អានតួអត្ថបទ
ស៊ុយអែត

តុលាការ​ស៊ុយអែត ផ្តន្ទាទោស​ជនជាតិ​ចិន ពីបទ​ធ្វើ​ចារកម្ម​លើ​ជនភៀសខ្លួន​ទីបេ នៅបរទេស

ជនជាតិ​ម្នាក់​ត្រូវ​បាន​តុលាការ​ស៊ុយអែត សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ២២​ខែ ពីបទ​បន្លំខ្លួន ចូល​លួច​យកការណ៍​ពី​សហគមន៍​ជនភៀសខ្លួន ទីបេ នៅ​ទឹកដី​ស៊ុយអែត សម្រាប់​ប្រយោជន៍​ប្រទេស​ចិន។ ជាទូទៅ ចារកម្ម​យកការណ៍ ពី​ជនភៀសខ្លួន នៅទឹកដី​បរទេស​ធ្វើឡើង ក្នុង​គោលដៅ ដាក់សម្ពាធ លើ​ជនភៀសខ្លួន ឲ្យឈប់ រិះគន់​របបដឹកនាំ​នៅ​ប្រទេស​កំណើត។ 

សហគមន៍​ជនជាតិ​ទីបេ នៅ​ប្រទេស​ស៊ុយអែត
សហគមន៍​ជនជាតិ​ទីបេ នៅ​ប្រទេស​ស៊ុយអែត ©Tibetan community in sweden
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីសម្រេច​កាលពី​ថ្ងៃ​សុក្រ តុលាការ​ស៊ុយអែត​បាន​បញ្ជាក់ថា Dorjeee Gyantsan ជនជាតិ​ចិន អាយុ ៤៩​ឆ្នាំ ត្រូវ​ទទួល​ទោសទណ្ឌ ព្រោះ​សកម្មភាព​លួចយកការណ៍​ក្នុង​ទ្រង់ទ្រាយ​ដ៏ធំ របស់​ជនជាតិ​ចិន​រូបនេះ​កំពុង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​របស់​ជនភៀសខ្លួន ទីបេ នៅ​ប្រទេស​ស៊ុយអែត ហើយ​និង​ក្រុមគ្រួសារ​របស់ពួកគេ ដែល​រស់នៅ​ក្នុង​ទឹកដី​ទីបេ។

រត់ចេញ​ពី​ប្រទេស​ចិន នៅ​ទសវត្សរ៍ ឆ្នាំ ១៩៩០ និង​បានធ្វើដំណើរ​ទៅ​រស់នៅ​ប្រទេស​ស៊ុយអែត នៅ​ឆ្នាំ ២០០០ ក្នុង​នាមជាជនភៀសខ្លួន ទីបេ ការពារ​ដោយ​អង្គការ​សហប្រជាជាតិ ​ជនជាប់ចោទ ដែល​មាន​ម្តាយ​ទីបេ និង​ឪពុក​ចិន បាន​ប្រើ​អត្តសញ្ញាណ​ផ្សេងៗគ្នា ដើម្បី​បន្លំខ្លួន​យកការណ៍​ពីសហគមន៍​ទីបេ នៅ​ទឹកដី​ស្កង់ឌីណាវ ដូចជា​បន្លំ​ខ្លួន​ជាអ្នកកាសែត​របស់​សំឡេង​ទីបេ ដើម្បី តាមដាន​សកម្មភាព ហែក្បួន ស្វាគម​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា នៅ​ប្រទេស​ន័រវែស ជាដើម។

នៅក្នុង​សេចក្តីសន្និដ្ឋាន​របស់​ខ្លួន ចៅក្រម​ស៊ុយអែត​បាន​វាយតម្លៃថា ជនជាប់ចោទ​ចិន​បាន​ជួប​ជាញឹកញាប់ លេខាទូត​ចិន នៅ​ប្រទេស​ប៉ូឡូញ ដើម្បី​ផ្តល់​ព័ត៌មាន​ដែល​ខ្លួន​ប្រមូល​បាន​ទាក់ទង​នឹង​សហគមន៍​ទីបេ ជាថ្នូរ​ទៅ​នឹង​ប្រាក់សុទ្ធ។ សកម្មភាព​ចារកម្ម​របស់​ជនជាតិ​ចិន Dorjee Gyantsan បានចាប់ផ្តើម​តាំង​ពី​ខែកក្កដា​ឆ្នាំ ២០១៥ ប៉ុន្តែ ត្រូវ​បាន​ប៉ូលិស​ស៊ុយអែត ចាប់ខ្លួន នៅខែ​កុម្ភៈ ឆ្នាំ មុន នៅ​ពេល​ធ្វើដំណើរ​ត្រលប់​មក​ពី​ប្រទេស​ប៉ូឡូញ ជាមួយ​នឹង​ទឹកប្រាក់​សុទ្ធ​៦ពាន់​ដុល្លារ។ ប៉ូលិស​ស៊ុយអែត បាន​ចាប់ខ្លួន​ជនជាតិ ដោយ​ពឹងផ្អែក​លើ​សក្ខីកម្ម​របស់​ជនភៀសខ្លួន ទីបេ សៀវភៅ​លេខទូរស័ព្ទ ហើយ​និង​ព័ត៌មាន​ស្តីពី​ដំណើរ​ចេញចូល​ទៅបរទេស របស់​ជនជាតិ​រូបនេះ Dorjee Gyantsan។ រដ្ឋាភិបាល មួយចំនួន​បាន​បង្កប់​ចារកិច្ច​របស់ខ្លួន​នៅ​បរទេស ដើម្បី​តាមដាន ជា​ប្រចាំ​សកម្មភាព​នយោបាយ​របស់​ពួកគេទាំងនោះ។ គោលដៅ​គឺ​ដើម្បី​កំណត់​អត្តសញ្ញាណ ទីកន្លែង​រស់នៅ របស់​ក្រុមអ្នកប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​ស្រុក។ ជារួម គេអាច​ប្រើ ព័ត៌មាន​ដែល​ចារកិច្ច​ប្រមូលបាន ដើម្បី​យក​ទៅ​ប្រើ ​ដាក់សម្ពាធ លើ​សមាជិក​គ្រួសារ​របស់​ជនភៀសខ្លួន ដែល​កំពុង​រស់នៅក្នុង​ស្រុក​ជាដើម​ ក្នុង​គោលដៅ​ទប់ស្កាត់​សកម្មភាព​តវ៉ា​ប្រឆាំង​នឹង​ខ្លួន ពីសំណាក់​ជនជាតិ​របស់ខ្លួន ដែល​ភៀសខ្លួន នៅ​ទឹកដី​បរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ