អានតួអត្ថបទ
កូរ៉េខាងត្បូង-ជប៉ុន

កូរ៉េខាងត្បូង​ចាប់​ផ្តើម​លំហាត់សឹក​ដើម្បី​ការពារ​ទីប្រជុំកោះ​ដុកដូ​ប្រឆាំង​ជប៉ុន

នៅ​ថ្ងៃ​ចន្ទ ទី១៨ មិថុនា​នេះ ប្រទេស​កូរ៉េខាងត្បូង​បាន​ផ្តើម​លំហាត់សឹក​រយៈពេល ២ថ្ងៃ​នៅ​ឆ្នេរសមុទ្រខាងកើត​ដើម្បី​ការពារ​ទីប្រជុំកោះ​ដុកដូ​ទល់​នឹង​ការ​វាយប្រហារ​ជា​យថាហេតុ​ពី​ប្រទេស​ជប៉ុន។ លំហាត់សឹក​រៀបចំ​ជា​លក្ខណៈ​ឯកតោភាគី​របស់​ទីក្រុង​សេអ៊ូល​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ទើប​បាន​ប្រកាស​ពី​ការ​បិទបញ្ចប់​លំហាត់សឹក​ប្រចាំ​ឆ្នាំ​ជាមួយ​កូរ៉េខាងត្បូង។

កូរ៉េខាងត្បូង​ចាប់​ផ្តើម​លំហាត់សឹក​ដើម្បី​ការពារ​ទីប្រជុំកោះ​ដុកដូ​ប្រឆាំង​ជប៉ុន
កូរ៉េខាងត្បូង​ចាប់​ផ្តើម​លំហាត់សឹក​ដើម្បី​ការពារ​ទីប្រជុំកោះ​ដុកដូ​ប្រឆាំង​ជប៉ុន REUTERS/South Korean Navy/Yonhap
ផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវ​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន​ជុំវិញ​ទីប្រជុំកោះ​មួយ​នេះ​នៅ​ក្នុង​សមុទ្រជប៉ុន​ជា​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត។ ជា​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​ព្រោះ​តាំង​ពី​ក្រោយ​ការ​បិទបញ្ចប់​អាណានិគមនិយម​ជប៉ុន​នៅ​ឧបទ្វីប​កូរ៉េ​មក ទីក្រុង​សេអ៊ូល​បាន​យក​ទីប្រជុំកោះ​នោះ​ទៅ​គ្រប់គ្រង​ដោយ​ដាក់​ឈ្មោះ​ថា ដុកដូ។ តែ​តាំង​ពី​ពេល​នោះ​មក​ដែរ ទីក្រុង​តូក្យូ​តែងតែ​ចេញ​មុខ​ទាមទារ​ថា​ជា​របស់​ខ្លួន​ដោយ​ដាក់​ឈ្មោះ​ថា តាកេស្ហ៊ីម៉ា ព្រម​ទាំង​ចោទ​កូរ៉េខាងត្បូង​ពី​បទ​ចូលកាន់កាប់​ទីប្រជុំកោះ​នោះ​ដោយ​ខុស​ច្បាប់។ បច្ចុប្បន្ន ទីប្រជុំកោះ​ដុកដូ​មាន​មនុស្ស​រស់នៅ​ប្រមាណ​ជា ៤០នាក់​ដែល​ភាគច្រើន​ជា​ប៉ូលិស។

ទោះ​បី​ជា​ការ​លើក​ឡើង​ពី​ការ​វាយប្រហារ​របស់​ជប៉ុន​លើ​ទីប្រជុំ​កោះ​ដុកដូ​ហាក់​មិន​សូវ​ទំនង​ក៏​ដោយ​ក៏​កូរ៉េខាងត្បូង​មិន​បាន​មើល​ស្រាល​ទេ។ តាំង​ពី​ឆ្នាំ ១៩៨៦ ទីក្រុង​សេអ៊ូល​តែង​រៀបចំ​លំហាត់សឹក​នៅ​លើ​ទីប្រជុំកោះ​នោះ​ចំនួន ២ដង​ក្នុង​មួយ​ឆ្នាំ។ នៅ​ក្នុង​លំហាត់សឹក​បង្ហាញ​សាច់ដុំ​ដាក់​ជប៉ុន​រយៈពេល ២ថ្ងៃ​ពេល​នេះ កូរ៉េខាងត្បូង​បាន​ប្រើ​នាវាចម្បាំង​ចំនួន ៦គ្រឿង យន្តហោះច្បាំង​ចំនួន ៧គ្រឿង និង​ការ​ដាក់​ពង្រាយ​ទ័ពជើងទឹក​មួយ​កងពល​នៅ​លើ​ទីប្រជុំកោះ​ដុកដូ​នោះ។ ក៏​ដូច​ជា​សព្វ​មួយ​ដង ជប៉ុន​បាន​ចេញ​មុខ​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​លើ​លំហាត់សឹក​របស់​កូរ៉េខាងត្បូង​ដោយ​ចាត់​ទុក​ជា​ទង្វើ​ដែល​មិន​អាច​ទទួល​យក​បាន​ទេ។

តែ​លោក​ចយ ហាន់សូ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​ថ្លែង​ថា លំហាត់សឹក​ការពារ​ទីប្រជុំកោះ​ដុកដូ​ជា​លំហាត់សឹក​ធម្មតា​ក្នុង​គោលដៅ​ទប់​ស្កាត់​ការ​ចូល​ឈ្លានពាន​ពី​កម្លាំង​ខាងក្រៅ។ សូម​ជម្រាប​ជូន​ថា ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ សេដ្ឋកិច្ច​ទីផ្សារ និង​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ដូច​គ្នា​កំពុង​បន្ត​អាប់អួរ​ដោយ​ការ​វិវាទ​ប្រវត្តិសាស្រ្ត និង​ដែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ