អានតួអត្ថបទ

អង្គការ​រដ្ឋ​អ៊ីស្លាម​ធ្វើ​ភេរវកម្ម​ចង់បំផ្លាញ​បទឈប់បាញ់​អាហ្វហ្កានីស្ថាន និងតាលីបង់ ?

ក្នុង​ពេល​ដែល​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​តាលីបង់ កំពុង ​ចង់​ពន្យារ​ពេលបទ​ឈប់​បាញ់​ ដ៏​កម្រ មិន​ធ្លាប់​មាន បន្ត​ចំនួន​បី​ថ្ងៃ​ទៀត ស្រាប់​តែ​មានភេរវកម្ម​អត្តឃាត​មួយ​បាន​ផ្ទុះ​ឡើង កណ្តាល​ហ្វូង​មនុស្ស​ ដែលកំពុង​​នាំ​គ្នា​អបអរ​ស្វាគមន៍​បទ​ឈប់​បាញ់។ មាន​ស្លាប់​យ៉ាងហោច​ណាស់ ២៥​នាក់ របួស​៥៤​នាក់។ ពួក​តាលីបង់​បាន​អំពាវនាវ​ឱ្យ​យុទ្ធជន​របស់​គេ កុំ​ទៅ​ច្របូក​ច្របល់​នឹង​កង​សន្តិសុខ​រដ្ឋាភិបាល​និង​ប្រជាជនស៊ីវិល។

ប្រជាពលរដ្ឋ​អាហ្វហ្កានីស្ថាន អបអរ​បទ​ឈប់បាញ់
ប្រជាពលរដ្ឋ​អាហ្វហ្កានីស្ថាន អបអរ​បទ​ឈប់បាញ់ © Reuters
ផ្សាយពាណិជ្ជកម្ម

ពុំ​ទាន់​មាន​ក្រុម​ណា​ចេញ​មុន​ទទួល​ស្គាល់​អំពើ​ភេរវកម្ម​អត្តឃាត​ បំផ្ទុះ​គ្រាប់​បែក​ កាលពី​ម្សិលមិញទេ​ ប៉ុន្តែ​បើ​តាម​ប្រភព​សន្តិសុខ​អាហ្វហ្កានីស្ថាន នេះ​ជា​ស្នាដៃ​របស់​ពួក​អង្គការ​រដ្ឋអ៊ីស្លាម។

ភេរវកម្ម​អត្តឃាត​បាន​ផ្ទុះ​ឡើង​ នៅ​កណ្តាល​ហ្វូង​មហាជន​តាលីបង់ ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល ដែល​កំពុង​​ប្រារព្ធ​ពិធី​បិទ​បញ្ចប់​ថ្ងៃ​បុណ្យ​តម​អាហារ​ និងដែល​កំពុង​នាំ​គ្នា​អបអរ​បទ​ឈប់​បាញ់ រួម​គ្នាកាលពី​ថ្ងៃសៅរ៍។ ពោល​គឺ​ក្រោយ​សេចក្តី​ប្រកាស​របស់​ ​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោកអាសាហ្វ ហ្កានី ពន្យារ​ពេល គោរព​បទ​ឈប់​បាញ់ ឱ្យ​បាន​ច្រើន​ថ្ងៃ​ទៅមុខ​ទៀត និង​ស្នើ​សុំ​ឱ្យ​ភាគី​តាលីបង់​ប្រកាន់​ជំហរ​ពន្យារ​ពេល​ផ្អាក​បាញ់​គ្នា​ទៀត តែ​បន្តិច​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា កាលពី​សប្តាហ៍​មុន ​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន បាន​សម្រេច​ផ្អាក​បាញ់​ជា​ឯកតោភាគីរយៈ​ពេល៨​ថ្ងៃ។ ឯ​​ តាលីបង់​បាន​ប្រកាសកាលពី​ថ្ងៃ​សុក្រ ​ឈប់​បាញ់​បី​ថ្ងៃ ដើម្បី​ប្រារព្វ​ពិធីបុណ្យ​សាសនា។ ដល់​ឱសានវាទ តាលីបង់ បាន​ប្រកាស​មិន​បន្ត​បទ​ឈប់​បាញ់​ទៀត​​ទេ។

កង​កម្លាំង​​អូតង់ នៅ​អាហ្វហ្កានីស្ថាន ព្រមទាំង​កង​កម្លាំង​យោធា​អាមេរិក ក៏​បាន​ប្រកាស​ដូច​គ្នា​គោរព​តាមសេចក្តី​ប្រកាស​របស់លោក​ប្រធានាធិបតី​អាហ្វហ្កានីសា្ថន ពន្យារ​ពេល​ឈប់​បាញ់ ប៉ុន្តែ​ក្រុម​ប្រដាប់​អាវុធ​ផ្សេង​ទៀត ជាក់​ស្តែង​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​បទ​ឈប់​បាញ់​ជា​បណ្តោះ​អាសន្ន​នេះ​ទេ។

នេះ​ជា​លើក​ទី​មួយ​ហើយ​គិត​ចាប់​តាំងពី​ឆ្នាំ​២០០១​មក ដែល​អាហ្វហ្កានីស្ថាន បាន​ស្គាល់​ភាព​ស្ងប់​ស្ងាត់ និង​ប្រកាន់​យក​បទ​ឈប់​បាញ់​ទូទាំង​ប្រទេស យ៉ា​ង​ដូច្នេះ។ បទ​ឈប់​បាញ់​ដែល​សហភាព​អឺរ៉ុប បាន​ចាត់​ទុក​ថា "មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ” បាន​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​​បាន​តែ​មួយ​ភ្លែតប៉ុណ្ណោះ។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ