អានតួអត្ថបទ
ថៃ

ថៃ៖​ការ​ស្វែង​រក​កូនក្មេង និង​គ្រូបង្វឹក​បាល់ទាត់​បាន​ឈាន​ចូល​ថ្ងៃទី៦ ជាមួយ​នឹង​ក្តីសង្ឃឹម​ស្តួចស្តើង

នៅ​ក្នុង​ប្រទេស​ថៃ ប្រតិបត្តិការ​ស្វែង​រក​កូនក្មេង ១២នាក់ និង​គ្រូបង្វឹក​កីឡាបាល់ទាត់​ម្នាក់​នៅ​ក្នុង​រូងភ្នំ​មួយ​ស្ថិត​ក្នុង​ខេត្ត​ឈៀងរ៉ៃ​ក្បែរ​ព្រំដែន​ប្រទេស​ឡាវ និង​ភូមា​បាន​ឈាន​ចូល​ដល់​ថ្ងៃទី៦ នា​ថ្ងៃ​សុក្រ ទី២៩ មិថុនា។ គួរ​រម្លឹក​ជូន​ថា កូនក្មេង​ទាំង ១២នាក់​មាន​អាយុ​ពី ១១ឆ្នាំ​ទៅ ១៦ឆ្នាំ និង​គ្រូបង្វឹក​កីឡាបាល់ទាត់​របស់​គេ​ម្នាក់​អាយុ ២៥ឆ្នាំ​បាន​នាំ​គ្នា​ចូល​ក្នុង​រូងភ្នំ​នោះ​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី២៣ មិថុនា ហើយ​ក៏​បាន​ជាប់​គាំង​ចេញ​មិន​រួច​ដោយសារ​តែ​កម្រិតទឹក​ឡើង​ខ្លាំង​ពេក។ លោក​នាយករដ្ឋមន្រ្តី​ថៃ​ចាន់អូចា​ដែល​បាន​ទៅ​កន្លែង​កើត​ហេតុ​ផ្ទាល់​បាន​ចាត់​វិធានការ​ជួយ​សង្រ្គោះ​បន្ថែម​ទៀត។

នៅ​ថៃ ​ការ​ស្វែង​រក​កូនក្មេង និង​គ្រូបង្វឹក​បាល់ទាត់​បាន​ឈាន​ចូល​ថ្ងៃទី៦ ជាមួយ​នឹង​ក្តីសង្ឃឹម​តិចតួច
នៅ​ថៃ ​ការ​ស្វែង​រក​កូនក្មេង និង​គ្រូបង្វឹក​បាល់ទាត់​បាន​ឈាន​ចូល​ថ្ងៃទី៦ ជាមួយ​នឹង​ក្តីសង្ឃឹម​តិចតួច Reuters
ផ្សាយពាណិជ្ជកម្ម

មួយ​សប្តាហ៍​គត់​ដែល​គេ​បាត់​ដំណឹង​សូន្យ​ឈឹង​ពី​កូនក្មេង ១២នាក់ និង​គ្រូបង្វឹក​កីឡាបាល់ទាត់​ម្នាក់​ដែល​បាន​ជាប់កុន​នៅ​ក្នុង​រូងភ្នំ​មួយ​ស្ថិត​ក្នុង​ខេត្ត​ឈៀងរ៉ៃ។ តាំង​ពី ៦ថ្ងៃ​មក​ហើយ​ដែល​រដ្ឋអំណាច​បាន​ប្រើ​គ្រប់​មធ្យោបាយ និង​ធនធាន​មនុស្ស​ប្រមាណ​ជា ១ ០០០នាក់​ដើម្បី​ស្វែង​រក​ពួក​គេ ក្នុង​នោះ​មាន​ទាំង​កម្លាំង​ទាហាន​អាមេរិកាំង និង​កម្លាំង​មុថទឹក​ជនជាតិ​អង់គ្លេស។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ការ​រៀបចំ​ពិធី​បន់ស្រន់​របស់​ឱពុក ម្តាយ​កូនក្មេង ព្រម​ទាំង​ពិធី​សូត្រធម៌​របស់​ព្រះសង្ឃ​នៅ​ក្បែរ​ច្រក​ចូល​រូងភ្នំ​នោះ​ដែរ។ លោក​នាយករដ្ឋមន្រ្តី​ថៃ​ចាន់អូចា​ដែល​បាន​ទៅ​កន្លែង​កើតហេតុ​ក្នុង​ថ្ងៃ​សុក្រ ទី២៩ មិថុនា​បាន​ថ្លែង​ថា បរិមាណទឹក​ច្រើន​នៅ​ក្នុង​រូងភ្នំ​ជា​ឧបសគ្គ​តែ​មួយ​គត់​របស់​ក្រុម​អ្នក​ជួយ​សង្រ្គោះ។

ក្រៅ​ពី​ការ​ប្រើ​ម៉ាស៊ីន​បូមទឹក​ជាង ៥០គ្រឿង​ដើម្បី​បូមទឹក​ចេញ​ពី​រូងភ្នំ ក៏​មាន​ការ​បញ្ជូន​កម្លាំង​មុជទឹក​ចូល​ទៅ​ក្នុង​រូងភ្នំ​នោះ​ដែរ តែ​ចំណោត​របស់​កម្លាំងមុជទឹក​នៅ​ត្រង់​ថា ពួក​គេ​មិន​អាច​មើល​អ្វី​ឃើញ​ច្បាស់​ដោយសាត​តែ​ទឹក​ល្អក់​មាន​ព័ណ៌​ដូច​កាហ្វេទឹកដោះគោ។ ចៅហ្វាយ​ខេត្ត​ឈៀងរ៉ៃ​បាន​ថ្លែង​នៅ​លា្ងច​ថ្ងៃ​សុក្រ ទី២៩ មិថុនា​ថា បើ​មាន​សំណាង​រក​ឃើញ​កូនក្មេង​ទាំង ១២នាក់ រួម​ទាំង​គ្រូបង្វឹក​ម្នាក់​នៅ​មាន​ជីវិត ក៏​ក្រុម​អ្នក​ជួយ​សង្រ្គោះ​មិន​ទាន់​យក​ចេញ​ភ្លាមៗ​ដែរ ពោល​ត្រូវ​ស្ថិត​នៅ​ជាមួយ​ពួក​គេ​រយៈពេល​ខ្លី ព្រោះ​បើ​យក​ចេញ​ភ្លាម ពួក​គេ​នឹង​មាន​បញ្ហា​ភ្នែក និង​ការ​ដកដង្ហើម បន្ទាប់​ពី​ស្ថិត​ក្នុង​ភាព​ងងឹតស្លុង​អស់ពេល ១សប្តាហ៍។

តែ​ចៅហ្វាយ​ខេត្ត​ឈៀងរ៉ៃ​រូប​នេះ​ដដែល​បាន​ទទួល​ស្គាល់​ថា សំណាង​រក​ឃើញ​នៅ​មាន​ជីវិត​ហាក់​កាន់​តែ​តិច​ទៅៗ។ សូម​ជម្រាប​ជូន​ថា រូងភ្នំ​ដែល​កូនក្មេង​ទាំង ១២នាក់ និង​គ្រូបង្វឹក​កីឡាបាល់ទាត់​ម្នាក់​របស់​ពួក​គេ​បាន​ចូល និង​ជាប់កុន​តាំង​ពី​ថ្ងៃ​សៅរ៍ ទី២៣ មិថុនា​មាន​ឈ្មោះ Tham Luang និង​មាន​ប្រវែង​ជា ១០គីឡូម៉ែត្រ​ស្ថិត​ក្នុង​ខេត្ត​ឈៀងរ៉ៃ​ក្បែរ​ព្រំដែន​ប្រទេស​ឡាវ និង​ភូមា។ ក្រៅ​ពី​នៅ​ថៃ ករណី​ដូច​គ្នា​នេះ​ធ្លាប់​កើត​មាន​នៅ​អាល្លឺម៉ង់​ក្នុង​ឆ្នាំ ២០១៤ ដែល​បុរស​ម្នាក់​ត្រូវ​បាន​គេ​ជួយ​ជីវិត​បាន ក្រោយ​ពី​ជាប់​ក្នុង​រូងភ្នំ​រយៈពេល ១១ថ្ងៃ។ នៅ​ប៉េរូ​ក្នុង​ឆ្នាំ ២០១២ កម្មករ​អណ្តូងរ៉ែ​មួយ​ក្រុម​បាន​រួច​ជីវិត បន្ទាប់​ពី​ជាប់គាំង​ក្រោម​ដី​អស់​រយៈពេល ៧ថ្ងៃ។ នៅ​ឈីលី​ក្នុង​ឆ្នាំ ២០១០ កម្មករ​អណ្តូងរ៉ែ​មួយ​ក្រុម​ក៏​បាន​រួច​ជីវិត​បាន ក្រោយ​ពី​ជាប់គាំង​ក្រោម​ដី​អស់​រយៈពេល ១៧ថ្ងៃ។

តែ​ចំណោត​នៅ​ក្នុង​ប្រទេស​ថៃ​ពេល​នេះ គឺ​ទឹកឡើង​លឿន​ពេក​នៅ​ក្នុង​រូងភ្នំ​ដែល​ជា​ឧបសគ្គ​នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្រ្គោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ