ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 14/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 14/11 12h00 GMT

ជម្លោះពាណិជ្ជកម្ម​ អាមេរិក-ចិន​ឡើង​តានតឹង​ជាថ្មី

ជម្លោះពាណិជ្ជកម្ម​ អាមេរិក-ចិន​ឡើង​តានតឹង​ជាថ្មី
 
លោក ដូណាល់ ត្រាំ ប្រកាស​អនុវត្ត​ការ​ដំឡើង​ពន្ធ​នាំ​ចូល​លើ​ផលិតផល​ចិន REUTERS/Kevin Lamarque

ភាព​ស្រុះ​ស្រួល​ផ្នែក​ពាណិជ្ជកម្ម​​ ចិន-អាមេរិក​ អាយុ​មិ​នវែង​សោះ ! មហា​អំណាច​សេដ្ឋកិច្ច​ពិភព​​លំដាប់​ទី​មួយ និង​ទីពីរ ដែល​ជា​ដៃ​គូ​ដ៏​ជិត​ស្និទ្ធ​នឹង​គ្នា ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​​​ប្រកាសបញ្ជាក់​​យក​​ពន្ធលើ​ផលិតផល​នាំ​ចូល​ ទៅ​វិញ​ទៅ​មក​ ចាប់​ពីថ្ងៃទី ៦ កក្កដា ២០១៨​ទៅ។ សេចក្តី​ប្រកាស​ដែល​បាន​ជំរុញ​ឱ្យ​កសិករ​អាមេរិក និ​ងពិសេស​ក្រុមហ៊ុន​ផលិត​យន្តហោះ​ប៊ូអ៊ីង ចាប់​ធ្វើ​បញ្ជី​វាយ​តម្លៃ​​នៃការ​ខូចខាត​ ប្រសិនបើ​​​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន​ផ្ទុះ​ឡើង​មែន។

សេចក្តី​ប្រកាសអនុវត្តការ​ដំឡើង​ពន្ធ​​របស់​លោក​ត្រាំ​នេះ មិនមែន​ជា​ដំណឹង​ដ៏គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំងក្លា​នោះឡើយ។ តាំង​ពី​ចុង​ខែ​ឧសភា​មក សេតវិមាន​បាន​ទន្ទេញពាក្យ​ដដែលៗ​ថា​ត្រៀម​ដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​ចិន​ ក្នុង​ទំហំ​៥០ពាន់​លាន​ដុល្លារ។ បើ​ទោះបី​ជាបាន​ចរចា​ត្រូវ​គ្នា​កាលពី​ថ្ងៃទី ១៩ឧសភា​ហើយ​​ក្តី ក៏​អាមេរិក​បាន​កំណត់​ពេល​ត្រឹម​ថ្ងៃទី ១៥​មិថុនា​ ជា​ថ្ងៃ​សម្រេចចិត្ត​។

ថ្ងៃ​១៥មិថុនា​មក​ដល់​ សេចក្តី​សម្រេច​ក៏​បាន​ត្រូវ​ប្រកាស​បញ្ជាក់​ឡើង។ ចាប់​ពី​ថ្ងៃទី ៦ ខែ កក្កដា ២០១៨​នេះ​ទៅ ផលិតផល​នាំ​ចូល​មក​ពី​ចិន ចំនួន ៨១៨​មុខ នឹង​ត្រូវបង់​ពន្ធនាំ​ចូល​​ ក្នុង​កំរិត​២៥% ដែ។ វគ្គ​បន្ទាប់​ នឹង​មានពាក់ព័ន្ធ​លើ​ផលិតផល​ចំនួន ២៨០​មុខ ​(១៦ពាន់​លាន​ដុល្លារ) តែលោក ដូណាល់ ត្រាំ មិន​បាន​បញ្ជាក់​កាលបរិច្ឆេទ​ដំឡើង​ពន្ធ​ឱ្យ​បាន​ច្បាស់​លាស់​ឡើយ​ទេ។

ផលិតផល​ជាប់​ពន្ធ​ទាំង​នោះ សុទ្ធ​សឹង​ជា​ទំនិញ​ដែល​មាន​ពាក់ព័ន្ធ​នឹងផ្នែក​​បច្ចេកវិទ្យា​សំខាន់ៗ​ក្នុង​វិស័យ​ឧស្សាហកម្ម ប៉ុន្តែ​ផលិតផល​ជាទីពេញ​និយម​របស់​ពលរដ្ឋ​សាមញ្ញ​ដូច​យ៉ាង​ទូរស័ព្ទ​ដៃ (៧០ពាន់​លាន) និង​ទូរទស្សន៍ ដែល​អាមេរិក​​នាំ​ចូល​មក​ពី​ចិនច្រើន​បំផុត​លំដាប់​ទីមួយ​នោះ បែរ​ជា​បាន​រួច​ពន្ធ​ទៅ​វិញ។

លោក ដូណាល់ ត្រាំ បាន​គំរាម​ទៀត​ថា​ កំពុង​ត្រៀម​វិធានការ​ដាក់ទណ្ឌកម្ម​ថ្មី​ផ្សេង​ទៀត ប្រសិន​បើ​ចិន​សាកល្បង​ចាត់​វិធានការ​សង​សឹក​នៅ​ថ្ងៃ​នេះ​។ គម្រោង​យក​ពន្ធ​បន្ថែម​ថ្មី​ ដែល​វ៉ាស៊ីនតោន​កំពុង​សិក្សា​ មាន​តម្លៃ​នៅ​លើ​ក​នេះ​ដល់​ទៅ​១០០​ពាន់​លាន​ដុល្លារ។

ប៉ុន្តែប៉េកាំង​មិន​បាន​រអារ​នឹង​ការ​គំរាម​របស់​លោក​ត្រាំ​ទេ ! គ្រាន់​តែ​បាន​ឮ​អាមេរិក​ប្រកាស​ដំឡើង​ពន្ធ​នាំ​ចូល​ភ្លាម ចិន​ក៏​បាន​ចេញ​របាយការណ៍​ប្រកាស​យក​ពន្ធ​លើ​ផលិតផលនាំ​មក​ពី​​អាមេរិកភ្លាម​ដែរ ក្នុង​ទំហំ​ទឹក​ប្រាក់​ស្មើគ្នា។ ចិនបាន​​ប្រើ​យុទ្ធសាស្ត្រ​មួយ​ទៅមួយ​មក ភ្នែក​ទល់​ភ្នែក ធ្មេញ​ទល់​ធ្មេញ​ទេ ! ប្រកាស​ចាត់​ទុក​កិច្ចព្រមព្រៀង​ជាមួយ​វ៉ាស៊ីនតោន កាលពី​ដើម​ខែ ស្នើ​ទិញ​បន្ថែម​ផលិតផល​អាមេរិក​តម្លៃ​៧០ពាន់​លាន​ដុល្លារ​ ជា​អសារឥតការ និង​ ​ដំឡើង​ពន្ធ​លើ​ផលិតផល​ចំនួន​៦៥៩​មុខ ក្នុងនោះ មាន​មួយ​ជា​ផលិតសណ្តែកបាយ​។ ចិន​ជា​អតិថិជន​លំដាប់​លេខ​មួយ​ពិភពលោក​ ទិញ​សណ្តែកបាយ​ពី​កសិដ្ឋាន​អាមេរិក។​ នេះ​ជា​ចំណុច​ស៊ីប​​នៃ​រដ្ឋ​កសិកម្មរបស់​អាមេរិក​តែ​ម្តង។ ក្រុមកសិករ​អាមេរិក​ដែលស្មោះស្ម័គ្រ​​គាំទ្រ​លោក​ត្រាំ​កំពុង​មាន​អារម្មណ៍​​ថប់​បារម្ភ​យ៉ាង​ខ្លាំង។

ប៊ូអ៊ីង ចាប់​ផ្តើម​វាយ​តម្លៃ​អំពីការ​ខូច​ខាត​

សង្គ្រាម​មិន​ដែល​នាំ​ផល​ចំណេញ​ដល់​ភាគី​ណា​មួយ​ឡើយ ! ចាប់តាំង​ពីវិវាទ​ពាណិជ្ជកម្មអាមេរិក-ចិន​បាន​ផ្ទុះ​ឡើង ក្រុមហ៊ុន​ប៊ូអ៊ីង​ ព្រមទាំង​បណ្តា​ក្រុមហ៊ុន​អាមេរិក​ធំៗ​ជា​ច្រើនរកស៊ី​ជាមួយ​និង​នៅ​ចិន តែង​បានអំពាវនាវ​ឱ្យ​វ៉ាស៊ីនតោន​និង​ប៉េកាំង ដោះស្រាយ​បញ្ហា​តាម​ការ​ចរចា កុំ​ប្រើ​វិធី​ដាក់​ទណ្ឌកម្ម​គ្នា​ទៅ​វិញ​ទៅ​មកអី។ ការ​អំពាវនាវ​នេះ ទំនង​ជា​ចំណែក​មួយ​ដែលបាន​ជួយ​​ជំរុញ​ឱ្យអាជ្ញាធរ​​អាមេរិក​និ​ងចិន​ ​ព្រមព្រៀង​កាលពី​ថ្ងៃទី ១៩​ឧសភា ព្យួរ​ការអនុវត្ត​ការដំឡើង​ពន្ធ​ ប៉ុណ្ណោះ។

ថ្វី​បើនៅ​ក្នុង​​ចំណាត់ការ​ចិន​ហាក់​ដូច​ជា​​គ្មាន​ឈ្មោះ​ក្រុមហ៊ុន​ប៊ូអ៊ីង​មែន ប៉ុន្តែ​ក្រុមហ៊ុន​បាន​ប្រកាស​នៅ​ថ្ងៃនេះ​ ​​ធ្វើការ​វាយតម្លៃ​ដើម្បី​បាន​ដឹង​ថា តើ​ការ​ដំឡើង​ពន្ធ និង​វិធានការ​ប្រឆាំង​គ្នា​អាច​ប៉ះពាល់ដល់​សកម្មភាព​និង​ការ​ផ្គត់ផ្គង់​ផលិត​យន្តហោះ​ស៊ីវិល​យ៉ាង​ដូច​ម្តេច​ខ្លះ។

ចិនជា​អ្នក​នាំ​ចំណូល​ឱ្យ​ក្រុមហ៊ុន​ប៊ូអ៊ីង ខ្លាំង​នាំ​មុខ​គេដែរ ក្នុង​ទំហំ​ជាង ១៦​ពាន់​លាន​ដុល្លារ​អាមេរិកប៉ុន្តែ​ហានិភ័យ​របស់​ប៊ូអ៊ីង ហាក់​ដូច​ជា​មាន​តិច​តួច​ណាស់ បើ​គេ​គិត​សម្រាប់​រយៈ​ខ្លី​ខាង​មុខ។ ក្រុមហ៊ុន​អាច​រង​ផលប៉ះពាល់​ខ្លះ ចំពោះ​ការ​នាំ​ចូល​គ្រឿងបំលាស់​​ខ្ចៅ​ខ្យង​ផលិត​នៅ​ចិន តែ​បើ​និយាយ​ពី​ទិញ​ដូរ​យន្តហោះ​ ដូច​ជា​គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទេ។ ក្រុមហ៊ុន​ផលិតយន្តហោះ​អាមេរិក​នេះ មាន​ការ​បញ្ជាទិញ​ច្រើន​គ្រប់​គ្រាន់ (៥៨៦៤គ្រឿង) ដែល​ធានាថា​មិន​អាច​អាក់ខាន​ការងារ​ឡើង​ពី​ពេល​នេះ ដល់យ៉ាង​ហោច​​ឆ្នាំ​២០២៤។

ចិន​ខ្លួន​ឯង​ផ្ទាល់​ ដែល​កំពុង​ត្រូវ​ការ​ខ្លាំង​ផ្នែកដឹកជញ្ជូន​​ផ្លូវ​អាកាស​ មិន​អាច​សម្រេច​អ្វី ឬ​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ លុបការ​បញ្ជា​ទិញ​ និង​ធ្វើ​ពហិការលែង​​ទិញ​យន្តហោះ​ប៊ូអ៊ីង​អាមេរិក​បាន​ឡើយ។ ចិន​គ្មាន​ជម្រើស​អ្វី​ផ្សេង​ទេ ៖ យន្តហោះ​Made In China ដែល​កំពុង​ផលិតយន្តហោះ​ដឹកអ្នក​ដំណើរ​ប្រកួត​ប្រជែង​នឹង​យន្តហោះ​ប៊ូអ៊ីង ៧៣៧ និង​យន្តហោះអឺរ៉ុប​អ៊ែរបូសអា៣២០ មិន​ទាន់​មាន​លទ្ធភាព​ផលិត​យន្តហោះ​បាន​ច្រើន​និង​ក្នុង​ទ្រង់ទ្រាយ​ធំ​ នៅ​ឡើយ​ទេ។ C៩១៩ ទើប​បាន​ធ្វើការ​ហោះហើរ​សាកល្បង​កាលពី​ខែ​ធ្នូ​២០១៧​នេះ​ប៉ុណ្ណោះ។

ក្រុមហ៊ុន​អ៊ែរប៊ូស​អឺរ៉ុប អាច​ទាញ​យក​ចំណេញ​ពី​ជម្លោះ​ពាណិជ្ជកម្ម​នេះ​បាន​ខ្លះ ប៉ុន្តែ​ក្រុមហ៊ុន​ក៏​មាន​ការ​បញ្ជា​ទិញ​ច្រើន ហើយ​ទំនង​ជា​មិន​អាចផលិត​យន្តហោះ​ឱ្យ​ចិន ឱ្យ​បានទាន់​ចិត្ត​ទេ បើ​មើល​ទៅ​សន្ទុះ​នៃ​ការ​វិវឌ្ឍ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អាមេរិក-ចិន

    សង្រ្គាមពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​កំពុង​បន្ត​ជា​បច្ចុប្បន្នភាព​ក្តៅគគុក

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ភាពប្រេះឆា​ក្នុង​ចំណោម​ក្រុម​ប្រទេស​មហាអំណាចឧស្សាហកម្ម G7

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    G៧ ៖ លោក ត្រាំ ទាមទារ​ហៅ​រុស្ស៊ី​ឱ្យ​មក​ចូល​ក្រុម​វិញ

    ស្វែងយល់បន្ថែម

  • ចិន​ស្នើ​​ទិញ​ផលិតផល​អាមេរិក​បន្ថែម ដើម្បី​បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    លោកដូណាល់ ត្រាំ​ គំរាម​ដាក់​ពន្ធពិន័យ ​លើការ​នាំចូល​រថយន្ត​ពី​បរទេស

    ស្វែងយល់បន្ថែម

  • លោកត្រាំ បង្ហាញ​ទម្រង់​នៃកិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ