អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង

លោកត្រាំ​មើលឃើញ​ពី​សក្តានុពល​ដ៏​អស្ចារ្យ​របស់​កូរ៉េខាងជើង និង​បញ្ជាក់​ពី​ជំនួប​ជាមួយ​លោកគីម

នៅ​អាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​មើលឃើញ​ពី​សក្តានុពល​ដ៏​អស្ចារ្យ​របស់​កូរ៉េខាងជើង និង​បាន​បញ្ជាក់​ថា គណៈប្រតិភូ​អាមេរិក​កំពុង​ស្ថិត​ក្នុង​ទឹកដី​កូរ៉េខាងជើង​ដើម្បី​រៀបចំ​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​នៅ​ថ្ងៃទី១២ មិថុនា​ក្នុង​ប្រទេស​ប្រទេស​សិង្ហបុរី។ សូម​ជម្រាប​ជូន​ថា គម្រោង​ជំនួបកំពូល​រវាង​លោក​ត្រាំ និង​លោក​គីម​នេះ​ត្រូវ​បាន​លោក​ត្រាំ​ប្រកាស​លុបចោល​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ ឧសភា មុន​នឹង​ប្តូរ​ជំហរ​វិញ​នៅ​១ថ្ងៃ​ក្រោយ​មក។

លោក​គីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំ
លោក​គីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំ SAUL LOEB / AFP / KCNA VIA KNS
ផ្សាយពាណិជ្ជកម្ម

ក៏​ដូច​ជា​ទម្លាប់​សព្វ​មួយ​ដង លោក​ដូណាល់ ត្រាំ​បាន​ប្រើ​បណ្តាញ​សង្គម Twitter ដើម្បី​បញ្ចេញ​ប្រតិកម្ម។ « គណៈប្រតិភូ​អាមេរិក​បាន​ទៅ​ដល់​ទឹកដី​កូរ៉េខាងជើង​ដើម្បី​រៀបចំ​ជំនួបកំពូល​រវាង​គីម ជុងអ៊ុន និង​ខ្លួន​ខ្ញុំ​ផ្ទាល់ » នេះ​ជា​សារ​របស់​លោក​ត្រាំ មុន​នឹង​សរេសរ​បន្ថែម​នៅ​ក្នុង​សេចក្តីសន្និដ្ឋាន​ថា « ខ្ញុំ​ពិត​ជា​មើលឃើញ​ពី​សក្តានុពល​របស់​កូរ៉េខាងជើង ហើយ​កូរ៉េខាងជើង​នឹង​ក្លាយ​ជា​មហារដ្ឋ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​ណា​មួយ។ ត្រង់​ចំណុច​នេះ គីម ជុងអ៊ុន​ក៏​យល់​ឃើញ​ដូច​ខ្ញុំ​ដែរ។ ទាំង​នេះ​នឹង​មាន »។

សូម​ជម្រាប​ជូន​ថា​ក្នុង​ថ្ងៃ​អាទិត្យ ទី២៧ ឧសភា​ដដែរ និង​មុន​ការ​បញ្ជាក់​របស់​លោក​ត្រាំ ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រកាស​នៅ​ក្នុង​សេចក្តីជូនដំណឹង​ថា គណៈប្រតិភូ​អាមេរិក​បាន​ជួប​សន្ទនា​ជាមួយ​គណៈប្រតិភូ​កូរ៉េខាងជើង​នៅ Panmunjon ដែល​ជា​ស្រុក​គ្មាន​កងទ័ព​ខ័ណ្ឌ​ចែក​កូរ៉េ​ជា​ពីរ។ បើ​យោង​តាម​កាសែត​អាមេរិក Washington Post គណៈប្រតិភូអាមេរិក​ដឹកនាំ​ដោយ​លោក​ស៊ុង គីម អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​កូរ៉េខាងត្បូង លោក Allison Hooker មន្រ្តី​ឯកទេស​កូរ៉េ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខជាតិ និង​អ្នកតំណាង​ម្នាក់​មក​ពី​ក្រសួង​ការពារជាតិ​ដែល Washington Post មិន​ប្រាប់​ឈ្មោះ​ទេ។

ចំណែក​គណៈប្រតិភូ​កូរ៉េខាងជើង​ដឹកនាំ​ដោយ​លោក Cheo Son Hui អនុរដ្ឋមន្រ្តី​ការបរទេស។ តាម​កាសែត​ Washington Post លោក​ស៊ុង គីម និង​លោក Cheo Son Hui ធ្លាប់​ស្គាល់​គ្នា​ច្បាស់ណាស់ ព្រោះ​ឥស្សរជន​ទាំង​ពីរ​រូប​នេះ​បាន​ស្ថិត​ក្នុង​គណៈប្រតិភូ​នៃ​ជំនួប​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ទសវត្ស​ឆ្នាំ ២០០០។ តាម​គម្រោង ជំនួបកំពូល​រវាង​លោក​ត្រាំ និង​លោក​គីម​នឹង​រៀបចំ​នៅ​ថ្ងៃទី១២ មិថុនា​ក្នុង​ប្រទេស​សិង្ហបុរី។ តែ​ពី​ពេល​នេះ​ដល់​ថ្ងៃ​ជួប​ជា​ផ្លូវការ គេ​មិន​ដឹង​ថា​តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដូច​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ទេ។ អ្វី​ដែល​គេ​ដឹង ឆន្ទៈ និង​ភាព​ទន់ភ្លន់​កំពុង​មាន​ជា​ថ្មី​រវាង​មនុស្សខ្លាំង​ពិភពលោក និង​មនុស្សខ្លាំង​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ