ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/07 12h00 GMT

តើអ្វីខ្លះ​ជាប្រធានបទ​នៃ​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ?

តើអ្វីខ្លះ​ជាប្រធានបទ​នៃ​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ?
 
លោក​ដូណាល់ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវ​ជួប​គ្នា​ជា​លើកទី​មួយ​នៅ​ថ្ងៃ១២​មិថុនា ២០១៨ REUTERS/Kevin Lamarque & Korea Summit Press Pool

មួយថ្ងៃ​មុនបើក​​ជំនួបកំពូលជា​ប្រវត្តិសាស្ត្រ​​ជាមួយ​លោក​គីម ជុងអ៊ុន លោក​ដូណាល់ត្រាំ​បង្ហាញ​នូវ​សុទិដ្ឋិនិយមខ្លាំង។ កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ប្រមុខ​ដឹកនាំ ទាំង​ពីរ បាន​បញ្ជាក់​អំពី​មហិច្ឆតា​ចង់​ត្រួសត្រាយ​ផ្លូវ​នាំ​សន្តិភាព​ឱ្យ​ឧបទ្វីប​កូរ៉េ ដែល​បើ​តាម​ភាសា​បច្ចេកទេស​នៅមាន​សង្គ្រាម​នៅ​ឡើយ។ សម្រាប់​លោក​ដូណាល់​ត្រាំ ជួប​និយាយ​មួយ​ទល់​នឹង​មួយ​ជាមួយ​លោក គីម ជុងអ៊ុន ជា​ឱកាស​តែ​មួយ​គត់​ នៃ​បុព្វហេតុសន្តិភាព ​ក៏ប៉ុន្តែ មាន​បញ្ហា​ដ៏​សែន​ចម្រូងចម្រាស​ជាច្រើន នៅ​ចំពោះ​មុខ ដែល​ភាគី​ទាំង​ពីរ​ត្រូវ​រក​ដំណោះស្រាយ ដូច​ជា​​អំពី​សំណុំ​រឿង​លុប​បំបាត់​នុយក្លេអ៊ែរ សន្ធិសញ្ញា​សន្តិភាព ទណ្ឌកម្ម សិទ្ធិមនុស្ស​ និង​សន្តិសុខ។

រំសាយ​អាវុធ​នុយក្លេអ៊ែរ

ការ​លុប​បាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរកូរ៉េខាង​ជើង​ ជា​បញ្ហា​ស្នូល។ ទាំងពីរ​ភាគី​សុទ្ធ​តែប​ង្ហាញ​ឆន្ទៈ​រក​សន្តិភាព​​ឱ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​និយម​ន័យ​របស់តួអង្គ​នយោបាយ​ពីរ​នេះ​ហាក់​មិន​ដូច​គ្នាទេ។​

វ៉ាស៊ីនតោន ទាមទារ​ឱ្យ​កូរ៉េខាងជើង រំសាយ​កម្មវិធី​នុយក្លេអ៊ែរ ទាំ​ងស្រុង និងដោយ​មិន​អាចបក​ក្រោយ​វិញកើត ហើយ​​អាច​ផ្ទៀងផ្ទាត់​បាន។ ឯកូរ៉េខាង​ជើង​ច្រាន​ចោល​គំនិត​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ជា​ឯកតោ​ភាគី និង​រំលឹក​ជំហរ​ចាស់​ថា​អាមេរិក​ត្រូវ​ដក​ទ័ព​​និង​ខែល​នុយក្លេអ៊ែរ​ចេញ​ទឹក​ដី​កូរ៉េខាង​ត្បូង​ជា​ថ្នូរ។ តែ​អាមេរិក​ថា​ រឿង​ដក​ទ័ព​គ្មាន​ក្នុង​របៀបវារៈ​នេះ​ការ​ចរចា​នេះ​ទេ។

ថ្វីបើ​ព្យុងយ៉ាង​​ខ្លួន​​ឯង​ផ្ទាល់​ក៏​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ឈប់​ ចង់​សម្រេច​តាម​កម្មវត្ថុ​ធ្វើ​ឱ្យ​ឧបទ្វីប​កូរ៉េ​​ជា​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ ប៉ុន្តែការ​​ប្តេជ្ញា​ ជា​​ពាក្យ​​ ដែល​ងាយ​នឹង​ធ្វើ​កា​របក​ស្រាយ​ណាស់ ! ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ​ គេនៅ​តែ​មិន​ដឹង​សោះ​ឡើយ​ថាតើ​​អ្វី​ជា​សម្បទាន​របស់​កូរ៉េខាង​ជើងដែលត្រៀម​​យក​បញ្ហា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​​​មក​ចរចា​នោះ។

បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​សេអ៊ូល កូរ៉េខាង​ជើង មាន​សារធាតុ​ភ្លុយតូនីញ៉ូម​ដល់​ទៅ​៥០​គីឡូក្រាម ល្មម​គ្រាន់​នឹង​អាច​ផលិតគ្រាប់​បែក​បរមាណូ​បាន​ជាង​១០ និង​មាន​សមត្ថភាព​គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង ខាង​ផលិត​អាវុធ​ប្រើ​ធាតុ​អ៊ុយរ៉ាញ៉ូម​។ កិច្ចព្រមព្រៀង​មុនៗ សុទ្ធ​តែ​រលាយ​រលត់ទៅ​វិញ​ទាំង​អស់ ហើយ​គ្មាន​អ្នក​ជំនាញ​ណា​ម្នាក់ហ៊ាន​ភ្នាល់​ថា​មេដឹកនាំ​កូរ៉េខាង​ជើង​មាន​ឆន្ទៈ​ផ្តាច់​ខ្លួនចេញ​ព្រមបោះបង់​ទ្រព្យ​សំណព្វ​អាវុធប្រល័យ​លោក​ដ៏​​សក្តិសិទ្ធរបស់​គេ​ឡើយ។

ម្យ៉ាង​វិញ​ទៀត ដើម្បី​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ ដែល​គេ​លួច​អភិវឌ្ឍន៍​យ៉ាង​សម្ងាត់ តាំង​ពី​ជា​ច្រើនទសវត្សរ៍​មក​នោះ​ គេ​ត្រូវ​ការ​ពេលវេលា​យូរ​ និង​ពិបាក​ធ្វើ​ការ​ត្រួត​ពិនិត្យ​ខ្លាំងណាស់។ អ្នក​ឯកទេស​អាមេរិក​ដ៏​ល្បី​ល្បាញ​ម្នាក់ បាន​ប្រកាស​ថា​ ការលុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ភ្លាម និង​ទាំង​ស្រុង ជា​អ្វី​ដែល​មិន​អាច​ស្រមៃ​បាន​ទេ ! ព្រោះ​វា​មាន​ន័យ​ស្មើ​នឹង​កូរ៉េខាង​ជើង​សុំ​ចុះ​ចាញ់។

ការ​ចុះ​សន្ធិសញ្ញា​បញ្ចប់​សង្រ្គាម​កូរ៉េ

ការ​ចុះ​សន្ធិសញ្ញា​សន្តិភាព​នៅ​កូរ៉េ​ត្រូវ​បាន​លោក​ត្រាំ​មើល​ឃើញ​ជា​ចំណុច​ស្រួល​សម្រេច​ជាង​គេ។ សហរដ្ឋ​អាមេរិក​ ត្រៀម​ខ្លួន​នឹង​ធ្វើ​ជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​នោះ។ កូរ៉េខាង​ជើង​និង​ខាង​ត្បូង មិន​​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​នឹង​គ្នា បិទ​បញ្ចប់​សង្គ្រាម​ឆ្នាំ​១៩៥០-៥៣​ទេ ! គឺ​មាន​ត្រឹម​ចុះ​កិច្ច​ឈប់​បាញ់​ប៉ុណ្ណោះ ព្រោះ​កាលណោះ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​មិន​ព្រម​ចុះ​ហត្ថលេខា ដោយ​បាន​​បង្កើត​ត្រឹម​តំបន់​គ្មាន​កងទ័ព​ខណ្ឌ​ចែក​កូរ៉េ​ជា​ពីរ​រហូត​មក​ទល់​សព្វថ្ងៃ។

ប៉ុន្តែ​ក្រោយ​ជំនួប​ដ៏​កម្រ​កាលពី​ខែ​មេសា​ ​ប្រមុខ​ដឹកនាំ​កូរ៉េខា​ង​ជើង​ និង​ខាង​ត្បូង​ លោក គីម ជុងអ៊ុន និង​លោក មូន ចែអ៊ីន បាន​ព្រមព្រៀង​ស្វែង​រក​សន្ធិសញ្ញាសន្តិភាព និង​បាន​ប្រកាស​បើក​កិច្ចចរចា​ត្រី​ភាគី អាមេរិក​និង​កូរ៉េខាង​ទាំងពីរ។ ប៉ុន្តែ​ការ​ចរចា​អាច​ស្មុគ​ស្មាញជាង​ការ​គិត។ ​ដើម្បី​ឱ្យ​សន្ធិសញ្ញា​មាន​ទម្រង់​ត្រឹមត្រូវ​ និង​យក​ជាការ​បាន​ គេ​ត្រូវ​ហៅ​ចិន​ឱ្យមក​ចូល​រួម​ដែរ​ ព្រោះ​ចិន​ជា​ភាគី​ហត្ថលេខី​នៃ​បទ​ឈប់​បាញ់ និង​ជា​អ្នក​គាំទ្រ​ព្យុងយ៉ាង​ក្នុង​អំឡុង​ពេល​សង្គ្រាម។

ទណ្ឌកម្មរបស់អង្គការ​សហប្រជាជាតិ

ចំពោះ​បញ្ហា​ភ្ជាប់ទំនាក់ទំនង​ការ​ទូត និង​ការ​ដក​ទណ្ឌកម្មវិញ លោក​ដូណាល់ត្រាំ បានសម្តែង​កាយវិការ​បែប​ទាក់ទាញ​ ​ចង់មាន​ទំនាក់ទំនង​ជា​ធម្មតា​ជាមួយ​​អតី​ត​គូ​សត្រូវ ដោយ​គ្រោង​នឹង​​​អញ្ជើញ​លោក​គីមជុងអ៊ុន​ ឱ្យ​ទៅលេង​​វ៉ាស៊ីនតោន ផង​។ ប៉ុន្តែ​ការ​នេះ​ទំនង​មិនមែន​ជា​អាទិភាព​របស់​គីមជុងអ៊ុន​ប៉ុន្មាន​ទេ ! ប្រមុខ​ដឹកនាំកូរ៉េខាង​ជើង ចាប់​អារម្មណ៍​លើ​បញ្ហា​​ទណ្ឌកម្មរបស់​អង្គការ​សហប្រជាជាតិ ដែល​ភាគី​ទាំង​ពីរមាន​ទស្សនៈ​ផ្ទុយ​គ្នា​ស្រឡះ។ ព្យុងយ៉ាង​ចង់​ឱ្យ​មាន​ការ​បន្ធូរ​បន្ថយ​ជា​ដំណាក់ៗ​ទៅ​តាម​ល្បឿន​នៃ​ការ​រំសាយ​នុយក្លេអ៊ែរ។ឯ​អាមេរិក​តាំង​ជំហរ​ដក​ទណ្ឌចេញ​ពី​ព្យុងយ៉ាង​ ដរាប​ណា​តែ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​លុប​បំបាត់​ទាំង​ស្រុង ព្រោះអាមេរិក​ក៏​ដូច​ជា​​អ្នក​សង្កេត​ការណ៍ជា​​ច្រើន​ ​សង្ស័យ​ខ្លាំង​ថា​កូរ៉េខាង​ជើង​ប្រឹង​ធ្វើ​គ្រប់យ៉ាង​មក​នេះ គឺ​ក្នុង​កម្មវត្ថុ​តែ​មួយ​ ស្វែង​រក​ការ​លើក​ទណ្ឌកម្មចេញ​ពី​ប្រទេស​។​ អាមេរិក​ត្រៀម​ចាំ​ទទួល​លទ្ធផល​វិជ្ជមាន​និ​ងអវិជ្ជមាន​រួច​ស្រេច​ទៅ ហើយ។

 

ការ​ធានា​សន្តិសុខ

នៅ​ក្នុង​ជំនួប​ស្អែក​នេះ លោក ដូណាល់​ត្រាំ ទំនង​ជា​ត្រូវ​បញ្ជាក់​ជា​ថ្មី​ថា​អាមេរិក​បញ្ឈប់​នយោបាយ​ស្អប់​ខ្ពើម​កូរ៉េខាង​ជើង និង​ផ្តល់​ការ​ធានា​រក្សា​សន្តិសុខ​ជូន​ដល់​របប​ព្យុងយ៉ាង ហើយ​ក៏​មិន​ត្រូវទាមទារ​ឱ្យ​កូរ៉េខាង​ជើង​ប្តូរ​ផ្លាស់​​របប​ដឹកនាំ​ទេ ! ​ លោក​ ប៉ុមប៉េអូ រដ្ឋមន្ត្រី​ការបរទេសអាមេរិក ធា្លប់​បាន​ប្រកាស​សន្យា​ម្តង​ដែរ​ ក្រោយ​ពេល​មាន​លោក​ គីម​​ ជុងអ៊ុន ផ្ទុះ​កំហឹង​ចង់​ក្រលះ​ចិត្ត​លុប​ជំនួប​ថ្ងៃទី​១២​មិថុនា នៅពេល​​​ទីប្រឹក្សា​សន្តិសុខ​​ជាតិ​របស់​លោក​ដូណាល់ ត្រាំ​ និយាយ​អំពី​គំរូ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង ដូច​នៅ​លីប៊ី។

នេះ​ជាពាក្យ​ធានា​ចេញ​ពី​ខាង​អាមេរិក ! ប៉ុន្តែ​តើ​លោក​គីមជុងអ៊ុន​នឹង​ជឿ​ទុក​ចិត្ត​លើ​ពាក្យ​ធានា​របស់​លោក​ត្រាំប៉ុណ្ណា ! នេះ​ជា​បញ្ហា​ និង​ជា​ការព្រួយ​បារម្ភ​របស់​អ្នក​វិភាគ ដែល​ចោទ​សួរ​ខ្លួន​ឯង​ថា តើ​កូរ៉េខាង​ជើង​អាច​ទុក​ចិត្ត​​​បាន​យ៉ាង​ដូចម្តេច បើ​មួយ​រយៈ​កន្លង​មក​នេះ លោក​ត្រាំ​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ច្រើន ដូច​ជា​ហែក​ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ភាគីផ្សេង​ទៀត​នាំ​គ្នា​គោរព។

​បញ្ហា​សិទ្ធិមនុស្ស

នាយក​អង្គការ​ការពារសិទ្ធិមនុស្សHuman Rights Watch ​ប្រចាំ​អាស៊ី យល់​ថា លោក​ត្រាំ​ចាំបាច់​ត្រូវ​តែ​និយាយ​អំពី​បញ្ហា​សិទ្ធិមនុស្ស​ ព្រោះការ​រំលោភ​សិទ្ធិ​មាន​ជា​លក្ខណៈ​ទូទៅ​ទៅ ហើយ​នៅ​កូរ៉េខាង​ជើង។ ថ្វី​បើ​ការ​ចរចា​ជា​ទង្វើ​វិជ្ជមាន​មែន ប៉ុន្តែ​គេ​មិនត្រូវ​ភ្លេច​ទេថា​លោក​ គីម ជុង​អ៊ុន​ ជា​មេដឹកនាំ​ផ្តាច់ការ​មាន​ប្រព័ន្ធ​គាបសង្កត់បង្ក្រាប​ស្ទើរ​តែ​ខ្លាំង​ជាង​គេ​បំផុត​នៅ​លើ​លោក។ នេះ​​បើ​តាម​រំលឹក​របស់​អង្គការ​​ដែល​បញ្ជាក់​ទៀតថា​មានអ្នក​ទោស​មនសិកា​ប្រមាណ​១២ម៉ឺន​នាក់​ កំពុង​ជាប់​ទោស​រក​ទណ្ឌកម្ម​ក្នុង​ជំរំ​លត់ដំ។

ជប៉ុន​ ​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ បាន​ស្នើ​សុំ​ឱ្យ​លោក​ប្រធានាធិបតី​អាមេរិក​ សួរ​នាំ​​បញ្ហា​ ​លោក​គីមជុងអ៊ុន ​អំពី​ជោគ​វាសនា​របស់​ពលរដ្ឋ​ជប៉ុន​ដែល​កូរ៉េខាង​ជើង​បាន​ចាប់​ខ្លួនជំរិត​​យក​ទៅ​ នៅក្នុង​អំឡុង​ឆ្នាំ​១៩៧០-៨០ ដើម្បី​បង្រៀន​ភ្នាក់ងារ​ចារកិច្ច​​កូរ៉េខាង​ជើង​អំពីភាសា​និង​ទំនៀម​ទម្លាប់​ជប៉ុន៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ប្រមុខ​​ដឹកនាំ​​កូរ៉េខាង​ជើង លោក​ គីមជុងអ៊ុន បាន​ទៅ​ដល់​ប្រទេស​សិង្ហបុរី

    ស្វែងយល់បន្ថែម

  • អាមេរិក-កូរ៉េខាងជើង​

    Trump នឹង​ទទួល​​​ ​​​គីម ជុងអ៊ុន ​​នៅ​​វ៉ាស៊ីងតោន​ បើ​​​ជំនួប​កំពូល​​​នៅ​​​សិង្ហបុរី​​បាន​​​ជោគជ័យ

    ស្វែងយល់បន្ថែម

  • លោក​ដូណាល់ត្រាំ​ទទួលជួប​លោក​ស្ហ៊ីនហ្សូអាបេ​មុន​ជំនួបកំពូល​ជាមួយ​លោក​គីមជុងអ៊ុន

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    កូរ៉េខាងជើង​ប្តូរផ្លាស់​មេដឹកនាំ​កំពូលៗ ក្នុង​ជួរ​កងទ័ព

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ