រឿងសិទ្ធិមនុស្សមិនត្រូវបានលើកទៅជជែកនៅក្នុងជំនួបកំពូលរវាងលោកត្រាំ និងលោកគីម
ជំនួបកំពូលជាប្រវត្តិសាស្រ្តក្នុងថ្ងៃអង្គារ ទី១២ មិថុនានៅប្រទេសសិង្ហបុរីរវាងលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានបិទបញ្ចប់ដោយទទួលបានសេចក្តីថ្លែងការណ៍រួមមួយ។ ជាមួយនឹងសេចក្តីថ្លែងការណ៍រួមនេះ លោកគីមបានសាទរ និងបញ្ជាក់ពីការបង្កើតបាននូវចំណងទាក់ទងពិសេសជាមួយលោកត្រាំ។ ចំណែកលោកត្រាំបានធានាថា នីតិវិធីនៃការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនឹងចាប់ផ្តើមឆាប់ៗខាងមុខ។ តែរឿងសិទ្ធិមនុស្ស និងសិទ្ធិបញ្ចេញមតិហាក់មិនត្រូវលើកយកទៅនិយាយនៅក្នុងជំនួបនោះទេ។ នៅក្នុងន័យនេះ ក្រុមអ្នកការពារសិទ្ធិមនុស្សបានរម្លឹកជាថ្មីថា កូរ៉េខាងជើងជាគុកឥតជញ្ជាំង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៧
តាំងពីការញញឹម និងចាប់ដៃគ្នាយ៉ាងរលាក់រហូតដល់ក្នុងពេលអង្គុយជជែកទល់មុខគ្នា និងការស្រស់ស្រូបអាហាររួមគ្នា លោកត្រាំ និងលោកគីមហាក់បានបំភ្លេចចោលទាំងស្រុងនូវរឿងរកាំរកូសដែលមានរវាងគ្នា រួមទាំងព្រឹត្តិការណ៍ជាច្រើនដែលបានកើតមាននៅកូរ៉េខាងជើង និងដែលលោកត្រាំធា្លប់បានរិះគន់ ទិតៀនវាយបរិហារមិនតមសម្តីទេ ពិសេសទាក់ទងនឹងរឿងសិទ្ធិមនុស្ស និងសិទ្ធិក្នុងការបញ្ចេញមតិ។ នៅក្នុងសន្និសីទកាសែត លោកត្រាំបានធានាអះអាងពីការលើកយកបញ្ហាសិទ្ធិមនុស្សទៅនិយាយជាមួយលោកគីម។ តែលោកត្រាំហាក់មិនបានលំអិតអ្វីបន្ថែម ហើយបែរជាឆ្លើយពង្វាងនឹងសំណួររបស់អ្នកកាសែតម្នាក់ដែលសួរពីរឿងជនជាតិអាមេរិកាំងម្នាក់ឈ្មោះ Otto Warmbier។
លោក Otto ជានិស្សិតអាមេរិកាំងដែលបានទៅលេងកូរ៉េខាងជើងក្នុងឆ្នាំ ២០១៦ តែត្រូវបានរដ្ឋអំណាចក្រុងព្យុងយ៉ាងកាត់ទោសឲ្យធ្វើការជាទម្ងន់ចំនួន ១៥ឆ្នាំក្នុងបទបានបំផ្លាញផ្ទាំងបដាឃោសនាក្នុងសណ្ធាគារដែលគាត់ស្នាក់នៅ។ ទីបំផុតក្នុងថ្ងៃទី១៣ មិថុនា ឆ្នាំ ២០១៧ លោក Otto ត្រូវបានរដ្ឋអំណាចកូរ៉េខាងជើងបានបញ្ជូនទៅអាមេរិកក្នុងស្ថានភាពសន្លប់បាត់ស្មារតី និងទទួលមរណភាពនៅ ១សប្តាហ៍ក្រោយមក។ ពេលនោះ រូបលោកត្រាំមិនញញើតនឹងបរិហាររបបសាហាវយង់ឃ្នងរបស់លោកគីមទេ។ ក្រៅពីរឿងរ៉ាវមួយនេះ លោកគីមក៏ជាប់ចោទក្នុងរឿងអូស ក ឱពុកមាលោកចាង សុងថេកទៅកាត់ទោសប្រហារជីវិតក្នុងបទក្បត់ជាតិក្នុងឆ្នាំ ២០១២ និងសម្លាប់បងប្រុសម្តាយទីទែលោកគីម ជុងណាមនៅព្រលានយន្តហោះប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ ២០១៧។
របាយការណ៍ស្តីពីសិទ្ធិមនុស្សក្នុងលោករបស់ក្រសួងការបរទេសអាមេរិកឆ្នាំ ២០១៧ បានចោទកូរ៉េខាងជើងពីបទរំលោភសិទ្ធិមនុស្សតាមរយៈការធ្វើទារុណកម្ម ចាប់ញាត់គុកដោយមិនបាច់កាត់ទោស គាបសង្កត់លើសកម្មជនប្រឆាំង និងចាប់ជំរិតមនុស្សនៅបរទេស។ នៅមុនជំនួបកំពូលត្រាំ គីម មានក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិជាង ៣០០អង្គការបានអំពាវនាវឲ្យក្រុងព្យុងយ៉ាងគោរពសិទ្ធិមនុស្ស។ ក្រុមអ្នកការពារសិទ្ធិមនុស្សបានចាត់ទុកកូរ៉េខាងជើងជាគុកឥតជញ្ជាំងដំបូលប្រក់មេឃ។ Amnesty International បានសម្តែងការសោកស្តាយដែលស្ថានភាពសិទ្ធិមនុស្សមិនត្រូវបានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមនៃជំនួបរវាងលោកត្រាំ និងលោកគីម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ