អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទិវាគ្មានថ្នាំជក់ ៖ ពិភពលោកនិងថ្នាំជក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្នាំជក់​ឬ​បារី ជា​ឧស្សាហកម្ម​ដែល​មាន​ទំហំ​ដល់​ទៅ​ជិត​៧០០ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ប៉ុន្តែ​ បារី​ឬ​ថ្នាំ​ជក់​ ជា​ដើម​ហេតុ​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​ជាងដោយ​សារ​សង្គ្រាម​លោកទី​មួយ និង​ទី​ពីរ ទាំង​ពីរ​​បូក​បញ្ចូល​គ្នា​នៅ​ទៀត នៅ​ក្នុង​សតវត្សរ៍​ទី ២០។ បច្ចុប្បន្ន​នេះ នៅ​លើ​ភព​ផែន​ដី គេ​សង្កេត​ឃើញថា ជា​រៀង​រាល់​មួយ​នាទី ​មាន​​មនុស្ស​ប្រមាណ​ជិត​១១​លាន​នាក់​ អុជ​បារី​ជក់​ និង​១០​នាក់​បាន​ស្លាប់​ដោយ​សារ​បារី។ ក្នុង​ឱកាស​​ខួប​លើក​ទី​២១​​នៃទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់ ថ្ងៃ​នេះ អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ ឱ្យ​មាន​ចំណាត់ការ​នយោបាយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ប្រឆាំង​ការ​ជក់​បារី។

ស្លាក​ឃោសនាទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ "ថ្នាំជក់​បំផ្លាញ​បេះ​ដូងអ្នក"
ស្លាក​ឃោសនាទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ "ថ្នាំជក់​បំផ្លាញ​បេះ​ដូងអ្នក" © OMS
ផ្សាយពាណិជ្ជកម្ម

អង្គការ​សុខភាពពិភពលោក​​បាន​ឧទ្ទិស ទិវា​ពិភពលោកគ្មាន​ថ្នាំ​ជក់ ឆ្នាំ​២០១៨ លើ​​​ប្រធាន​បទ “គ្រោះ​ថ្នាក់​នៃ​ថ្នាំជក់​ចំពោះសុខភាព​បេះដូង” ព្រោះ​​បារី​មិន​មែន​ធ្វើ​ឱ្យ​ខូច​តែ​សួតទេ បារី​ជា​កត្តា​គ្រោះ​ថ្នាក់​នាំ​ឱ្យ​កើត​ជំងឺ​បេះ​ដូង គ្រោះ​ថ្នាក់​សរសៃឈាម​ខួរក្បាល សរសៃ​ឈាម​បេះដូង ឡើង​ឈាម និង​ជំងឺ​ជា​ច្រើន​ផ្សេង​ទៀត។

បារី សម្លាប់​មនុស្ស​ប៉ុន្មាន​នាក់ ?

បារី​ឬ​ថ្នាំ​ជក់ គឺ​ជា​មូលហេតុ​មរណៈ​ដំបូង​គេ ដែល​អាច​បញ្ចៀស​បាន។ នៅ​លើ​ភពផែនដី​បច្ចុប្បន្ន​នេះ គេ​រាប់​ឃើញ​ថា​មាន​មនុស្ស​ម្នាក់​ស្លាប់​រៀង​រាល់​៦​វិនាទី ម្តង ដោយ​សារ​បារី និង​ជំងឺ​បង្ក​ឡើង​ដោយ​បារី។ នេះ​បើ​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោកOMS។ ជា​សរុប​ បារី​បាន​សម្លាប់​មនុស្សជា​ អ្នក​ជក់​ និ​ងជា​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ ​ក្នុង​មួយ​ឆ្នាំៗ ចំនួន​ជាង​៧លាន​នាក់ (៩​សែន​​នាក់​ជា​អ្នក​ស្រូប​ផ្សែង​បារី​ពីគេ ដោយ​មិន​ដឹង​ខ្លួន)។

​ជំងឺ​មហារីក មហារីក​បំពង់​ដង្ហើម មាត់​បំពង់ក និង​ពិសេស​មហារីក​សួត រលាកសួត​រ៉ាំរៃ ស្លោក​បេះដូង គ្រោះ​ថ្នាក់​ដាច់ឬ​ស្ទះ​​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល សុទ្ធ​ជា​ជំងឺ​សំខាន់ៗ​ដែល​បង្ក​ឡើយ​ដោយ​បារី។

ក្នុង​សតវត្សរ៍​ទី ២០ ថ្នាំ​ជក់​ឬ​បារី បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​១០០​លាន​នាក់ ពោល​គឺ​ច្រើន​ជាង​ចំនួន​មនុស្ស​ស្លាប់​ក្នុង​សង្គ្រាម​លោក​លើក​ទី​មួយ និង​លើក​ទី​ពីរ បូក​បញ្ចូល​គ្នា​ទៅ​ទៀត (ចំនួន​​មនុស្ស​ស្លាប់​ក្នុង​សង្គ្រាម​មាន​ប្រមាណ​ពី​​៦០​ទៅ​៨០​លាន​នាក់​)។ ថ្នាំ​ជក់​ជា​ឃាតករ​សម្លាប់​មនុស្ស​ច្រើនខ្លាំង​ជាង ការ​ស្លាប់​ព្រោះ​ជំងឺ​របេង ជំងឺ​ស៊ីដា មរណភាព​កុមារ គ្រោះថ្នាក់ចរាចរណ៍ ការ​សម្លាប់​ខ្លួន និង​ការ​ធ្វើ​ឃាត​បូក​បញ្ចូល​ទៅ​ទៀត។

ប្រសិន​បើ​និន្នាការ​នៃ​ការ​ជក់​បារី​ មិន​ប្តូរ​ផ្លាស់​ទេ នោះ​បារី​នឹង​អាច​សម្លាប់​មនុស្សដល់ទៅ​១ពាន់​លាន​នាក់ នៅសតវត្សរ៍​ទី​២១​យើង​នេះ។

តើ​​មាន​អ្នក​ជក់​បារី​ប៉ុន្មាននាក់​នៅ​លើ​ពិភពលោក ?

ក្នុង​កំរិត​ពិភពលោក ដែល​មនុស្ស​ម្នា​រស់នៅ​ចំនួន​ជាង ៧៥០០​លាន​នាក់​ អង្គការ​សុខភាព​ពិភពលោក ប៉ាន់​ស្មាន​ថា​មាន​អ្នក​ជក់​បារី​ដល់​ទៅ ប្រមាណ ១ពាន់​លាន​នាក់។

ក្នុង​មួយ​ឆ្នាំៗ អ្នក​ជក់​បារី​នេះ បាន​អុជ​​បារី​ចំនួន​ប្រមាណ​ជាង ៥៧០​ម៉ឺន​លាន​ដើម​ ព្រមទាំង​បាន​ចោល​កន្ទុយ​បារី​ជាង​១លាន​តោន​ លើ​ដី​។ នេះ​បើ​តាម​ស្ថិតិ​របស់​សមាគម​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំ​ជក់​ The Tabacco Atlas។

ស្នោ​កន្ទុយ​បារី​ ជា​សារធាតុ​ដែ​លមិន​ងាយ​រលាយ​សាប​សូន្យ​ក្នុង​ធម្មជាតិ​ឡើយ។ កន្ទុយ​បារី​នេះ​ជា​សម្រាម​ ដែល​រាយ​ប៉ាយ​ខ្លាំង​នៅ​តាម​ឆ្នេរ​ បំពុល​ទឹក​បំពុល​ដី​ខ្លាំង​ណាស់។

ចំណែក​ការ​ដាំដុះ​ថ្នាំ​ជក់​វិញ លាត​សន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​៤,3​លាន​ហិចតារ​។ ជាមួយសមត្ថភាព​​ផលិតស្លឹក​ថ្នាំ​ជក់​ដល់​ទៅ​៤០% ​ចិនត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​អ្នក​ផលិត​ថ្នាំ​ជក់​លំដាប់​លេខ​មួយ។

ទី​ណា​​​មាន​អ្នក​ជក់​​បារី​ច្រើន​ជាងគេ ?

ដោយ​គ្មាន​ការ​ភ្ញាក់ផ្អើល​ ​គឺ​នៅ​ក្នុង​ប្រទេស​ចិន​ដែល​គេ​រាប់ឃើញ​មាន​ចំនួន​អ្នក​ជក់​បារី​ច្រើន​ជាង​គេ។ ចិន​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក១៣០០​លាន​នាក់ ក្នុងនោះ​៣១៥​លាន​នាក់​ជា​អ្នក​ជក់​បារី។ នេះ​បើ​តាម​របាយការណ៍​អង្គការ​សុខភាពពិភលោក​ឆ្នាំ​២០១៧។

​ចំនួនអ្នក​ជក់​​ក៏​ច្រើន ចំនួន​​បារី​ជក់បើ​គិត​ជា​ដើម ក៏​មាន​ច្រើន​ជាងគេ​នៅ​ចិន (​ជាង​មួយ​ភាគ​បី​នៃ​បារី​ ត្រូវ​បាន​ជក់​នៅ​ចិន)។ ប៉ុន្តែបើ​គិត​ពី​សមមាត្រ​​អ្នក​ជក់​និង​ចំនួន​ប្រជាជន​វិញ គឺ​​ឥណ្ឌូណេស៊ីទេ​ដែល​ជា​អ្នក​ជាប់​លេខ​ ជា​ប្រទេស​មាន​អ្នក​ជក់​បារី​ច្រើន​ជាង​គេ ៖ បុរស​ឥណ្ឌូណេស៊ី​ចាប់​ពី​អាយុ​១៥​ឆ្នាំ​ឡើង​ទៅ ចំនួន​ដល់​ទៅ​៧៦%​ជា​អ្នក​ជក់​បារី។

ជា​ទូទៅ ៨០%​នៃ​អ្នក​ជក់​បារី​រស់​នៅ​​ក្នុង​ប្រទេស​ដែល​ប្រាក់​ចំណូល​មធ្យម​និង​ទាប​ ក្នុងនោះ​​២២៦​លាន​នាក់​ជាអ្ន​ក​ក្រ​។​

​បារីធ្វើ​ឱ្យ​ខាត​ចំណាយ​ផ្នែក​សុខភាព យ៉ាងណា ?

បើ​បារី​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​សុខភាព ចំណាយ​ផ្នែក​សេវា​សុខភាព​សាធារណ​ក៏​ត្រូវ​តែ​អស់​ច្រើន​ជា​ប្រាកដ​! ការ​សិក្សាអំពី​ផល​ប៉ះពាល់​របស់​បារី​ចំពោះ​វិស័យ​សុខាភិបាល​ទើប​ត្រូវ​បាន​ធ្វើ​ជា​លើក​មួយ ​​កាលពី​ខែ​មករា​ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា ពិភពលោក​បាន​ចំណាយ​ច្រើនណាស់ ​ដល់​ទៅ​​ប្រមាណ​៦% នៃ​ចំណាយ​ទូទៅ​សរុប សម្រាប់​សេវា​សុខភាព​បង្ក​ឡើង​ដោយ​បារី។ ការ​ចំណាយ​លើ​បារី​តំណាង​ឱ្យ​២%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ពិភពលោក។

ការ​វិភាគ​នេះ​ ស៊ីចង្វាក់​ខ្លាំង​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោកឆ្នាំ​២០១២ ដែលថា​​​ពិភពលោកបាន​ចំណាយ​ច្រើន​​លើ​វិស័យ​សុខភាព​ប្រឆាំង​នឹង​ថ្នាំជក់​ ក្នុងទំហំ​ដល់​ទៅ ១៤៣៦​ពាន់​លាន​ដុល្លារ ក្នុង​នោះ៤០%​ជា​បន្ទុក​របស់​ក្រុម​ប្រទេស​អ្ន​កមាន។

តើទីផ្សារ​បារី​នៅលើ​ពិភពលោក​មាន​ការ​ថយ​ចុះ​ដែរឬទេ ?

តាមការ​ពិត អត្រា​អ្នក​ជក់​បារី បានចាប់​​ចុះ​ថយ​តាំង​ពី​ឆ្នាំ​១៩៩៥​មក។​ ដោយ​សារ​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំ​ជក់ ហាមឃាត់​មិន​ឱ្យ​ជក់​តាម​ទី​សាធារណៈ ដំឡើង​ថ្លៃ​​បារី ផ្សព្វផ្សាយអំពីគ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​បារី និង​ការ​បង្កើត​បារី​អេឡិចត្រូនិក ចំនួន​អ្នក​ជក់​បារី​បាន​ធ្លាក់​ចុះ​នៅ​តាមប​ណ្តា​ប្រទេស​ជឿន​លឿន​ជា​ច្រើន ដូច​ជា​ នៅ​អង់គ្លេស អូស្ត្រាលី ប្រេស៊ីល និង​បារាំង​ជា​ដើម។ ​ចិន​ដែល​ជា​ទីផ្សារ​ពិភពលោក​លំដាប់​ទីមួយ ក៏​ការ​លក់​បារី​បាន​ធ្លាក់​ចុះ​​បាន​ជិត​១០%។ កម្ពុជា​យើង​ក៏​ថយ​អស់​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​ដែរ។

កំណើន​នៃ​ការ​ជក់​បារី​សម្គាល់​ឃើញ​មាន​ច្រើន​តែ​នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​និងមធ្យម​មួយ​ចំនួន នៅ​តំបន់​អាហ្វ្រិក​ខាង​ត្បូងជាពិសេស​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ