អានតួអត្ថបទ
ចិន-កូរ៉េខាងជើង

ចិន-កូរ៉េខាងជើង៖​ក្រោយ​ពី​បាន​ជួប​លោកដូណាល់ ត្រាំ លោក​គីម ជុងអ៊ុន​ទៅ​រាយការណ៍​ប្រាប់​លោក​ស៊ី ជីនពីង

នៅ​ថ្ងៃ​អង្គារ ទី១៩ មិថុនា​នេះ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​ក្នុង​ប្រទេស​ចិន។ ទស្សនកិច្ច​ជា​លើកទី៣ នៅ​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​សប្តាហ៍​ក្រោយ​ពី​លោក​គីម​បាន​ជួបសន្ទនា​ជាប្រវត្តិសាស្រ្ត​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃទី១២ មិថុនា។ គេ​នៅ​មិន​ទាន់​ដឹង​ពី​កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​គីម​នៅ​ចិន​ពេល​នេះ​ទេ តែ​មាន​ការ​លើក​ឡើង​ថា លោក​គីម​ទៅ​ជួប​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ដើម្បី​រាយការណ៍​ពី​ជំនួប​របស់​គាត់​ជាមួយ​លោក​ត្រាំ។

ទស្សនកិច្ច​លើក​ទី៣ របស់​លោក​គីម ជុងអ៊ុន​នៅ​ចិន ថ្ងៃទី១៩ មិថុនា ២០១៨
ទស្សនកិច្ច​លើក​ទី៣ របស់​លោក​គីម ជុងអ៊ុន​នៅ​ចិន ថ្ងៃទី១៩ មិថុនា ២០១៨ KCNA VIA KNS / AFP
ផ្សាយពាណិជ្ជកម្ម

មិន​ដល់ ៣ខែ​ផង មេដឹកនាំ​កូរ៉េខាងជើង​វ័យ ៣០ប្លាយ​ឆ្នាំ​លោក​គីម ជុងអ៊ុន​បាន​ទៅ​ចិន​ចំនួន ៣ដង។ តែ​ខុស​ពី​ទម្លាប់​សព្វ​មួយ​ដង ទស្សនកិច្ច​លើកទី៣ នេះ​ត្រូវ​បាន​កាសែត​ចិន​ប្រកាស​ឲ្យ​ដឹង​តាំង​ពី​ថ្ងៃទី១ ព្រម​ទាំង​បាន​បញ្ជាក់​ថា​មាន​រយៈពេល ២ថ្ងៃ​ទៀត​ផង។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច ២លើកដំបូង កាសែត​ចិន​បាន​ប្រកាស​ឲ្យ​ដឹង បន្ទាប់​ពី​លោក​គីម ជុងអ៊ុន​បាន​វិល​ត្រឡប់​ចូល​ស្រុក​វិញ។ សន្តិសុខ​ត្រូវ​បាន​ពង្រឹង​នៅ​តាម​ដង​ផ្លូវ​នាំ​ឆ្ពោះ​ទៅ​កាន់​វិមាន​សភា​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង។ គឺ​ជា​ទីកន្លែង​ថ្នាក់ដឹកនាំចិន​តែង​ទទួល​ជួប​ថ្នាក់ដឹកនាំ​បរទេស​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច។

គេ​នៅ​មិន​ទាន់​ដឹង​ពី​កម្មវត្ថុ​នៃ​ទស្សនកិច្ច​លើក​ទី៣ នៅ​ចិន​របស់​មេដឹកនាំ​កូរ៉េខាងជើង​ទេ អ្វី​ដែល​គេ​ដឹង ទស្សនកិច្ច​នេះ​បាន​ធ្វើ​ឡើង ១សប្តាហ៍​ក្រោយ​ពី​លោក​គីម​បាន​មាន​ជំនួប​ជា​ប្រវត្តិសាស្រ្ត​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃទី១២ មិថុនា។ ដូច្នេះ​ចង់ ឬ​មិន​ចង់ លោក​គីម​ត្រូវ​រាយការណ៍​ប្រាប់​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ពី​លទ្ធផល​នៃ​ជំនួប​ជាមួយ​លោក​ត្រាំ។ តែ​នៅ​ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃ​នា​ថ្ងៃ​អង្គារ ទី១៩ មិថុនា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​មិន​បាន​និយាយ​ដល់​ចំណុច​នេះ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​រូប​នេះ​ដដែល​គ្រាន់​តែ​បញ្ជាក់​ដោយ​សង្ឃឹម​ថា ទស្សនកិច្ច​ថ្មី​នឹង​ចូលរួម​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ចិន កូរ៉េខាងជើង ព្រម​ទាំង​ចូលរួម​លើក​កម្ពស់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។ សូម​ជម្រាប​ជូន​ថា ចិន​បាន​សាទរ​ពី​ភាព​ចម្រើន​ទៅ​មុខ​នៃ​ទំនាក់ទំនង​រវាង​ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន​នៅ​ក្នុង​ជំនួប​រវាង​លោក​គីម និង​លោក​ត្រាំ។ លើស​ពី​នេះ​ទៅ​ទៀត ចិន​ក៏​បាន​កោតសរសើរ​ពី​ការ​សម្រេចចិត្ត​របស់​លោក​ត្រាំ​ក្នុង​ការ​ព្យួរ​សមយុទ្ធ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ដែល​គ្រោង​ធ្វើ​នៅ​ខែ​សីហា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ