សេចក្តីថ្លែងការណ៍រួមរវាងលោកត្រាំ និងលោកគីមចែងពីអ្វី និងអាចបិទបញ្ចប់អធិកររវាងគ្នាឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៦
ជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនក្នុងប្រទេសសិង្ហបុរីនាថ្ងៃទី១២ មិថុនានេះបានបិទបញ្ចប់។ កិច្ចសន្ទនារវាងលោកត្រាំ និងលោកគីមមានរយៈពេលសរុបជិត ៥ម៉ោងដោយចាប់ផ្តើមពីជំនួបទល់មុខគ្នាប្រមាណជា ៤០នាទី បន្តដោយកិច្ចប្រជុំការងារ និងការស្រស់ស្រូបអាហារថ្ងៃត្រង់រួមគ្នា។ លោកត្រាំ និងលោកគីមសុទ្ធតែបានអះអាងដូចគ្នាពីជំនួបដ៏អស្ចារ្យ និងពោរពេញដោយភាពកក់ក្តៅ។ នៅចុងបញ្ចប់នៃជំនួប លោកត្រាំ និងលោកគីមបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ។
សេចក្តីថ្លែងការណ៍បានផ្តោតសំខាន់លើ ៤ ចំណុច ទី១ អាមេរិក និងកូរ៉េខាងជើងសន្យានឹងស្ថាបនាទំនាក់ទំនងថ្មីរវាងគ្នាដោយអនុលោមតាមឆន្ទៈសន្តិភាព និងភាពរុងរឿងរបស់ពលរដ្ឋនៃប្រទេសទាំងពីរ ទី២ អាមេរិក និងកូរ៉េខាងជើងនឹងរួបរួមគ្នាប្រឹងប្រែងកសាងរបបសន្តិភាពមួយយូរអង្វែង និងមានស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េ ទី៣ បញ្ជាក់ជាថ្មីពីសេចក្តីថ្លែងការណ៍ Panmunjom ចុះហត្ថលេខាថ្ងៃទី២៧ មេសា ឆ្នាំ ២០១៨ ដែលកូរ៉េខាងជើងសន្យាបំបាត់នុយក្លេអ៊ែរចោលទាំងស្រុងនៅក្នុងឧបទ្វីបកូរ៉េ និងទី៤ អាមេរិក និងកូរ៉េខាងជើងសន្យាបន្តស្វែងរកអដ្ឋិធាតុអ្នកទោសសង្រ្គាម និងអ្នកបាត់ខ្លួនក្នុងសម័យសង្រ្គាម ហើយបញ្ជូនចេញភ្លាមៗចំពោះអដ្ឋិធាតុ ឬអ្នកបាត់ខ្លួនដែលបានស្គាល់អត្តសញ្ញាណ។
មានចំណុចសំខាន់ចំនួនពីរដែលគេអាចទាញចេញពីសេចក្តីថ្លែងការណ៍រួម ទី១ ការសន្យារបស់លោកគីមក្នុងការរំសាយនុយក្លេអ៊ែរ និងទី២ ការសន្យាធានាសន្តិសុខរបស់លោកត្រាំចំពោះរបបក្រុងព្យុងយ៉ាង។ ទាំងលោកត្រាំ និងលោកគីមសុទ្ធតែបានបង្ហាញឲ្យឃើញនូវសុឆន្ទៈចង់សម្រុះសម្រួល និងហាក់បានយល់ពីផលវិបាកនៃការប្រឈមមុខដាក់គ្នា។ លោកត្រាំ និងលោកគីមបានយល់ឃើញដូចគ្នាថា មានតែការបង្កើតឲ្យមានឡើងវិញនូវទំនាក់ទំនងរវាងគ្នាទេទើបគេអាចចូលរួមចំណែកកសាងសន្តិភាព និងភាពសំបូររុងរឿងនៅក្នុងឧបទ្វីបកូរ៉េ និងនៅក្នុងពិភពលោកបាន។
អាមេរិក និងកូរ៉េខាងជើងបានឯកភាពគ្នាក្នុងការបន្តកិច្ចចរចានៅថ្ងៃមុខដើម្បីតាមដានការអនុវត្តន៍សេចក្តីថ្លែងការណ៍រួម ហើយកិច្ចចរចាជាបន្តនឹងដឹកនាំដោយលោកប្រមុខការទូតអាមេរិក Mike Pompeo និងសមភាគីជាន់ខ្ពស់កូរ៉េខាងជើង។
បញ្ហារំសាយនុយក្លេអ៊ែរបន្តស្រពិចស្រពិល?
ការបំបាត់ចោលនុយក្លេអ៊ែរទាំងស្រុងដែលជាការសន្យារបស់លោកគីម ជុងអ៊ុន និងជាការចង់បានរបស់លោកដូណាល់ ត្រាំកំពុងបន្តស្ថិតក្នុងភាពស្រពិចស្រពិល។ សេចក្តីថ្លែងការណ៍ដែលលោកត្រាំ និងលោកគីមទើបបានចុះហត្ថលេខាជាសេចក្តីថ្លែងការណ៍ដែលមានមានលក្ខណៈទូលំទូលាយខ្លាំង និងមិនចែងលំអិតស្តីពីបញ្ហានុយក្លេអ៊ែរទេ។ តាំងពីថ្ងៃយល់ព្រមជួបគ្នារហូតដល់បានជួបគ្នាថ្ងៃនេះ ប្រធានបទអាទិភាពដែលលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុនបាននិយាយច្រើន គឺបញ្ហានុយក្លេអ៊ែរ ពិសេសការរំសាយចោលនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
តែបញ្ហានៅត្រង់ថាមកទល់ពេលនេះ ភាគីទាំងពីរបន្តឲ្យនិយមន័យ ឬមានការយល់ឃើញខុសគ្នាលើពាក្យរំសាយនុយក្លេអ៊ែរ។ សម្រាប់ភាគីអាមេរិក លោកត្រាំចង់បានការរំសាយនុយក្លេអ៊ែរទាំងស្រុង មានការត្រួតពិនិត្យត្រឹមត្រូវ និងគ្មានការត្រឡប់វិញ។ ចំណែកកូរ៉េខាងជើង លោកគីមបានត្រឹមសន្យា និងក៏ប្រើពាក្យរំសាយនុយក្លេអ៊ែរទាំងស្រុងដែរ តែមិនបានលំអិតអ្វីឲ្យបានលើសពីនេះទេ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់អាចនិយាយថាជាឆន្ទៈល្អ ឬមិនល្អរបស់លោកត្រាំ ឬរបស់លោកគីមទេ ព្រោះអ្វីៗដែលបានកើតមានក្នុងថ្ងៃនេះគ្រាន់ជាចំណុចចាប់ផ្តើមមួយ។
សេចក្តីថ្លែងការណ៍ដែលបានចុះហត្ថលេខាជាមូលដ្ឋានគ្រឹះសម្រាប់ឲ្យភាគីទាំងពីរបន្តកិច្ចចរចាសំដៅទៅសម្រេចបានលទ្ធផលដូចដែលគ្រប់គ្នាចង់បាន។ ដូច្នេះ ផ្លូវដែលត្រូវដើរឆ្ពោះទៅរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង និងការស្ថាបនាសន្តិភាពមួយនៅឧបទ្វីបកូរ៉េនៅវែងឆ្ងាយ ហើយជោគជ័យ ឬបរាជ័យក្នុងការអនុវត្តលើសេចក្តីថ្លែងការណ៍នេះ គឺអាស្រ័យទាំងស្រុងលើឆន្ទៈពិតប្រាកដរបស់លោកត្រាំ និងលោកគីម។ គួររម្លឹកជូនថាកន្លងមក អាមេរិក និងកូរ៉េខាងជើងធ្លាប់បានចុះសេចក្តីថ្លែងការណ៍រវាងគ្នាម្តងកាលពីឆ្នាំ ១៩៩៤ ក្នុងជំនាន់លោកប្រធានាធិបតីអាមេរិកប៊ីល គ្លីនតុន និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ីល។ តែទីបំផុត កិច្ចព្រមព្រៀងកាលណោះត្រូវបានរំលោភបំពានដោយភាគីទាំងសងខាង។
លោកគីមមានប្រៀបជាងលោកត្រាំ
ការមានជំនួបថ្ងៃនេះជាជោគជ័យរបស់អាមេរិក និងកូរ៉េខាងជើង និយាយជារួម និងជោគជ័យរបស់លោកត្រាំ និងលោកគីម និយាយដោយឡែក។ ពិតជាគ្មាននរណាម្នាក់នឹកស្មានដល់សោះឡើយថា បន្ទាប់ពីបានប្រើពាក្យគំរាមកំហែង និងជេរប្រមាថគ្នានៅប៉ុន្មានសប្តាហ៍មុនសោះ ស្រាប់បុរសខ្លាំងទាំងពីរនៅតែយល់ព្រមជួបគ្នា បង្ហាញចេញនូវភាពស្និតស្នាល និងភាពស្មោះត្រង់រវាងគ្នាតាំងពីដើមទីរហូតដល់សម្រេចបានសេចក្តីថ្លែងការណ៍រួមមួយ។ តែមានការលើកឡើងថា រូបភាពនៃជំនួបរវាងត្រាំ និងគីមថ្ងៃនេះមានបង្កប់ដោយនិមិត្តរូបច្រើនជាងក្តីសង្ឃឹមជាក់ស្តែង។
ជារួម លោកត្រាំ និងលោកគីមជាអ្នកទទួលបានជោគជ័យដូចគ្នា តែលោកគីមហាក់ទទួលបានកិត្តិយស និងមានប្រៀបជាងលោកត្រាំ។ ការហ៊ាននិយាយយ៉ាងដូចនេះក៏ដោយសារថា ក្នុងនាមជាមេដឹកនាំប្រទេសមួយឯកោលើឆាកអន្តរជាតិ ជាប្រទេសក្រល្ហេមល្ហាម តែមាននុយក្លេអ៊ែរ លោកគីមដែលទើបមានអាយុ ៣០ឆ្នាំប្លាយបានជំនះលោកត្រាំអាយុ ៧១ឆ្នាំ និងជាជាមេដឹកនាំមហាអំណាចក្នុងលោកឲ្យយល់ព្រមអង្គុយជជែកស្មើភាពគ្នាដូចមេដឹកនាំបរទេសផ្សេងទៀត ព្រមទាំងទទួលស្គាល់កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរមួយក្នុងលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ