ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/09 12h00 GMT

អាមេរិក-កូរ៉េខាងជើង៖​បើ​គ្មាន​ជំនួប​រវាង​លោកដូណាល់ ត្រាំ និងលោក​គីម ជុងអ៊ុន តើ​វា​ជា​កំហុស​របស់​អ្នក​ណា?

អាមេរិក-កូរ៉េខាងជើង៖​បើ​គ្មាន​ជំនួប​រវាង​លោកដូណាល់ ត្រាំ និងលោក​គីម ជុងអ៊ុន តើ​វា​ជា​កំហុស​របស់​អ្នក​ណា?
 
លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន និង​សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ​នៅ​សេតវិមាន ថ្ងៃទី២២ ឧសភា ២០១៨ REUTERS/Kevin Lamarque

ជំនួបកំពូល​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃទី១២ មិថុនា​ក្នុង​ប្រទេស​សិង្ហបុរី។ តែ​នៅ​ក្នុង​ជំនួប​ជាមួយ​សមភាគី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន​នៅ​សេតវិមាន​នា​ថ្ងៃ​អង្គារ ទី២២ ឧសភា លោក​ត្រាំ​បាន​បញ្ជាក់​ដោយ​ទទួល​ស្គាល់​ថា ជំនួប​នៅ​ថ្ងៃទី១២ មិថុនា​អាច​នឹង​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​ក្រោយ​វិញ។

ទន្ទឹម​គ្នា​នេះ លោក​ត្រាំ​ក៏​បាន​កត់សម្គាល់​ឃើញ​ពី​ឥរិយាបទ​ប្រែប្រួល​របស់​លោក​គីម ក្រោយ​ពី​មនុស្ស​ខ្លាំង​កូរ៉េខាងជើង​រូប​នេះ​បាន​ទៅ​ជួប​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ជា​លើក​ទី២។

នេះ​ជា​លើកទី១ ដែល​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​សារភាព​ទទួល​ស្គាល់​ជា​សាធារណៈ​ថា ជំនួប​រវាង​លោក និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី១២ មិថុនា​ក្នុង​ប្រទេស​សិង្ហបុរី​អាច​នឹង​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​ក្រោយ​វិញ។ គួរ​រម្លឹក​ជូន​ថា លោក​ត្រាំ​ជា​អ្នក​ប្រញិបប្រញាប់​សម្រេចចិត្ត​កាល​ពី​ថ្ងៃទី៨ មីនា​យល់ព្រម​តាម​សំណើ​សុំជួប​របស់​លោក​គីម ជុងអ៊ុន ហើយ​លោក​ត្រាំ​ខ្លួន​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​ថ្ងៃទី១០ ឧសភា​ពី​ថ្ងៃ​ជួប​លោក​គីម​នៅ​ថ្ងៃទី១២ មិថុនា។ ឥឡូវ​នេះ​ទៀត លោក​ត្រាំ​ថែម​ទាំង​ប្រាប់​ឲ្យ​ដឹង​ពី​ការ​លើក​ថ្ងៃ​ជំនួប​ជា​យថាហេតុ។ ចំណែក​នៅ​ខាង​កូរ៉េខាងជើង គេ​មិន​ដែល​បាន​ឮ​ពាក្យ​អ្វី សូម្បី​តែ​មួយ​ម៉ាត់​ក៏​គ្មាន​ដែរ​ពី​លោក​គីម ជុងអ៊ុន។

នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​សមភាគី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន លោក​ត្រាំ​បាន​ផ្តោត​សំខាន់​តែ​រឿង​មួយ​នេះ តែ​លោក​មូន ចៃអ៊ីន​ហាក់​នៅ​មាន​សុទិដ្ឋិនិយម​ជាង​លោក​ត្រាំ។ ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​នៅ​តែ​សង្ឃឹម​ថា ជំនួបកំពូល​ត្រាំ និង​គីម​នៅ​តែ​មាន ហើយ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ដូច​ដែល​គ្រប់​គ្នា​សង្ឃឹម​ទុក។ រីឯ​លោក​ត្រាំ​បាន​បន្ត​រម្លឹក​ពី​ជំនឿស៊ុប​របស់​លោក​ចំពោះ​លោក​គីម ព្រម​ទាំង​សរសើរ​លោក​គីម​ថា​ជា​មនុស្ស​និយាយ​ហ្មត់ចត់​ទាក់ទង​នឹង​ការ​រំសាយនុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។ តែ​ស្រប​គ្នា​នេះ លោក​ត្រាំ​ក៏​បាន​ទទួល​ស្គាល់​ថា អាមេរិក​បាន​ដាក់​លក្ខខណ្ឌ​តឹងតែង​មួយ​ចំនួន​លើ​កូរ៉េខាងជើង នៅ​មុន​ថ្ងៃ​ជំនួប។

លោក​ត្រាំ​ថា បើ​អាមេរិក​មិន​អាច​ទទួល​បាន​អ្វី​មុន ដូច​ដែល​ខ្លួន​ចង់​បាន​ទេ នោះ​នឹង​គ្មាន​ជំនួប​ឡើយ។ លក្ខខណ្ឌ​ដែល​អាមេរិក​ចង់​បាន គឺ​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង « ទាំងស្រុង » « ពិតប្រាកដ » និង « គ្មាន​ត្រឡប់វិញ »។ តែ​ក្រុង​ព្យុងយ៉ាង​ដែល​បាន​បញ្ជាក់​ពី​ឆន្ទៈ​ចង់​បាន​ឧបទ្វីប​កូរ៉េ​គ្មាន​នុយក្លេអ៊ែរ​មិន​បាន​យល់​ឃើញ​ដូច​ការ​លើក​ឡើង​របស់​អាមេរិក​ទេ ហើយ​ក៏​មិន​​ដែល​បាន​បង្ហាញ​ផែនការ​អ្វី​ឲ្យ​បាន​ច្បាស់លាស់​ដែរ។ គឺ​លក្ខខណ្ឌ និង​ភាព​ស្រពិចស្រពល​ទាំង​អស់​នេះ​ហើយ​ដែល​លោក​ត្រាំ​មាន​មន្ទិលសង្ស័យ​ថា ជំនួប​រវាង​លោក និង​លោក​គីម​អាច​នឹង​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ ដោយ​មិន​ដឹង​នៅ​ពេល​ណា។

អាមេរិក និង​កូរ៉េខាងជើង​នៅ​បន្ត​មិន​ទុកចិត្ត​គ្នា

បើ​គម្រោង​ជំនួបកំពូល​រវាង​លោក​ត្រាំ និង​លោក​គីម​នៅ​ថ្ងៃទី១២ មិថុនា​ត្រូវ​បាន​លើក​ពេល ឬ​មួយ​ក៏​អាច​នឹង​គ្មាន​ជំនួប គឺ​ជា​កំហុស​របស់​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន។ តែ​មាន​ការ​លើក​ឡើង​ថា លោក​ត្រាំ​ហាក់​បាន​ដើរ​ខ្សែ​លើ​ជាមួយ​លោក​គីម​ដោយ​បន្ត​ប្រើ​ធម៌ក្តៅ​ផង និង​ធម៌ត្រជាក់​ផង។ ចូរ​កុំ​ភ្លេច​ថា​ទន្ទឹម​នឹង​បបោសអង្អែល​លោក​គីម ជុងអ៊ុន លោក​ត្រាំ រួម​ទាំង​រដ្ឋបាល​របស់​លោក​ក៏​បន្ត​ខោកក្បាល​លោក​គីម​ដែរ។ អ្វី​ដែល​អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង​ធ្វើ​មុន គឺ​ការ​រំសាយ​នុយក្លេអ៊ែរ « ទាំងស្រុង » « ពិតប្រាកដ » និង « គ្មាន​ត្រឡប់វិញ »។ ចំណែក​ក្រុង​ព្យុងយ៉ាង​មិន​ត្រឹមតែ​មិន​បាន​ដាក់​លក្ខខណ្ឌ​អ្វី​ទេ តែ​ថែម​ទាំង​បាន​បន្ត​ធ្វើ​សម្បទាន​ជា​ហូរហែ​ដោយ​ផ្តើម​ពី​ការ​សន្យា​មិន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​មិន​បាញ់​គ្រាប់មីស៊ីល​បាលីស្ទិក សុទ្ធចិត្ត​ដោះលែង​អ្នកទោស​អាមេរិក ៣នាក់​ឲ្យ​មាន​សេរីភាព​វិញ ហើយ​ឥឡូវ​នេះ​ទៀត កំពុង​ត្រៀម​កម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ក្រោមដី​របស់​ខ្លួន។

គឺ​ទើប​តែ​នៅ​ថ្ងៃទី១៤ ឧសភា​ថ្មីៗ​នេះ​ទេ​ដែល​កូរ៉េខាងជើង​តាម​រយៈ​លោក​អនុរដ្ឋមន្រ្តី​ការបរទេស​គីម យេវ៉ាន​ក្តៅក្រហាយ​នឹង​សម្តី​របស់​ទីប្រឹក្សាសន្តិសុខជាតិ​របស់​លោក​ត្រាំ គឺ​លោក​ចន បុលតុន​ដែល​បាន​និយាយ​ថា ចង់​យក​គំរូ​នៃ​ការ​ផ្តួលរំលំ​របប​កាដាហ្វ៊ី​ក្នុង​ប្រទេស​លីប៊ី​ឆ្នាំ ២០០៣ ទៅ​អនុវត្តន៍​នៅ​កូរ៉េខាងជើង។ លោក​គីម យេវ៉ាន​បាន​និយាយ​ព្រមាន​តប​វិញ​ថា បើ​អាមេរិក​នៅ​បន្ត​ទាមទារ​តែ​ឯង​ឲ្យ​កូរ៉េខាងជើង​បោះបង់​ចោល​អាវុធនុយក្លេអ៊ែរ វា​គ្មាន​ផលប្រយោជន៍​អ្វី​ដែល​អាមេរិក និង​កូរ៉េខាងជើង​ត្រូវ​ជួប​ជជែក​គ្នា​ទេ។ តែ​សម្តី និង​រូបមន្ត​លើក​ឡើង​ដោយ​លោក​ចន បុលតុន​ត្រូវ​បាន​លោក​ត្រាំ​ចេញ​មុខ​ធានា​អះអាង​ថា វាសនា​របស់​កូរ៉េខាងជើង​នឹង​មិន​ដូច​ប្រទេស​លីប៊ី ហើយ​វាសនា​របស់​គីម ជុងអ៊ុន​ក៏​មិន​ដូច​កាដាហ្វី​ដែរ។

លោក​ដូណាល់ ត្រាំ​ទម្លាក់​កំហុស​ដាក់​លោក​ស៊ី ជីនពីង

ការ​ដែល​លោក​ត្រាំ​បាន​លើក​ឈ្មោះ​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ទៅ​និយាយ​នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​សមភាគី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន មក​ពី​លោក​ត្រាំ​បាន​កត់សម្គាល់​ឃើញ​ឥរិយាបទ​របស់​លោក​គីម ជុងអ៊ុន​មាន​ការ​ប្រែប្រួល បន្ទាប់​ពី​មនុស្សខ្លាំង​កូរ៉េខាងជើង​រូប​នេះ​បាន​ទៅ​ជួប​លោក​ស៊ី ជីនពីង​ជា​លើកទី២ រយៈពេល ២ថ្ងៃ​កាល​ពី​ថ្ងៃទី៨ ឧសភា។ ពិត​ណាស់​ថា គេ​មិន​ដឹង​ពី​ខ្លឹមសារ​នៃ​ជំនួប​រវាង​លោក​គីម និង​លោក​ស៊ី​ទេ តែ​លោក​ត្រាំ​មាន​ការ​សង្ស័យ​ថា ប្រហែល​ជា​លោក​ស៊ី​ចាក់រុក​លោក​គីម​ស្អី​ហើយ​បាន​ជា​លោក​គីម​ធ្វើ​ឫកពារ​ខុស​ប្លែក​ពី​ធម្មតា។

គួរ​រម្លឹក​ជូន​ថា គិត​តាំង​ពី​ដើម​ឆ្នាំ ២០១៨ នេះ លោក​គីម ជុងអ៊ុន​បាន​ទៅ​ជួប​លោក​ស៊ី ជីនពីង​ដល់​ទៅ ២ដង។ លោក​ត្រាំ​ថា លោក​មិន​ចោទ​លោក​ស៊ី​ទេ តែ​លោក​ហាក់​មាន​ការ​តូចចិត្ត​ចំពោះ​កាយវិកាយ​របស់​លោក​ស៊ី។ « ខ្ញុំ​គួរ​និយាយ​ថា ខ្ញុំ​ដូច​ជា​តូចចិត​បន្តិច ព្រោះ​ពេល​ដែល​លោក​គីម ជុងអ៊ុន​បាន​ជួប​លោក​ស៊ី លោក​គីម ជុងអ៊ុន​បាន​ផ្លាស់ប្តូរ​ឥរិយាបទ។ ខ្ញុំ​មិន​ពេញចិត្ត​រឿង​នេះ​សោះ ខ្ញុំ​មិនចូលចិត្ត​រឿង​នេះ​ទេ ខ្ញុំ​មិន​ពេញចិត្ត​នឹង​អន្តរាគមន៍​របស់​ចិន​ឡើយ។ តែ​ខ្ញុំ​សង្ឃឹម​ថា ចិន​មិន​បាន​ធ្វើ​រឿង​ទាំង​នេះ​ទេ ព្រោះ​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក​ប្រធានាធិបតី​ស៊ី។ គាត់​ជា​មិត្ត​របស់​ខ្ញុំ ខ្ញុំ​សរសើរ​គាត់ គាត់​ក៏​សរសើរ​ខ្ញុំ។

ឥរិយាបទ​របស់​លោក​គីម ជុងអ៊ុន​បាន​ផ្លាស់ប្តូរ ក្រោយ​ពី​ទស្សនកិច្ច​លើកទី២ របស់​គាត់​នៅ​ចិន។ លោក​ស៊ី​ជា​អ្នកលេង​អុក​ថ្នាក់អន្តរជាតិ។ អាច​នឹង​គ្មាន​អ្វី​កើត​ឡើង ហើយ​ខ្ញុំ​ក៏​មិន​ចោទ​នរណា​ម្នាក់​ដែរ តែ​កូរ៉េខាងជើង​បាន​ប្តូរ​ឫកពារ​នៅ​ក្រោយ​ជំនួប​នោះ។ អ៊ីចឹង​ខ្ញុំ​អាច​និយាយ​ថា ខ្ញុំ​មិន​សប្បាយចិត្ត​រឿង​នេះ​ទេ »។

នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​លោក​ស៊ី ជីនពីង​ទេ តែ​លោក​ត្រាំ​បាន​ដឹង​ច្បាស់​ថា ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ចេញ​មុខ​ការពារ​ទេ។ ទោះ​បី​លោក​គីម ជុងអ៊ុន​មិន​ស្តាប់​លោក​ស៊ី ជីនពីង​ទាំង​ស្រុង​ក៏​ដោយ​ក៏​យ៉ាង​ណាស់ លោក​គីម​ត្រូវ​ការ​ពិគ្រោះ​យោបល់ និង​ស្តាប់​ការ​ណែនាំ​មួយ​ចំនួន​ពី​បងធំ​ស៊ី​ដែរ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ព្យុងយ៉ាង​គំរាម​លុប​ចោល​ជំនួប រវាង​លោក ត្រាំ និង គីម ជុងអ៊ុន

    ស្វែងយល់បន្ថែម

  • អាមេរិក​សន្យា​ផ្តល់​ភាពរុងរឿង​ដល់​កូរ៉េ​ខាងជើង ក្នុង​ករណី​រំសាយ​នុយក្លេអ៊ែរ

    ស្វែងយល់បន្ថែម

  • អាមេរិក-កូរ៉េខាងជើង

    លោក Donald Trump បាន​ជូនដំណឹង​​ថា កូរ៉េ​ខាង​​ជើង​បាន​ដោះលែងពលរដ្ឋ​អាមរិកទាំង៣​នាក់នោះហើយ

    ស្វែងយល់បន្ថែម

  • កូរ់េខាងជើង

    រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​​ទៅ​​កូរ៉េខាង​ជើង​ ដើម្បី​រៀបចំ​ជំនួប ​រវាង​លោក​ដូណាល់ ត្រាំ ​និង​គីម ជុងអ៊ុន​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ