វត្តមានរបស់ប្រមុខការទូតសិង្ហបុរីនៅក្នុងទីក្រុងព្យុងយ៉ាងរយៈពេល ២ថ្ងៃជាការអញ្ជើញពីសមភាគីកូរ៉េខាងជើង នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសិង្ហបុរីចេញផ្សាយក្នុងថ្ងៃពុធ ទី៦ មិថុនា។ ទោះជាសេចក្តីប្រកាសព័ត៌មានដដែលមិនបានប្រាប់ពីមូលហេតុនៃដំណើរទស្សនកិច្ចនោះក៏ដោយក៏គេដឹង ជាទស្សនកិច្ចដើម្បីរៀបចំរបៀបវារៈនៃគម្រោងជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុននៅថ្ងៃទី១២ មិថុនា។
ចំណែកសេតវិមានបានបញ្ជាក់ជាផ្លូវការថា គម្រោងជំនួបកំពូលរវាងលោកត្រាំ និងលោកគីមនឹងរៀបចំនៅក្នុងសណ្ធាគារ Capella ស្ថិតលើកោះ Sentosa ក្នុងទឹកដីសិង្ហបុរី។ ដោយឡែកក្នុងថ្ងៃពុធ ទី៦ មិថុនាដដែល អង្គការអាកាសចរស៊ីវិលអន្តរជាតិ និងរដ្ឋបាលអាកាសចរស៊ីវិលអាមេរិកាំងបានផ្សព្វផ្សាយសេចក្តីជូនដំណឹងមួយស្តីពីការរឹតបន្តឹងចរាចរណ៍ផ្លូវអាកាសនៅក្នុងលំហអាកាសសិង្ហបុរីរយៈពេល ៣ថ្ងៃ គឺថ្ងៃទី១១ ១២ និង ១៣ មិថុនា។ តាមសេចក្តីជូនដំណឹងដដែល និងដើម្បីហេតុផលសន្តិសុខជាតិ គ្រប់យន្តហោះដែលត្រូវចុះចតនៅព្រលានយន្តហោះ Changi នឹងត្រូវបន្ថយល្បឿន និងត្រូវប្រើប្រាស់ផ្លូវដែលបានកំណត់។
សូមជម្រាបជូនថានៅថ្ងៃចន្ទ ទី៤ មិថុនាដើមសប្តាហ៍នេះ រដ្ឋអំណាចសិង្ហបុរីបានបង្ហាញចេញនូវវិធានការសន្តិសុខមួយចំនួនដែលនឹងត្រូវអនុវត្តន៍ក្នុងថ្ងៃជំនួបកំពូលរវាងលោកត្រាំ និងលោកគីម។ វិធានការសន្តិសុខទាំងនោះមានដូចជា ការដាក់តំបន់មួយចំនួនឲ្យស្ថិតក្នុងតំបន់ពិសេសដែលត្រូវទទួលវិធានការសន្តិសុខពិសេសចន្លោះថ្ងៃទី១០ និង ១៤ មិថុនា។ ជាក់ស្តែង តំបន់ប៉ែកកណ្តាលដែលមានវត្តមានស្ថានទូតអាមេរិក ក្រសួងការបរទេស និងសណ្ធាគារជាច្រើន៕