អានតួអត្ថបទ
អាមេរិក-ចិន

សង្រ្គាមពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​កំពុង​បន្ត​ជា​បច្ចុប្បន្នភាព​ក្តៅគគុក

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មិថុនា​នេះ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​រួមប្រជុំ​ទីប្រឹក្សា​ពាណិជ្ជកម្ម​របស់​លោក​ដើម្បី​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​ផលិតផល​ចិន​ដែល​នាំ​ចូល​អាមេរិក។ អ្នក​ទទួល​ខុសត្រូវ​ម្នាក់​ក្នុង​រដ្ឋបាល​របស់​លោក​ត្រាំ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី១៣ មិថុនា​ថា លោក​ត្រាំ​អាច​នឹង​សម្រេច​លើ​បញ្ជី​ឈ្មោះ​ផលិតផល​ចិន​ដែល​ត្រូវ​ដំឡើង​ពន្ធ​បន្ថែម។ តាម​រូប​អ្នក​ទទួល​ខុស​ត្រូវ​ដដែល បញ្ជី​ថ្មី​នោះ​នឹង​អាច​មាន​ការ​ដក និង​ការ​ដាក់​បន្ថែម​ផលិតផល​ចិន​ដែល​ត្រូវ​ដំឡើង​ពន្ធ។

សង្រ្គាមពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​កំពុង​បន្ត​ជា​បច្ចុប្បន្នភាព​ក្តៅគគុក
សង្រ្គាមពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​កំពុង​បន្ត​ជា​បច្ចុប្បន្នភាព​ក្តៅគគុក Andy Wong/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​សុក្រ ទី១៥ មិថុនា លោក​ដូណាល់ ត្រាំ​ត្រូវ​អនុម័ត​លើ​បញ្ជី​ថ្មី​ស្តីពី​ផលិតផល​ចិន​នាំ​ចូល​អាមេរិក​ដែល​ត្រូវ​ដំឡើង​ពន្ធ​បន្ថែម។ ប្រភព​ស្និត​នឹង​សំណុំរឿង​នេះ​បាន​ឲ្យ​ដឹង​ថា បញ្ជី​ថ្មី​នឹង​ត្រូវ​ស្រាល​ជាង​បញ្ជី​ចាស់​បន្តិច ព្រោះ​មាន​ផលិតផល​ខ្លះ​ត្រូវ​បាន​ដក​ចេញ​វិញ តែ​ក៏​មាន​ដាក់​បន្ថែម​ផលិតផល​មួយ​ចំនួន​ជំនួស​វិញ​ដែរ។ អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​ទៀត​ក្នុង​រដ្ឋបាល​របស់​លោក​ត្រាំ​បាន​បញ្ជាក់​ថា បញ្ជី​ថ្មី​នោះ​នឹង​មាន​ផលិតផល​សរុប​ចំនួន ១ ៣០០ប្រភេទ​ដែល​រដ្ឋបាល​អាមេរិក​អាច​ទទួល​បាន​ប្រាក់ពន្ធ​បន្ថែម​ជិត ៥០ ០០០លានដុល្លារ​ដូច​ដែល​សេតវិមាន​ចង់​បាន។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ការ​ដំឡើង​ពន្ធ​បន្ថែម​លើ​ផលិតផល​ចិន​នាំ​ចូល​អាមេរិក​នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​ទេ។ តែ​ក្រុម​អ្នកបញ្ចុះបញ្ចូល​ចង់​ឲ្យ​យក​ក្រិត្យ​ស្តីពី​ការ​ដំឡើង​ពន្ធ​នោះ​ទៅ​ចុះ​ក្នុង​បញ្ជី​រដ្ឋកិច្ច​នៅ​ថ្ងៃ​សុក្រ ទី១៥ មិថុនា ឬ​យ៉ាង​យូរ​បំផុត​នៅ​ក្នុង​សប្តាហ៍​ក្រោយ។ តាម​ច្បាប់​ពន្ធដារ​អាមេរិក​ក្នុង​ឆ្នាំ ១៩៧៤ លោក​ប្រធានាធិបតី​អាច​ពន្យា​ពេល ៣០ថ្ងៃ​ក្នុង​ការ​ប្រកាស​ឲ្យ​អនុវត្ត​ក្រិត្យ​ដំឡើង​ពន្ធ​នោះ ឬ​ពន្យា​ពេល​រហូត​ដល់ ១៨០ថ្ងៃ​ប្រសិន​បើ​ក្រសួង​ពាណិជ្ជកម្ម​ផ្តល់​ហេតុផល​ថា កិច្ចចរចា​ជាមួយ​ចិន​កំពុង​ចម្រើន​ទៅ​មុខ។

បន្ទាប់​ពី​ត្រឡប់​ពី​ការ​ចូលរួម​ជំនួបកំពូល G៧ ក្នុង​ប្រទេស​កាណាដា និង​ជំនួបកំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុនមក លោក​ត្រាំ​ហាក់​មិន​បាន​បោះបង់​ចោល​ពី​ចេតនា​របស់​ខ្លួន​ទេ។ នៅ​ក្នុង​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍ Fox News ផ្សាយ​ក្នុង​ថ្ងៃ​ពុធ ទី១៣ មិថុនា លោក​ត្រាំ​បាន​សន្យា​បង្រ្កាប​ចិន​ឲ្យ​ចាស់ដៃ។ មក​ទល់​ពេល​នេះ កិច្ចចរចា​រវាង​អាមេរិក និង​ចិន​ក្នុង​រឿង​ពាណិជ្ជកម្ម​ហាក់​មិន​ទាន់​អាច​ចុះ​សម្រុង​គ្នា​នៅ​ឡើយ​ទេ។ នា​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​អាមេរិក​នៅ​ចិន​កាល​ពី​ដើម​ខែ​មិថុនា ចិន​បាន​យល់ព្រម​ទិញ​ផលិតផល​អាមេរិក​បន្ថែម​ក្នុង​ទឹកប្រាក់​សរុប ៧០ ០០០លានដុល្លារ តែ​សេតវិមាន​បាន​ច្រានចោល​សំណើ​នេះ​របស់​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ