អានតួអត្ថបទ
ម៉ាឡេស៊ី-ពុករលួយ

ប៉ូលីស​ម៉ាឡេស៊ី​ រិបអូស​​​លុយ​ជិត​៣០​​លាន​ដុល្លារ​​នៅ​​គេហដ្ឋាន​របស់អតីត​​នាករដ្ឋមន្ត្រី​​ម៉ាឡេស៊ី​​

នៅ​ម៉ាឡេស៊ី ប៉ូលីស​បាន​ជូនដំណឹង​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ន​ថា​ខ្លួន​រិបអូស​បាន​លុយ​ចំនួន​ជិត ៣០​លាន​ដុល្លារ​និង​​កាបូប​យួរដៃ​ចំនួន​ជាង ៤០០​នៅ​​អំឡុង​បើក​ប្រតិបត្តិការ​ឆែកឆរ​នៅ​​លំនៅដ្ឋាន​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razac​ដែល​ជាប់​សង្ស័យ​​នៅ​ក្នុង​សំណុំរឿង​អាស្រូវ​ដ៏​ធំ​សម្បើម​មួយពាក់ព័ន្ធ​នឹង​ការ​កេង​បន្លំ​លុយ​រដ្ឋ។​

អតីត​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​​លោក Najib Razak បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ទៅ​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ពុករលួយ​ម៉ាឡេស៊ី​​នៅ​ Putrajaya ​​ថ្ងៃ​ទី​ ២២​ ឧសភា​ឆ្នាំ​ ២០១៨។​
អតីត​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​​លោក Najib Razak បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ទៅ​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ពុករលួយ​ម៉ាឡេស៊ី​​នៅ​ Putrajaya ​​ថ្ងៃ​ទី​ ២២​ ឧសភា​ឆ្នាំ​ ២០១៨។​ REUTERS/Lai Seng Sin
ផ្សាយពាណិជ្ជកម្ម

លុយ កាបូប​យួរ​ដៃ​ម៉ាក​ធំៗ​ក៏​ព្រម​ទាំង​នាឡិកាដៃ​និង​គ្រឿង​អលង្ការ​ទាំង​អស់​នេះ​ហើយ​ដែល​ប៉ូលីស​ម៉ាឡេស៊ី បាន​ឆែកឆេរ​និង​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​លែ្វង​ដ៏​ឆើត​ឆាយ​២​កន្លែង​នៅ​ក្នុង​ទីក្រុង Kuala Lumpur។​

គួរបញ្ជាក់ថា ចាប់តាំង​ពី​ថ្ងៃ​ទី​១៨​ឧសភា​មក ​ប៉ូលីស​ម៉ាឡេស៊ី បាន​បើក​ប្រតិបត្តិការ​ឆែក​ឆេរ​​នៅ​ក្នុង​ផ្ទះល្វែង​ជា​ច្រើន​កន្លែង​ដែល​ក្នុង​នោះក៏​មានទាំង​និវេសន៍ដ្ឋាន​របស់​លោក​ Najib Razak អតីតនាយរដ្ឋមន្ត្រី​ម៉ាឡេស៊ី​​ក៏ព្រមទាំង​លំនៅឋាន​របស់​កូន​គាត់​ចំនួន​ពីរ​នាក់​ផង។ ប្រតិបត្តិការ​ឆែកឆេរ​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​មិន​យូរ​ប៉ុន្មាន​ឡើយ​បន្ទាប់ពី​បក្ស​សម្ព័ន្ធ​របស់​លោក​​ត្រូវបាន​​ទទួល​បរាជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ទី​៩​ឧសភា​កន្លង​ទៅនេះ​។

មួយវិញទៀត នៅ​ក្នុង​ផ្ទះ​ល្វែង​មួយ​ខ្នង​ដែល​ពុំ​មែន​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​លោក Najib Razak  ប៉ូលីសម៉ាឡេស៊ី​ ក៏​បាន​រក​ឃើញ​ដែរ​នូវ​ស្បោង​ដែល​មាន​សុទ្ធ​តែ​លុយ​យ៉ាង​ពេញ​ណែន​​ចំនួន​៣៥​ស្បោង​ក្នុង​នោះ ​ស្បោង​ចំនួន ២៦ មាន​សុទ្ធ​តែ​រូបិយប័ណ្ឌ​ផ្សេងៗ​គ្នា ដែល​​គិត​ជា​ទឹកប្រាក់​សរុប មាន​ចំនួន​ប្រមាណ​ជា ​១១៤​លាន​ Ringgits លុយ​​​ម៉ាឡេស៊ី។​

លើសពីនេះ ​ប៉ូលីស​ម៉ាឡេស៊ី បាន​រិបអូស​ប្រអប់​ចំនួន​ ២៨៤ ​ដែល​គេ​ទុក​សម្រាប់​ដាក់​ការបូប​យួរ​ដៃ​និង​កាបូប​យួរ​ដៃ​ចំនួន​១៥០​ផ្សេង​ទៀត​នៅ​ក្នុង​និវេសន៍ដ្ឋាន​កូនស្រី ​របស់​លោក Najib Razak ឈ្មោះ​លោកស្រី​ Nooryana Najwa ។ នៅ​ក្នុង​ចំណោម​កាបូប​យួរ​ដៃ​ទាំង​នោះ​ មួយ​ចំនួនធំ​ទំនង​ជា​ផលិត​ដោយ​ហាង​ម៉ាក​បារាំង​ដ៏ល្បីឈ្មោះ ​Hermès​។

ទន្ទាមនេះ ប៉ូលីស បាន​អះអាង​ដែរ​ថា ខ្លួន​បាន​ធ្វើការ​ពិភាក្សា​រួច​ហើយ​ជាមួយ​ក្រុមហ៊ុន Hermès ​បារាំង​ដើម្បី​បញ្ជូន​រូបថតនានា​ទៅ​កាន់​ប៉ារីស ​ក្នុងគោលដៅ​អោយ​ក្រុមហ៊ុន Hermès ​ពិនិត្យពិច្ច័យមើល​ឲ្យបានត្រឹមត្រូវ ដើម្បីចង់ដឹង​ថា​តើ​កាបូប​រីបអូស​បាន​​នោះ ​​ពិត​ជា​កាបូប​សុទ្ធ​ឬ​ក៏​ក្លែងក្លាយ​ រួម​ទាំងការ​​ពិនិត្យ​​​លើ​តម្លៃ​កាបូប​នោះ​ទៀត​ផង។​​

គូររំលឹកថា បន្ទាប់ពី​លោក Najib Razak បាន​បាត់បង់​អំណាចមក នាយក​រដ្ឋមន្ត្រី​ថ្មី​​ម៉ាឡេស៊ី លោក ម៉ាហាធា ម៉ូហាម៉េដ បាន​ស្នើ​ឲ្យ​ប៉ូលីស​បើក​ការ​ស៊ើប​អង្កេត​នៅ​លើ​សំណុំរឿង​ពុករលួយ​ដែល​ប្រព្រឹត្ត​ដោយ​លោក ណាជីប​​និង​​បក្ស​ពួក​​របស់​លោក ក្នុង​គោលដៅ​ដើម្បី​រឹបអូស​យក​លុយពុករលួយ​ត្រឡប់​មកវិញ។

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូប​នេះ ត្រូវ​ជាប់​សង្ស័យ​ពីបទ​បាន​កេង​បន្លំ​លុយ​រដ្ឋ​ប្រមាណ​ជា​៦៤០​លាន​អ៊ីរ៉ូ ពី​មូលនិធី​មួយ​1 Malasia Development Berhad (MBD) ​ដែល​លោក​បាន​បង្កើត​ឡើង​បន្ទាប់ពី​លោក​បាន​ឡើង​ដឹកនាំ​ប្រទេស​នៅ​ឆ្នាំ​២០០៩​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ