អានតួអត្ថបទ
ជប៉ុន-កូរ៉េខាងជើង

ជប៉ុន​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​ចូល​តុពិភាក្សា​ដើម្បី​បំបាត់​ការមិនជឿទុកចិត្ត រវាង​គ្នា

នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ​បាន​និយាយ នៅថ្ងៃ​សៅរ៍នេះ ជំរុញ​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន ចូលរួម​លុបបំបាត់​ចោល ភាពមិនជឿទុកចិត្ត​រវាងគ្នា។ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់​ផងដែរ ពី​ការប្រឹងប្រែង​របស់​ជប៉ុន ក្នុង​ការជំរុញ​ឲ្យ​មាន​ជំនួបកំពូល ជប៉ុន ជាមួយ កូរ៉េខាងជើង នៅបន្ទាប់​ពី​មេដឹកនាំ​អាមេរិក ចិន និង​កូរ៉េខាងត្បូង ម្នាក់ៗ សុទ្ធ​តែ​បាន​បើក​ជំនួបកំពូល​ទ្វេភាគី ជា​ប្រវត្តិសាស្រ្ត​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង។ 

នាយករដ្ឋមន្រ្តី​ជប៉ុន លោក​អាបេ (ស្តាំ) ជួប​ជាមួយ​គ្រួសារ​ររបស់​ជនរងគ្រោះ​ដែល​កូរ៉េខាងជើង​ចាប់ជំរិត នៅ​វិមាន​រដ្ឋាភិបាល​នៅទីក្រុង​តូក្យូ ថ្ងៃទី ១៤​មិថុនា ២០១៨
នាយករដ្ឋមន្រ្តី​ជប៉ុន លោក​អាបេ (ស្តាំ) ជួប​ជាមួយ​គ្រួសារ​ររបស់​ជនរងគ្រោះ​ដែល​កូរ៉េខាងជើង​ចាប់ជំរិត នៅ​វិមាន​រដ្ឋាភិបាល​នៅទីក្រុង​តូក្យូ ថ្ងៃទី ១៤​មិថុនា ២០១៨ © Kazuhiro Nogi/Pool via Reuters
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋមន្រ្តី ស៊្ហីនហ្សូ អាបេ បាន​និយាយ​ប្រាប់​ទូរទស្សន៍​ជប៉ុន​ថា រដ្ឋាភិបាល​របស់​លោកបាន​ទាក់ទង​ភាគី​កូរ៉េខាងជើង តាមគ្រប់​បណ្តាញ ដើម្បី​អាច​រៀបចំ​ជំនួបកំពូល​ជាមួយ មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន។ មេដឹកនាំ​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ លោក​គីម ជុងអ៊ុន បាន​ក្លាយ​ជា​មេដឹកនាំ​ប្រទេស​ផ្តាច់ការ ដែល​ត្រូវ​បាន​គេ​ស្វាគម ចង់​បើក​ជំនួបកំពូល​ជាមួយ។

ជប៉ុន​ចង់បើក​ការចរចា​ជាមួយ​កូរ៉េខាងជើង ដើម្បី​ដោះស្រាយ ជាអាទិភាព សំណុំរឿង​ចាប់ជំរិត​ជនជាតិ​ជប៉ុន ដោយ​កូរ៉េខាងជើង កាលពី​អំឡុង​ទសវត្សរ៍ ឆ្នាំ ១៩៧០ និង​១៩៨០។ លោក​នាយករដ្ឋមន្រ្តី ជប៉ុន​ផ្ទាល់ ធ្លាប់​បានបញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ​ថា លោក​ចង់​ជួប​លោកគីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង ដើម្បី​ដោះស្រាយ​សំណុំរឿង​ចាប់ជំរិត​ជនជាតិ​ជប៉ុន ប្រមាណ ១៧នាក់ ដែល​ត្រូវ​បាន​កូរ៉េខាងជើង ចាប់ជំរិត ដើម្បី​យក​ទៅ​បង្រៀន ភាសា និង​វប្បធម៌ ជប៉ុន ដល់​ចារកិច្ច​កូរ៉េខាងជើង។

សូមអាន៖ គ្រួសារអ្នកបាត់ខ្លួនជប៉ុន​ចង់​ប្តឹ​ង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប្រឆាំង​​នឹង​​កូរ៉េខាង​ជើង

នៅក្នុង​ជំនួប​ជា​ប្រវត្តិសាស្រ្ត​ជាមួយ លោកដូណាល់ ត្រាំ នៅ​ប្រទេស​សិង្ហបុរី ជាទី​ដែល​លោក​បាន​សន្យា​លុបបំបាត់​ទាំងស្រុង កម្មវិធី​ផលិតអាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន បាន​ថ្លែង​ផង​ដែរ ស្វាគម ជំនួប​ពិភាក្សា​ជាមួយ លោក​នាយក​រដ្ឋមន្រ្តី អាបេ។

នៅក្នុង​បទសម្ភាសន៍ តាមទូរទស្សន៍ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ផងដែរ​ថា ជប៉ុន​ត្រៀម​ខ្លួន​ដើម្បី​ជួយ​ផ្នែកថវិកា សម្រាប់​ការចំណាយ​លើ​សកម្មភាព​រំសាយអាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង។

“ជារឿង​ធម្មតា ដែល​ជប៉ុន និង​ប្រទេស​ដទៃទៀត ដែល​អាច​ធូរស្រាល​ពី​ការគំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ត្រូវ​ជួយចេញ​ថ្លៃ​ចំណាយ​លើ​ការលុបបំបាត់​អាវុធ នុយក្លេអ៊ែរ នៅ​កូរ៉េខាងជើង” នេះជា​ការលើកឡើង​របស់​នាយករដ្ឋមន្រ្តី​ជប៉ុន ដែល បាន​បញ្ជាក់​ផងដែរ​ថា ជប៉ុន​នឹង​ផ្តល់​ជំនួយ​ថវិកា​ដល់​កូរ៉េខាងជើង ក្នុង​លក្ខខណ្ឌ​ណា ដែល​សំណុំរឿង​ចាប់ជំរិត​ជនជាតិ​ជប៉ុន ដោយ​កូរ៉េខាងជើង ត្រូវ​ដោះស្រាយ​ឲ្យ​ចប់​សព្វគ្រប់​តែប៉ុណ្ណោះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ