អាមេរិក-កូរ៉េខាងជើង៖បើគ្មានជំនួបរវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន តើវាជាកំហុសរបស់អ្នកណា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤៤
ជំនួបកំពូលរវាងលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនគ្រោងនឹងរៀបចំនៅថ្ងៃទី១២ មិថុនាក្នុងប្រទេសសិង្ហបុរី។ តែនៅក្នុងជំនួបជាមួយសមភាគីកូរ៉េខាងត្បូងលោកមូន ចៃអ៊ីននៅសេតវិមាននាថ្ងៃអង្គារ ទី២២ ឧសភា លោកត្រាំបានបញ្ជាក់ដោយទទួលស្គាល់ថា ជំនួបនៅថ្ងៃទី១២ មិថុនាអាចនឹងលើកទៅធ្វើនៅថ្ងៃក្រោយវិញ។ ទន្ទឹមគ្នានេះ លោកត្រាំក៏បានកត់សម្គាល់ឃើញពីឥរិយាបទប្រែប្រួលរបស់លោកគីម ក្រោយពីមនុស្សខ្លាំងកូរ៉េខាងជើងរូបនេះបានទៅជួបលោកប្រធានាធិបតីចិនស៊ី ជីនពីងជាលើកទី២។
នេះជាលើកទី១ ដែលលោកដូណាល់ ត្រាំបានប្រកាសសារភាពទទួលស្គាល់ជាសាធារណៈថា ជំនួបរវាងលោក និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនដែលគ្រោងរៀបចំនៅថ្ងៃទី១២ មិថុនាក្នុងប្រទេសសិង្ហបុរីអាចនឹងលើកទៅធ្វើនៅថ្ងៃក្រោយវិញ។ គួររម្លឹកជូនថា លោកត្រាំជាអ្នកប្រញិបប្រញាប់សម្រេចចិត្តកាលពីថ្ងៃទី៨ មីនាយល់ព្រមតាមសំណើសុំជួបរបស់លោកគីម ជុងអ៊ុន ហើយលោកត្រាំខ្លួនក៏បានប្រកាសឲ្យដឹងក្នុងថ្ងៃទី១០ ឧសភាពីថ្ងៃជួបលោកគីមនៅថ្ងៃទី១២ មិថុនា។ ឥឡូវនេះទៀត លោកត្រាំថែមទាំងប្រាប់ឲ្យដឹងពីការលើកថ្ងៃជំនួបជាយថាហេតុ។ ចំណែកនៅខាងកូរ៉េខាងជើង គេមិនដែលបានឮពាក្យអ្វី សូម្បីតែមួយម៉ាត់ក៏គ្មានដែរពីលោកគីម ជុងអ៊ុន។
នៅក្នុងកិច្ចសន្ទនាជាមួយសមភាគីកូរ៉េខាងត្បូងលោកមូន ចៃអ៊ីន លោកត្រាំបានផ្តោតសំខាន់តែរឿងមួយនេះ តែលោកមូន ចៃអ៊ីនហាក់នៅមានសុទិដ្ឋិនិយមជាងលោកត្រាំ។ ប្រមុខរដ្ឋកូរ៉េខាងត្បូងនៅតែសង្ឃឹមថា ជំនួបកំពូលត្រាំ និងគីមនៅតែមាន ហើយនឹងទទួលបានលទ្ធផលល្អដូចដែលគ្រប់គ្នាសង្ឃឹមទុក។ រីឯលោកត្រាំបានបន្តរម្លឹកពីជំនឿស៊ុបរបស់លោកចំពោះលោកគីម ព្រមទាំងសរសើរលោកគីមថាជាមនុស្សនិយាយហ្មត់ចត់ទាក់ទងនឹងការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ តែស្របគ្នានេះ លោកត្រាំក៏បានទទួលស្គាល់ថា អាមេរិកបានដាក់លក្ខខណ្ឌតឹងតែងមួយចំនួនលើកូរ៉េខាងជើង នៅមុនថ្ងៃជំនួប។
លោកត្រាំថា បើអាមេរិកមិនអាចទទួលបានអ្វីមុន ដូចដែលខ្លួនចង់បានទេ នោះនឹងគ្មានជំនួបឡើយ។ លក្ខខណ្ឌដែលអាមេរិកចង់បាន គឺការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង « ទាំងស្រុង » « ពិតប្រាកដ » និង « គ្មានត្រឡប់វិញ »។ តែក្រុងព្យុងយ៉ាងដែលបានបញ្ជាក់ពីឆន្ទៈចង់បានឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរមិនបានយល់ឃើញដូចការលើកឡើងរបស់អាមេរិកទេ ហើយក៏មិនដែលបានបង្ហាញផែនការអ្វីឲ្យបានច្បាស់លាស់ដែរ។ គឺលក្ខខណ្ឌ និងភាពស្រពិចស្រពលទាំងអស់នេះហើយដែលលោកត្រាំមានមន្ទិលសង្ស័យថា ជំនួបរវាងលោក និងលោកគីមអាចនឹងលើកពេលទៅថ្ងៃក្រោយ ដោយមិនដឹងនៅពេលណា។
អាមេរិក និងកូរ៉េខាងជើងនៅបន្តមិនទុកចិត្តគ្នា
បើគម្រោងជំនួបកំពូលរវាងលោកត្រាំ និងលោកគីមនៅថ្ងៃទី១២ មិថុនាត្រូវបានលើកពេល ឬមួយក៏អាចនឹងគ្មានជំនួប គឺជាកំហុសរបស់លោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន។ តែមានការលើកឡើងថា លោកត្រាំហាក់បានដើរខ្សែលើជាមួយលោកគីមដោយបន្តប្រើធម៌ក្តៅផង និងធម៌ត្រជាក់ផង។ ចូរកុំភ្លេចថាទន្ទឹមនឹងបបោសអង្អែលលោកគីម ជុងអ៊ុន លោកត្រាំ រួមទាំងរដ្ឋបាលរបស់លោកក៏បន្តខោកក្បាលលោកគីមដែរ។ អ្វីដែលអាមេរិកចង់ឲ្យកូរ៉េខាងជើងធ្វើមុន គឺការរំសាយនុយក្លេអ៊ែរ « ទាំងស្រុង » « ពិតប្រាកដ » និង « គ្មានត្រឡប់វិញ »។ ចំណែកក្រុងព្យុងយ៉ាងមិនត្រឹមតែមិនបានដាក់លក្ខខណ្ឌអ្វីទេ តែថែមទាំងបានបន្តធ្វើសម្បទានជាហូរហែដោយផ្តើមពីការសន្យាមិនធ្វើការសាកល្បងនុយក្លេអ៊ែរ និងមិនបាញ់គ្រាប់មីស៊ីលបាលីស្ទិក សុទ្ធចិត្តដោះលែងអ្នកទោសអាមេរិក ៣នាក់ឲ្យមានសេរីភាពវិញ ហើយឥឡូវនេះទៀត កំពុងត្រៀមកម្ទេចទីតាំងសាកល្បងនុយក្លេអ៊ែរក្រោមដីរបស់ខ្លួន។
គឺទើបតែនៅថ្ងៃទី១៤ ឧសភាថ្មីៗនេះទេដែលកូរ៉េខាងជើងតាមរយៈលោកអនុរដ្ឋមន្រ្តីការបរទេសគីម យេវ៉ានក្តៅក្រហាយនឹងសម្តីរបស់ទីប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំ គឺលោកចន បុលតុនដែលបាននិយាយថា ចង់យកគំរូនៃការផ្តួលរំលំរបបកាដាហ្វ៊ីក្នុងប្រទេសលីប៊ីឆ្នាំ ២០០៣ ទៅអនុវត្តន៍នៅកូរ៉េខាងជើង។ លោកគីម យេវ៉ានបាននិយាយព្រមានតបវិញថា បើអាមេរិកនៅបន្តទាមទារតែឯងឲ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរ វាគ្មានផលប្រយោជន៍អ្វីដែលអាមេរិក និងកូរ៉េខាងជើងត្រូវជួបជជែកគ្នាទេ។ តែសម្តី និងរូបមន្តលើកឡើងដោយលោកចន បុលតុនត្រូវបានលោកត្រាំចេញមុខធានាអះអាងថា វាសនារបស់កូរ៉េខាងជើងនឹងមិនដូចប្រទេសលីប៊ី ហើយវាសនារបស់គីម ជុងអ៊ុនក៏មិនដូចកាដាហ្វីដែរ។
លោកដូណាល់ ត្រាំទម្លាក់កំហុសដាក់លោកស៊ី ជីនពីង
ការដែលលោកត្រាំបានលើកឈ្មោះលោកប្រធានាធិបតីចិនស៊ី ជីនពីងទៅនិយាយនៅក្នុងកិច្ចសន្ទនាជាមួយសមភាគីកូរ៉េខាងត្បូងលោកមូន ចៃអ៊ីន មកពីលោកត្រាំបានកត់សម្គាល់ឃើញឥរិយាបទរបស់លោកគីម ជុងអ៊ុនមានការប្រែប្រួល បន្ទាប់ពីមនុស្សខ្លាំងកូរ៉េខាងជើងរូបនេះបានទៅជួបលោកស៊ី ជីនពីងជាលើកទី២ រយៈពេល ២ថ្ងៃកាលពីថ្ងៃទី៨ ឧសភា។ ពិតណាស់ថា គេមិនដឹងពីខ្លឹមសារនៃជំនួបរវាងលោកគីម និងលោកស៊ីទេ តែលោកត្រាំមានការសង្ស័យថា ប្រហែលជាលោកស៊ីចាក់រុកលោកគីមស្អីហើយបានជាលោកគីមធ្វើឫកពារខុសប្លែកពីធម្មតា។
គួររម្លឹកជូនថា គិតតាំងពីដើមឆ្នាំ ២០១៨ នេះ លោកគីម ជុងអ៊ុនបានទៅជួបលោកស៊ី ជីនពីងដល់ទៅ ២ដង។ លោកត្រាំថា លោកមិនចោទលោកស៊ីទេ តែលោកហាក់មានការតូចចិត្តចំពោះកាយវិកាយរបស់លោកស៊ី។ « ខ្ញុំគួរនិយាយថា ខ្ញុំដូចជាតូចចិតបន្តិច ព្រោះពេលដែលលោកគីម ជុងអ៊ុនបានជួបលោកស៊ី លោកគីម ជុងអ៊ុនបានផ្លាស់ប្តូរឥរិយាបទ។ ខ្ញុំមិនពេញចិត្តរឿងនេះសោះ ខ្ញុំមិនចូលចិត្តរឿងនេះទេ ខ្ញុំមិនពេញចិត្តនឹងអន្តរាគមន៍របស់ចិនឡើយ។ តែខ្ញុំសង្ឃឹមថា ចិនមិនបានធ្វើរឿងទាំងនេះទេ ព្រោះខ្ញុំមានទំនាក់ទំនងល្អជាមួយលោកប្រធានាធិបតីស៊ី។ គាត់ជាមិត្តរបស់ខ្ញុំ ខ្ញុំសរសើរគាត់ គាត់ក៏សរសើរខ្ញុំ។
ឥរិយាបទរបស់លោកគីម ជុងអ៊ុនបានផ្លាស់ប្តូរ ក្រោយពីទស្សនកិច្ចលើកទី២ របស់គាត់នៅចិន។ លោកស៊ីជាអ្នកលេងអុកថ្នាក់អន្តរជាតិ។ អាចនឹងគ្មានអ្វីកើតឡើង ហើយខ្ញុំក៏មិនចោទនរណាម្នាក់ដែរ តែកូរ៉េខាងជើងបានប្តូរឫកពារនៅក្រោយជំនួបនោះ។ អ៊ីចឹងខ្ញុំអាចនិយាយថា ខ្ញុំមិនសប្បាយចិត្តរឿងនេះទេ »។
នៅមិនទាន់មានការឆ្លើយតបយ៉ាងណាពីលោកស៊ី ជីនពីងទេ តែលោកត្រាំបានដឹងច្បាស់ថា ចិនដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើងគ្មានជម្រើសអ្វីក្រៅពីចេញមុខការពារទេ។ ទោះបីលោកគីម ជុងអ៊ុនមិនស្តាប់លោកស៊ី ជីនពីងទាំងស្រុងក៏ដោយក៏យ៉ាងណាស់ លោកគីមត្រូវការពិគ្រោះយោបល់ និងស្តាប់ការណែនាំមួយចំនួនពីបងធំស៊ីដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ