អានតួអត្ថបទ
កូរ៉េខាងជើង-នុយក្លេអ៊ែរ

លោករ៉ាហ្វាអែល វ៉ូប៊ែរ៖​កូរ៉េខាងជើង​ចង់​ផ្សះផ្សា​ជាមួយ​ពិភពលោក និង​ចង់​បាន​សន្តិភាព

នៅ​ឧបទ្វីបកូរ៉េ ចំ​ពេល​ដែល​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន​ជួប​សន្ទនា​គ្នា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នា​រសៀល​ថ្ងៃ​សៅរ៍ ទី២៦ ឧសភា​នៅ​ស្រុក Panmunjom ក្រុម​អ្នកកាសែត​បរទេស​ជា​ច្រើន​នាក់​ដែល​បាន​ទៅ​ចូលរួម​យក​ព័ត៌មាន​ស្តីពី​ការ​កម្ទេច​មជ្ឈមណ្ឌល​សាកល្បង​នុយក្លេអ៊ែរ​ក្រោមដី Punggye-ri ក្នុង​ទឹកដី​កូរ៉េខាងជើង​ក៏​បាន​ចាក​ចេញ​ពី​ក្រុង​ព្យុងយ៉ាង​ដែរ។ ក្នុង​ចំណោម​អ្នកកាសែត​បរទេស​ប្រមាណ​ជា ៣០នាក់​ក៏​មាន​លោក​រ៉ាហ្វាអែល វ៉ូប៊ែរ អ្នកកាសែត​អាមេរិក​របស់​កាសែត AP ប្រចាំ​នៅ​ហុងកុង​ដែរ។ លោក​វ៉ូប៊ែរ​បាន​យល់​ឃើញ​ថា អ្វី​ដែល​ក្រុង​ព្យុងយ៉ាង​កំពុង​ស្វែង​រក គឺ​ការ​ផ្សះផ្សា​ជាមួយ​ពិភពលោក និង​ការ​ចង់​បាន​សន្តិភាព។

មជ្ឈមណ្ឌល​សាកល្បង​នុយក្លេអ៊ែរ​ក្រោមដី Punggye-ri ដែល​កូរ៉េខាងជើង​បាន​កម្ទេច​ចោល​ក្នុង​ថ្ងៃទី២៣ ឧសភា ២០១៨
មជ្ឈមណ្ឌល​សាកល្បង​នុយក្លេអ៊ែរ​ក្រោមដី Punggye-ri ដែល​កូរ៉េខាងជើង​បាន​កម្ទេច​ចោល​ក្នុង​ថ្ងៃទី២៣ ឧសភា ២០១៨ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

« យើង​បាន​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ផ្លូវ​យ៉ាង​ឆ្ងាយ​ដើម្បី​ទៅ​ដល់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ។ យើង​បាន​ឃើញ និង​បាន​ឮ​សម្លេង​ផ្ទុះ​យ៉ាង​ខ្លាំង រួម​ទាំង​ការ​បំផ្លិចបំផ្លាញ។ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​យើង​បាន​ធ្វើ​ដំណើរ​ទៅ​កូរ៉េខាងជើង។ ចំពោះ​ខ្ញុំ ខ្ញុំ​ចាត់​ទុក​ព្រឹត្តិការណ៍​មួយ​នេះ​ជា​រឿង​ដ៏​កម្រ​មួយ។ នៅ​ក្នុង​អតីតកាល យើង​ក៏​ធ្លាប់​បាន​ធ្វើ​សំណើ​ជា​ច្រើន​ដង​ដើម្បី​អាច​ចូល​ទៅ​មើល​ទីតាំង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Punggye-ri នោះ។ តែ​សំណើ​របស់​យើង​តែង​ត្រូវ​បាន​របប​ក្រុង​ព្យុងយ៉ាង​បដិសេធ​គ្រប់​ពេល។

តាម​យោបល់​របស់​ខ្ញុំ អ្វី​ដែល​កូរ៉េខាងជើង​បាន​ព្យាយាម​បង្ហាញ​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គឺ​មក​ពី​កូរ៉េខាងជើង​ចង់​ផ្សះផ្សា​ជាមួយ​ពិភពលោក និង​ចង់​បាន​សន្តិភាព។ ក៏​ប៉ុន្តែ ការ​រំសាយ​នុយក្លេអ៊ែរ​ទាំង​ស្រុង​ដែល​ជា​គោលដៅ​ចង់​បាន​ចុងក្រោយ​ហាក់​នៅ​ឆ្ងាយ​ពី​ការ​ពិត​នៅ​ឡើយ។ នៅ​ត្រង់​ចំណុច​នេះ គេ​ត្រូវ​រង់ចាំ​ឲ្យ​មាន​ការ​ចរចា​ស៊ីជ្រៅ និង​គ្រប់​កម្រិត​ទាំង​អស់ មុន​នឹង​ទទួល​បាន​លទ្ធផល​ពិតប្រាកដ​មួយ។

ខ្ញុំ​គិត​ថា ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​សំខាន់ៗ​ជា​ច្រើន​ទៀត​នោះ​គឺ​ថា កូរ៉េខាងជើង​ចង់​បង្ហាញ​ចេញ​នូវ​ការ​ប្តេជ្ញាចិត្ត និង​ប្រយោជន៍​របស់​ខ្លួន​ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​ដែល​កំណត់​ដោយ​អាមេរិក និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា។ តែ​បើ​និយាយ​ពី​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ឬ​ការ​ត្រួតពិនិត្យ​ពី​ស្ថាប័ន​ណា​មួយ​នោះ ខ្ញុំ​គិត​ថា កូរ៉េខាងជើង​ពិត​ជា​ពិបាក​ទទួល​យក​ខ្លាំង​ណាស់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ