អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង​

Trump នឹង​ទទួល​​​ ​​​គីម ជុងអ៊ុន ​​នៅ​​វ៉ាស៊ីងតោន​ បើ​​​ជំនួប​កំពូល​​​នៅ​​​សិង្ហបុរី​​បាន​​​ជោគជ័យ

នៅ​តែ​ប៉ុន្មាន​ថ្ងៃទៀត​​ប៉ុណ្ណោះ​ដល់​​ជំនួប​កំពូលជា​​​ប្រវត្តិសាស្ត្រ​​ រវាង​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង​​លោក​គឹម ជុង​អ៊ុន និង ​លោក Donald Trump នៅសិង្ហបូរី ប្រធានាធិបតី​អាមេរិក បាន​​គួស​​បញ្ជាក់​​ជាថ្មី​ទៀត​ ​ពី​​ចេតនា​របស់ខ្លួន​​​នៅក្នុង​​​​ការ​​សម្រេច​គោលដៅ​​​នៃ​ “ការ​​រំសាយ​​​អាវុធ​នុយក្លេអ៊ែរ​​កូរ៉េ​ខាង​ជើង”។ លោក Trump ជឿជាក់ថា គោលដៅ​នេះ ​​​​អាច​នឹង​​​សម្រេចទៅ​​​បាននៅពេល​ខាង​​មុខ តែ​លោក ​ក៏​​ទទួល​ស្គាល់ដែរ ​ថា​​ការ​​ជួប​ប្រាស្រ័យ​គ្នាពិតជា​​​​​​នៅ​មាន​​​ច្រើន​ទៀត ​​​មុន​នឹង​​​មានការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងគ្នា​​​មួយ។ ម្យ៉ាងទៀត នេះ​​ក៏​ជា​លើក​ទីមួយ​ដែរ ដែលលោក ​Donald Trump បាន​​សន្យា​ថា​នឹង​ទទួល​​​ប្រមុខ​ដឹក​នាំ​​កូរ៉េ​​ខាង​ជើង​នៅទីក្រុងវ៉ាស៊ីនតោន ប្រសិនបើជំនួបកំពូលនៅ​សិង្ហបុរី​បាន​ទទួល​ជោគ​ជ័យ។ ​

​លោក  Kim Jong-un និងលោក Donald Trump
​លោក Kim Jong-un និងលោក Donald Trump REUTERS/KCNA handout via Reuters & Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ដូច​តែ​សព្វដង ប្រធានាធិបតី អាមេរិកលោក Donald Trump  ​មាន​គំនិត​សុទដ្ឋិនិយម​ជា​និច្ច​។ ដោយ​ហេតុ​ថា នៅក្នុង​​ការ​រៀបចំ​ជំនួប​កំពូល​រវាង​រូប​លោក​​នឹង​​​លោក គីម ជុងអ៊ុន ​​គ្រោង​ធ្វើ​នៅថ្ងៃ​ទី​១២​មិថុនា​ខាង​មុខនៅ​សិង្ហបុរីនោះ​ ​ លោក  Trump  បានថ្លែងអះអាង​​​​​​ថា”​ អាមេរិក ​​មាន​សក្តានុពល​ ដើម្បី​​​​ធ្វើអ្វីមួយ​ដ៏អស្ចារ្យ​ ដែល​​មិនគួរឲ្យជឿ​បាន ​​សម្រាប់​ពិភព​លោក​ទាំង​មូល”​។​

ទន្ទឹមនេះ លោក Donald Trump បាន​ថ្លែង​បញ្ជាក់ទៀត​ថា ​លោកបាន​ត្រៀម​​រួចជាស្រេច​និង​ជាលើកទីមួយដែរ ​ដើម្បីអញ្ជើញ​ប្រមុខដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន ​មក​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ ប្រសិនបើ​ជំនួប​កំពូល​នៅ​សិង្ហបុរីនាថ្ងៃទី១២មិថុនាខាងមុខ  ​នឹង ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ។ ប្រធានាធិបតីអាមេរិក ថែម​ទាំងមានជំនឿដែរ​​ថា ជំនួប​ប្រាស្រ័យ​រវាង​រូប​លោក​និង​លោក​គឹម ជុង​អ៊ុន  ពិត​ជា​នឹង​បាន​ទទួល​ជោគជ័យ​ដ៏​ធំធេង​ដោយ គ្មានឧបសគ្គ អ្វីទេ ហើយ ​ថា លោក គឺម ជុង​អ៊ុន  ក៏ពិតជា​មានបំណងចង់​​ធ្វើ​ការងារ​​​មួយ​​ដ៏ល្អប្រពៃ​ដែរ ​សម្រាប់​ប្រទេសជាតិ​ខ្លួន​។​

ដូចគ្នា​នឹង​ប្រធានាធិបតី​អាមេរិក​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក  Mike Pompeo ​បាន​​ចែក​រំលែកនូវ​ក្តី​រំពឹង​​របស់​លោក​ដែរ  ដោយបង្ហើប​​អោយ​ដឹង​ថា​”” លោក គឺម ជុងអ៊ុន បាន​និយាយ​​ប្រាប់​លោក​​ផ្ទាល់ អំពីការ​ត្រៀមខ្លួន​​​របស់កូរ៉េខាងជើង​រួច​រាល់​​ដែរ​ នៅ​ក្នុង​​ការ​រំសាយ​នុយក្លេអ៊ែរ “។ ប្រមុខ​ការទូត​អាមេរិក បាន​រំលឹក​​សារ​ជា​ថ្មី​ទៀត អំ​ពី​ការ​​ទាមទារ​​របស់​​អាមេរិក​ ​នៅ​ក្នុង​ការ​រំសាយ​​នុយក្លេអ៊ែរ​កូរ៉េខាងជើង​​ទាំង​ស្រុង ​​ដោយ​គ្មាន​ការ​វិលត្រឡប់​ថយ​ក្រោយ​វិញ​ឡើយ​ ​និង​​​ដែល​​​គេ​អាចត្រួត​​ពិនិត្យដឹងខុសត្រូវ​បាន​។

លើសពីនេះ ​លោក Mike Pompeo បាន​​ព្រមាន​ទុក​ជាមុន​ដែរ​ថា “អាមេរិក ​ចង់​ឃើញនូវ​​ការវិវឌ្ឈន៍មួយ​​ដ៏​ជាក់​ស្តែង​​​និង​ ​ពុំមែនតែ​ពាក្យ​សំដី​​ដ៏ឥត​​ខ្លឹមសារ​នោះ​ឡើយ​។ រីឯ លោក Donald Trump  វិញ បាន​​គូស​បញ្ជាក់​សារ​ជា​ថ្មី​​ទៀត​ថា លោក ក៏បាន​ត្រៀម​ខ្លួន​​ជា​ស្រេច​ដែរ​ ​នៅ​ក្នុង​ការ​ដើរ​ចេញ​ពី​តុ​ចរចា​​ ប្រសិន​បើ​ជំនួបកំពូលនេះ មិនបានទទួលជោគជ័យ៕​​​​​​​​​​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ