ រ៉ាហ្សាក់ ​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​បង្ហាញ​ខ្លួន​ នៅ​ចំពោះ​មុខ​ អាជ្ញាធរ​ប្រឆាំង​អំពើ​ពុក​រលួយ ​នៅ​សប្តាហ៍​ក្រោយ​។ ការ​កោះ​ហៅ​នេះ​ ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​អំពី​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ​នៅ​ពេល​លោក​នៅ​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​។

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកណាជីប រ៉ាហ្សាក់
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកណាជីប រ៉ាហ្សាក់ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ប្រឆាំង​អំពើ​ពុក​រលួយ​ម៉ាឡេស៊ី​ បាន​កោះ​ហៅ​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ ណាជីប​ រ៉ាហ្សាក់​ ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ ទាក់​ទង​នឹង​រឿង​អាស្រូវ​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​ប៉ូលីស​បាន​ឆែក​ឆែរ​រក​ឃើញ​លុយ​ ព្រម​ទាំង​គ្រឿង​អលង្ការ​មាន​តម្លៃ​ជា​ច្រើន​ នៅក្នុង​ផ្ទះ​របស់​លោក កាល​ពី​រំលង​អធ្រាត​ថ្ងៃ​ពុធ​ សប្តាហ៍​នេះ​។ លោក​ណាជីប​ នឹង​ត្រូវ​ឆ្លើយ​សំណួរ ​ដែល​ផ្តោត​លើ​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​ ទាក់​ទិន​នឹង​ ការ​លួច​លុយ​រដ្ឋ​ប្រមាណ​ជា ៧០០លាន​ដុល្លារ​អាមេរិក​។

គួរ​ជម្រាប​ថា​ លោក​ ណាជីប បាន​បរាជ័យ​ក្នុង​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​ ៩ ​ខែ​ឧសភា​ ហើយ​សម្ព័ន្ធ​គណបក្ស​ប្រឆាំង​ ដែល​មាន​និន្នាការ​នយោបាយ​មុត​មាំ​ ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នា​អាណត្តិ​នេះ​។

បន្ទាប់​ពី​ លោក​ណាជីប​ បាត់​បង់​អំណាច​ លោក​ម៉ាហាធា ម៉ូហាម៉េដ ដែល​ជា​នាយករដ្ឋមន្រ្តី​ថ្មី​ បាន​ស្នើ​ឲ្យ​ប៉ូលីស​ បើក​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​អំពើ​ពុក​រលួយ​ប្រព្រឹត្ត​ដោយ​លោក​ណាជីប ​និង​បក្សពួក​ ដើម្បី​រឹប​អូស​យក ​លុយ​ពុករលួយ​រាប់លាន​ដុល្លារ ​ត្រឡប់​មក​វិញ​។ មួយ​វិញ​ទៀត​ ដោយ​សារ​ជាប់​ពាក់ព័ន្ឋ​នឹង​ការ​លួច​ថវិការ​ជាតិ ​នេះ​ លោក​ណាជីប​ ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី​ ដាក់​បម្រាម​មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​ឡើយ​។

គួរ​រំឭក​ថា​ រឿង​អាស្រូវ​ពុក​រលួយ​ របស់​លោក​ណាជីប​ បាន​ផ្ទុះ​ឡើង​តាំង​ពី​ឆ្នាំ២០១៥ មក​ម្ល៉េះ ប៉ុន្តែ​មិន​មាន​ចំណាត់​ការ​ក្តៅ​ណា​មួយ​ប្រឆាំង​លើ​រូប​លោក​ដូច​ពេល​នេះ​ឡើយ ​នៅ​ពេល​ដែល​រូប​លោក​នៅ​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ