អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង

ឧត្តមសេនីយ​កូរ៉េខាងជើង​ជួប​ប្រមុខ​ការទូត​អាមេរិក​ក្នុង​ទីក្រុង​ញូយ៉ក​ដើម្បី​ជជែក​ពី​ជំនួប​រវាង​លោក​ត្រាំ និង​លោកគីម

យុទ្ធនាការ​ការទូត​កំពុង​បន្ត​មាន​យ៉ាង​សកម្ម​រវាង​កូរ៉េខាងជើង និង​អាមេរិក​ដើម្បី​រៀបចំ​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន។ បន្ទាប់​ពី​ទទួល​ទាន​អាហារ​ពេល​រាត្រី​នា​ថ្ងៃ​ពុធ ទី៣០ ឧសភា ប្រមុខ​ការទូត​អាមេរិក​លោក Mike Pompeo និង​ឧត្តមសេនីយ​កូរ៉េខាងជើង​លោក​គីម យុងចុល​ជួប​គ្នា​ជា​ថ្មី​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ ឧសភា​នេះ​ក្នុង​ទីក្រុង​ញូយ៉ក។

ឧត្តមសេនីយ​កូរ៉េខាងជើង​លោក Kim Yong Chol (រូបឆ្វេង) និង​​ប្រមុខ​ការទូត​អាមេរិក​លោក​ Mike Pompeo ក្នុង​ទីក្រុង​ញូយ៉ក​ថ្ងៃទី៣០ ឧសភា ២០១៨
ឧត្តមសេនីយ​កូរ៉េខាងជើង​លោក Kim Yong Chol (រូបឆ្វេង) និង​​ប្រមុខ​ការទូត​អាមេរិក​លោក​ Mike Pompeo ក្នុង​ទីក្រុង​ញូយ៉ក​ថ្ងៃទី៣០ ឧសភា ២០១៨ AFP
ផ្សាយពាណិជ្ជកម្ម

វត្តមាន​រយៈពេល ២ថ្ងៃ​របស់​ឧត្តមសេនីយ​កូរ៉េខាងជើង​គីម យុងចុល​ក្នុង​ទឹកដី​អាមេរិក​មាន​គោលដៅ​រៀបចំ​របៀបវារៈ​នៃ​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​មនុស្សខ្លាំង​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន។ ជំនួបកំពូល​ដែល​គ្រោង​រៀបចំ​ក្នុង​ថ្ងៃទី១២ មិថុនា​នៅ​ប្រទេស​សិង្ហបុរី។ នេះ​ជា​លើកទី១ តាំង​ពី ១៨ឆ្នាំ​កន្លង​ទៅ​ដែល​មាន​មន្រ្តីជាន់ខ្ពស់​កូរ៉េខាងជើង​ម្នាក់​បាន​ដាក់​ជើង​ជាន់​ទឹកដី​អាមេរិកាំង។ ប្រធានបទ និង​របៀបវារៈ​ដែល​ដៃស្តាំ​របស់​លោក​គីម ជុងអ៊ុន និង​លោក​ប្រមុខ​ការទូត​អាមេរិក Mike Pompeo លើក​យក​ទៅ​ជជែក រួម​មាន សម្បទាន​ក្នុង​បញ្ហា​នុយក្លេអ៊ែរ​ដែល​ក្រុង​ព្យុងយ៉ាង​ត្រៀម​លះបង់​ឲ្យ​អាមេរិក ហើយ​ជា​ថ្នូរ​ត្រឡប់​វិញ សម្បទាន​ផ្នែក​សេដ្ឋកិច្ច និង​សន្តិសុខ​ដែល​វ៉ាស៊ីនតោន​ត្រៀម​ធានា​ចំពោះ​កូរ៉េខាងជើង។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជំនួប​រវាង​លោក​គីម យុងចុល និង​លោក Mike Pompeo អាច​សម្រេច​បាន​នូវ​របៀបវារៈ​សម្រាប់​ជំនួបកំពូល​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​នា​ពេល​ខាង​មុខ ឬ​អត់​ទេ។ អ្វី​ដែល​គេ​ដឹង ចំណុច​ដែល​ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា​នៅ​ត្រង់​ថា កូរ៉េខាងជើង​ចង់​និយាយ​ពី​ការ​ធ្វើ​សម្បទាន​នុយក្លេអ៊ែរ​តាម​លំដាប់​ជា​ថ្នូរ​នឹង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម តែ​អាមេរិក​ចង់​ឲ្យ​មាន​ការ​រំសាយ​នុយក្លេអ៊ែរ​ទាំង​ស្រុង និង​ឲ្យ​បាន​ឆាប់បំផុត មុន​នឹង​និយាយ​ពី​ការ​បន្ធូរបន្ធយ ឬ​លើក​ទណ្ឌកម្ម​ចេញ​ទាំង​ស្រុង។

ទោះ​ជា​យ៉ាង​នេះ​ក្តី កូរ៉េខាងត្បូង​បន្ត​បង្ហាញ​សុទិដ្ឋនិយម​ដោយ​សង្ឃឹម​ថា សំណាង​នៃ​ការ​រក​ឃើញ​ភាព​ចុះសម្រុង​គ្នា​នៅ​តែ​មាន​កម្រិត​ខ្ពស់។ សូម​ជម្រាប​ជូន​ថា នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​លោក​គីម យុងចុល និង​លោក Mike Pompeo បាន​ជួប​គ្នា ឥស្សរជនជាន់ខ្ពស់​ទាំង​ពីរ​រូប​ធ្លាប់​បាន​ជួប​សន្ទនា​គ្នា​ចំនួន ២លើក​ក្នុង​ទីក្រុង​ព្យុងយ៉ាង។ ក្រៅ​ពី​ជំនួប​រវាង​លោក​យុងចុល និង​លោក Pompeo យុទ្ធនាការ​រៀបចំ​ទីលាន​ជំនួប​រវាង​លោក​ត្រាំ និង​លោក​គីម​ក៏​កំពុង​បន្ត​ធ្វើ​ដោយ​គណៈប្រតិភូ​អាមេរិក និង​កូរ៉េខាងជើង​ក្នុង​ប្រទេស​សិង្ហបុរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ