អានតួអត្ថបទ

លិច​កប៉ាល់​នៅ​ឥណ្ឌូណេស៊ី រកឃើញ​និង​ចាប់​បាន​អ្នកបើក

កាលពី​ថ្ងៃ​ចន្ទ ឥណ្ឌូណេស៊ី បាន​ជួប​គ្រោះ​លិច​កប៉ាល់ ដ៏ធ្ងន់ធ្ងរ​បំផុតមួយ ក្នុង​ចំណោមប្រវត្តិ​​មហន្តរាយ​ចរាចរណ៍​ផ្លូវ​ទឹក​របស់​​ប្រទេស។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅ​ក្នុង​បឹង តូបា ​ដែលជា​​មណ្ឌល​ទេសចរណ៍​ដ៏​ពេញ​និយម​ ​របស់​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី ប្រចាំ​កោះស៊ូម៉ាត្រា។ រហូត​មក​ទល់​នឹង​ថ្ងៃព្រហស្បតិ៍​នេះ​ គេ​នៅ​ពុំ​ទាន់​ស្រង់ និង​រក​ឃើញ​​អ្នក​ដំណើរ​ជិះ​ក្នុង​កប៉ាល់ ដែល​មាន​ចំនួន​​​​ប្រមាណ​ជិត​២០០​នាក់ទេ។ មាន​តែ​១៨​នាក់​គត់​បាន​រួច​ជីវិត ក្នុង​នោះ​មាន​ម្នាក់​ជា​អ្នក​បើកបរ ដែល​អាជ្ញាធរ​ទើប​ចាប់​ខ្លួន​បាន។

ក្រុម​សង្គ្រោះ​កំពុង​បន្ត​រុករក​ជនបាត់​ខ្លួន ក្នុង​បឹង Toba
ក្រុម​សង្គ្រោះ​កំពុង​បន្ត​រុករក​ជនបាត់​ខ្លួន ក្នុង​បឹង Toba IVAN DAMANIK / AFP
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ និង​ក្រុម​សង្គ្រោះ បានបញ្ជាក់​ព័ត៌មាន​នៅថ្ងៃព្រហស្បតិ៍​​​ថារាប់​ឃើញ​មាន​​ស្លាប់ ដោយ​ជាក់​ស្តែង​ចំនួន​៤​នាក់ និង ប៉ាន់​ស្មាន​ថា ​​ចំនួន​ជន​បាត់​ខ្លួនអាច​មាន​ដល់​ទៅ​ជាង​១៩០​នាក់។ នេះបើ​ផ្អែក​លើ​សេចក្តីប្រកាស​របស់សាច់ញាតិ។ កប៉ាល់​នេះ​ជាមធ្យោបាយ​ដឹកជញ្ចូន​​​ ដែល​រក​ស៊ី​ចម្លង​មនុស្សបែប​បូរាណ ​ដោយ​ខុស​ច្បាប់ គ្មាន​លក់សំបុត្រ គ្មាន​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​ទេ។ ​នេះ​ជា​​ភាព​ស្មុគស្មាញ​មួយ​បន្ថែម​ទៀត​សម្រាប់​អាជ្ញាធរ ដែល​ប្រកាស​​​រុក​រកជន​បាត់​ខ្លួន ​បន្ត​​ទៀត ​ យ៉ាង​ហោច​ក៏​ក្នុង​រយៈពេល​មួយ​សប្តាហ៍ដែរ​ បើ​យោល​ទៅ​លើទំហំ​នៃ​បឹង ដែលលាត​សន្ធឹងលើ​ផ្ទៃក្រឡា​ ១១៤៥គីឡូម៉ែត្រការ៉េ។

ធ្វើ​ពីឈើ កប៉ាល់​​បាន​ក្រឡាប់លិច​​នៅ​​កណ្តាល​បឹង តូបា (បឹងភ្នំភ្លើងដែល​មាន​ជម្រៅ​ជ្រៅជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក) ក្រោយ​ពី​​មាន ​ខ្យល់និង​​រលកធំៗ ​បោក​បក់​ខ្លាំងពេក។ ម្យ៉ាង​ទៀត អាជ្ញាធរ​សង្ស័យ​ថា កប៉ាល់​នេះ​ទំនង​ជា​បាន​​ផ្ទុក​អ្នក​ដំណើរ ព្រមទាំង​ទោចក្រយានយន្ត​ជា​ច្រើន​គ្រឿង ​ហួស​ចំណុះ​ ដល់​ទៅ​ប្រមាណ​បួន ឬ​៥​ដង​លើស​កំរិត​អនុញ្ញាត។

ពេល​នេះ​ប៉ូលិស​ចាប់​បាន​អ្នក​បើកបរ​ ដែល​បាន​រួច​ពី​ស្លាប់ ដូច​អ្នក​ដំណើរ​ចំនួន​១៨​នាក់​ផ្សេង​ទៀត។ ប៉ុន្តែ​ សមត្ថកិច្ច​ពុំ​ទាន់​អាច​សួរ​ចម្លើយ​បាន​នៅឡើយទេ ព្រោះ​ ទួអា សាហ្កាឡា កំពុង​ស្ថិត​ក្នុង​សភាព​តក់​ស្លុត​ខ្លាំង​នៅឡើយ។

សូម​បញ្ជាក់​ថា ករណី​លិច​ទូក កប៉ាល់ ឬ​សាឡាង​ចម្លង ជា​គ្រោះថ្នាក់ដែលមាន​​កើត​ឡើង​ជា​ញឹកញយ នៅឥណ្ឌូណេស៊ី​។ ​​ឥណ្ឌូណេស៊ី​ ​ជា​ប្រទេសប្រជុំ​កោះ តូច​ធំ ​ប្រមាណ​ជាង​១៧០០​កោះ មាន​ជា​មធ្យោបាយ​​ធ្វើ​ដំណើរតាម​ផ្លូវ​ទឹក យ៉ាង​សកម្ម តែការ​គោរព​បទដ្ឋាន​សុវត្ថិភាពមាន​យ៉ាង​តិច​តួច​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ