អានតួអត្ថបទ
បារាំង

ហេតុអ្វី បាន​ជា​បារាំង​ពង្រឹង​វត្តមាន​ទ័ព​នៅ​សមុទ្រ​ចិន​ខាងត្បូង?

បារាំង កំពុង​បង្កើន វត្តមាន​យោធា​របស់ខ្លួន នៅ​តំបន់​ឥណ្ឌូ ប៉ាស៊ីហ្វិក តាមរយៈ​ការបញ្ជូន​នាវា​ចម្បាំង ទៅ​សមុទ្រ​ចិន​ខាងត្បូង​ជាដើម។ នៅ​ខែ​សីហា​ខាងមុខ កងទ័ព​បារាំង​នឹង​ចូលរួម​ផងដែរ ក្នុង​សមយុទ្ធ​ដ៏​ធំ​មួយ នៅ​តំបន់​អាស៊ី អាគ្នេយ៍ នៅក្នុង​យុទ្ធសាស្រ្ត​ដែល​បារាំង​ចង់​បញ្ជាក់​ជំហរ​យោធា របស់ខ្លួន បន្ទាប់​ពី​អាមេរិក នៅ​ក្នុង​ដែនទឹក ដែល​កំពុង​ឈ្លោះ​ដណ្តើមគ្នា​រវាង​ប្រទេស​សមាជិក​អាស៊ាន និង​មហាអំណាច​ចិន។ 

នាវាចម្បាំង​របស់​បារាំង LHD Dixmude ចត​នៅ​ប្រទេស​សិង្ហបុរី នៅ​ឆ្នាំ ២០១៥
នាវាចម្បាំង​របស់​បារាំង LHD Dixmude ចត​នៅ​ប្រទេស​សិង្ហបុរី នៅ​ឆ្នាំ ២០១៥ ©ROSLAN RAHMAN / AFP
ផ្សាយពាណិជ្ជកម្ម

ចុង​ខែ​ឧសភា​កន្លងទៅ នាវាចម្បាំង​របស់​បារាំង ឈ្មោះ Dixmude​បាន​បើក ឆ្លងកាត់​តំបន់ថ្ម​ប៉ប្រះ​ទឹក នៅ​Spratleys ដែល​ចិន​បានប្រែក្លាយ​ទៅ​ជាកោះ​សិប្បនិម្មិត នៅសមុទ្រ​ចិន​ខាងត្បូង។ មេបញ្ជារការ​កប៉ាល់ចម្បាំង​បារាំង លោក​Jean Porcher បាន​និយាយ​ប្រាប់​អ្នកកាសែត ថា នាវា​ចម្បាំង​បារាំង​បើកល្បាត នៅក្បែរ​ប្រជុំកោះ ទាំងនោះ​ដើម្បី​ប្រមូល​ព័ត៌មាន​ទាំងឡាយ ដែល​បញ្ជាក់​ថា តើ​គេ​អាច​ចរាចរ ប្រើប្រាស់​ដែនទឹក​អន្តរជាតិ នៅ​សមុទ្រ​ចិន​ខាងត្បូង ដែរ​ឬទេ។ តាម​មេបញ្ជាការ​បារាំង នាវាចម្បាំង Dixmude បាន​និយាយ​ទាក់ទង​ជាប់ជានិច្ច​ជាមួយ​កប៉ាល់​ល្បាត​ចិន ដែល​មាន​វត្តមានប្រចាំការ​នៅ​សមុទ្រ​ចិន​ខាងត្បូង។

រហូត​មក មាន​តែ​អាមេរិក​ទេ ដែល​បាន​បញ្ជូន​កប៉ាល់​ចម្បាំង ទៅ​សមុទ្រ​ចិន​ខាងត្បូង ដើម្បី ប្រឈមតទល់​នឹង​ចិន ដែលបាន​ទាមទារ​គ្រប់គ្រង​ផ្តាច់មុខ តំបន់​សមុទ្រ​ចិន​ខាងត្បូង។ បារាំង​ជា​ប្រទេស​ទីមួយ​របស់​អឺរ៉ុប​ដែល​បាន​បែរ​ផ្តោត​យុទ្ធសាស្រ្ត​យោធា របស់ខ្លួន​ទៅ​ក្នុង​តំបន់​ទឹកអាស៊ី។ ដូចអាមេរិក​ដែល​អះអាង​ពី​សិទ្ធិ​ធ្វើចរាចរ​ក្នុង​ដែន​ទឹកសមុទ្រ​អន្តរជាតិ បារាំង បាន​បង្កើន​វត្តមាន​នាវាចម្បាំង​របស់ខ្លួន​នៅ​តំបន់​ឥណ្ឌូ ប៉ាស៊ីហ្វិក ក្នុង​ហេតុផល ផងដែរ ដើម្បី​ការពារ​ផលប្រយោជន៍ ដែនទឹក​របស់ខ្លួន និង​ប្រជាជន​បារាំង ជិត ២លាន​នាក់ ដែលរស់នៅ​ក្នុងដែនដី​នាយសមុទ្រ​របស់​បារាំង។

វត្តមាន​កាន់តែច្រើន​របស់​នាវា​ចម្បាំង​បារាំង នៅ​សមុទ្រ​ចិន ធ្វើឡើង​នៅក្រោយ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង លោកអេម៉ានុយអែល ម៉ាក្រុង នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ខែ​ឧសភា​កន្លងទៅ។ នៅក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​អូស្ត្រាលី ប្រធានាធិបតី បារាំង លោក​ម៉ាក្រុង បាន​និយាយថា បារាំង​មិន​ចង់​ប្រឆាំង​នឹង​ចិន​នោះទេ ប៉ុន្តែ បារាំង​ត្រូវការ​ការពារ​តំបន់​ឥណ្ឌូ ប៉ាស៊ីហ្វិក ពី​អនុត្តរភាព​របស់​ប្រទេស​មហាអំណាច​ណាមួយ។ ដើម្បី​បញ្ជាក់​ជំហរ​របស់ខ្លួន បារាំង​នៅខែ​សីហា​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​ដ៏​ធំមួយ ជាមួយ អូស្ត្រាលី ឥណ្ឌា និង​ប្រទេស​ផ្សេងទៀត នៅ អាស៊ីអាគ្នេយ៍ ដោយ​មាន​ការចូលរួម​ពី​យន្តហោះ​ចម្បាំង រាហ្វាល់ យន្តហោះ​ដឹក​កងទ័ព ហើយ​និង​យន្តហោះ​ចាក់ប្រេង​នៅលើ​ដែនអាកាស។

អ្នកវិភាគ​បារាំង​មួយ​ចំនួន​វាយតម្លៃថា បារាំង​បញ្ជូន​យន្តហោះ នាវាចម្បាំងរបស់ខ្លួន​ទៅ​អាស៊ី ក្នុង​បំណង​ធានា​ជំនឿទុកចិត្ត​របស់​អតិថិជន​ដែល​ទិញ​សព្វាវុធ​របស់​បារាំង​ទៅវិញទេ។ តួយ៉ាង អូស្ត្រាលី កំពុង​បញ្ជាទិញ​នាវា​មុជទឹក​បារាំង​ក្នុង​ទឹកប្រាក់ ៣១​ពាន់​លាន​អឺរ៉ូ ចំណែក​ឥណ្ឌា ជា​អតិថិជន ដែល​បាន​ទិញ​យន្តហោះ​រាហ្វាល់​របស់​បារាំង ដល់​ទៅ ៣៦គ្រឿង កាលពី​ឆ្នាំ ២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ