អានតួអត្ថបទ

កូរ៉េខាងត្បូង-អាមេរិក កំពុង​ឈាន​ទៅ​រក​ការបញ្ឈប់​សមយុទ្ធ​ជា​ផ្លូវការ​ឬ ?

សេអ៊ូល​និង​វ៉ាស៊ីនតោន នឹង​ត្រូវ​ធ្វើ​សេចក្តី​ប្រកាស​នៅ​សប្តាហ៍នេះ ព្យួរ​ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ ដូច​អ្វី​ដែល​លោក​ដូណាល់ ត្រាំ បាន​សន្យា​ជាមួយ​លោក គីម ជុងអ៊ុន នា​ឱកាស​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​ នៅ​សិង្ហបុរី​ កាលពីសប្តាហ៍​មុន។ គឺ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាង​ត្បូង យ៉ុងហាប់ Yonhap ជា​អ្នក​ពាំនាំ​ដំណឹង​នេះ មក​ផ្សព្វផ្សាយ ដោយ​មាន​ប្រភព​រដ្ឋាភិបាល​ជា​សំអាង​ផង។

ទាហាន​អាមេរិក​និង​កូរ៉េខាង​ត្បូង​ពិភាក្សា​គ្នា​ពេល​កំពុង​ធ្វើ​សមយុទ្ធ
ទាហាន​អាមេរិក​និង​កូរ៉េខាង​ត្បូង​ពិភាក្សា​គ្នា​ពេល​កំពុង​ធ្វើ​សមយុទ្ធ JUNG Yeon-Je / AFP
ផ្សាយពាណិជ្ជកម្ម

​នៅក្នុង​ជំនួប​ជា​ប្រវត្តិសាស្ត្រ ជាមួយ​មេដឹកនាំកូរ៉េខាង​ជើងនៅ​ប្រទេស​សិង្ហបុរី លោក​ប្រធានាធិបតី​អាមេរិក​ បាន​បង្ក​បង្កើត​ភាព​ភ្ញាក់ផ្អើល​មួយ ដោយ​ប្រកាស​​ថា​នឹង​បិទ​បញ្ចប់​សមយុទ្ធជា​ប្រពៃណី​រវាង​អាមេរិក​កូរ៉េខាង​ត្បូង។

សេចក្តី​សម្រេច​នោះ​​ធ្វើឡើង​ ដោយ​គ្មាន​ប្រាប់​ឬ​ជូន​ដំណឹង​ដល់​ក្រសួង​ការពារជាតិ​អាមេរិក ឬ​អាជ្ញាធរ​កូរ៉េខាង​ត្បូង​ដែល​ពាក់​ព័ន្ធ​ជាមុន​ទេ។ ​លោក​ត្រាំ បាន​សន្យា​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន ឈប់​ធ្វើ​លំហាត់​សឹក ព្រោះ​ជា​​ល្បែង​សង្គ្រាម​​ ដែល​ចំណាយ​ថ្លៃ​អត់​ប្រយោជន៍​សម្រាប់​សេដ្ឋកិច្ចជាតិ។

លំហាត់​សឹក​អាមេរិក-កូរ៉េខាង​ត្បូង ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រាល់​ឆ្នាំ​ តាំង​ពី​ឆ្នាំ​១៩៧៦​មក ដោយ​មាន​ទាហាន​ខាង​កូរ៉េខាង​ត្បូង ប្រមាណ​២០ម៉ឺន​នាក់ និង​ទាហាន​អាមេរិក​ប្រមាណ​៣ម៉ឺន​នាក់​ចូលរួម។

គេ​ត្រូវ​រង់ចាំ​ដល់​ពីរ​ថ្ងៃ​ក្រោយជំនួប​នៅ​សិង្ហបុរី​ ទើប​ឃើញ​វ៉ាស៊ីនតោន ​បញ្ជាក់​ព័ត៌មាន​ថា សមយុទ្ធ​អាមេរិក​និង​កូរ៉េខាង​ត្បូង​ពិត​ជា​នឹង​ត្រូវ​ផ្អាក​ក្នុង​រយៈ​ពេល​​មួយ​ ដោយ​គ្មាន​កំណត់។ ហើយ​នៅ​សប្តាហ៍​នេះ សេអ៊ូល និង​វ៉ាស៊ីនតោន នឹង​ត្រូវ​ធ្វើ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ បិទ​បញ្ចប់​សមយុទ្ធ​ដ៏​សំខាន់​ជាង​ប្រចាំ​តំបន់ និង​ដែល​ជាតំណាង​អាទិភាព​ដ៏​​​​សំខាន់​មួយ​របស់​ភាគី​កូរ៉េខាង​ជើង ក្នុង​កិច្ចចរចា​។

គេ​នៅ​ចង​ចាំ​បាន​ថា កាលពី​​ខែ​ឧសភា គ្រាន់​តែ​អាមេរិក​និង​កូរ៉េខា​ងត្បូង​ បាន​ផ្តើម​ធ្វើ​សមយុទ្ធ​ដូច​កា​រគ្រោង​ទុក​វិញ​ភ្លាម ​ព្យុងយ៉ាង​​បានលុប​ចោល​ជំនួប​ជាន់​ខ្ពស់​ជាមួយ​កូរ៉េខាង​ត្បូង នៅ​នាទី​ចុងក្រោយ និង​បាន​​គំរាម​លុប​ចោល​ជំនួប​ជាមួយលោក​ ដូណាល់ ត្រាំ​ នៅ​សិង្ហបុរី​ចោល​វិញ​ទៀត ព្រោះ​ លំហាត់​សឹក​ទ្វេ​ភាគី​នេះ​ជា​តំណាង​នៃ​ការ​គំរាមកំហែង​លើ​របប​​ព្យុងយ៉ាង។

ដោយ​មាន​ប្រភព​ព័ត៌មាន​ចេញ​ពី​រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​ជា​សំអាង ភ្នាក់ងារ​យ៉ុងហាប់ បាន​គូស​បញ្ជាក់​នៅ​ថ្ងៃអាទិត្យ​នេះ​ថា សមយុទ្ធ​ជា​ប្រពៃណី​របស់​អាមេរិក​និងកូរ៉េខាង​ត្បូង នឹង​អាច​រៀប​ចំ​ធ្វើ​ឡើង​វិញ តែ​ដរាប​ណា​របប​ព្យុងយ៉ាង​មិន​ផ្តល់​កិត្តិយស​គោរព​កិច្ច​សន្យា​រំសាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​ ពី​ឧបទ្វីប​កូរ៉េ តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ