អានតួអត្ថបទ
ថៃ

ថៃ៖ ការ​រុករក​ក្មេង​ៗ​ដែល​បាត់​ខ្លួនទាំង​១៣នាក់ មាន​ស្ថានភាព​ប្រសើរ​ជាង​មុន​

ការ​រុករក​ក្មេងៗដែល​បាត់​ខ្លួនទាំង​១៣នាក់​​ក្នុងរូង​ភ្នំនៅប្រទេសថៃ​ គឺ​ឈាន​មក​ដល់​ថ្ងៃ​ទី​៧ហើយ​។ នៅថ្ងៃសៅរ៍​ទី​៣០មិថុនានេះ ​អាជ្ញាធរ​ ​បាន​ផ្តល់​ដំណឹង​ថា  ​ការរុករក​មាន​ភាព​ប្រសើរ​ជាងមុន ព្រោះថាភ្លៀង​ឈប់​ធ្លាក់ ហើយ​គេ​​បាន​បូម​ទឹក​ចេញ​ពី​រូង​ភ្នំ​បាន​ច្រើន​។ អាជ្ញាធរ​ថៃ​សង្ឃឹមថា អាច​នឹង​រក​ពួក​ក្មេងនោះ​ឃើញ។​ ទោះបី​ជា​ពួក​គេ​ទាំង​១៣​នាក់​នោះ​​ បាន​បាត់​ខ្លួន​អស់​ មួយ​សប្តាហ៍​ហើយក្តី តែ​អ្នក​ជំនាញ​រំពឹង​ថា ពួក​គេ​នៅ​មាន​ជីវិត​នៅឡើយ។

ក្រុម​សង្គ្រោះ​ថៃ
ក្រុម​សង្គ្រោះ​ថៃ @thai-navy-seals
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នកជួយ​​សង្គ្រោះ​ បានចូលកាន់តែ​​ទៅកៀកនឹង​​កន្លែង​​ដែល​គេគិត​ថាពួក​ក្មេងទាំង​១៣នាក់​នោះ​ កំពុង​សម្ងំ​។​ អ្នក​សង្គ្រោះ​បាន​ចូល​ទៅ​ជិត​ទីនោះ​ម្តង​ហើយ កាលពីថ្ងៃអង្គារ តែ​ស្ថានភាព​គឺ​លំបាក​ណាស់ពេល​នោះ ដ្បិត​មានភ្លៀង​ធ្លាក់​ច្រើននិង​​ទឹក​ហូ​រ​គំហុក​​ខ្លាំង​ពេក។ ថ្ងៃសៅរ៍​ទី​៣០មិថុនានេះ ភ្លៀង​ក៏​រាំង ហើយ​គេ​​បាន​បូម​ទឹក​ចេញ​ពី​រូង​ភ្នំ​បាន​ច្រើន​។ ដូច្នេះ ស្ថានភាព​នៃការរុករក​បាន​គ្រាន់បើ​ជាង​មុន​។ នេះបើ​តាម​ការ​អះអាង​របស់​​លោក​អភិបាល​ខេត្ត​ឈៀង​រ៉ៃ​។

ក្រុម​អ្នក​សង្គ្រោះ​ និង​អ្នក​ជំនាញ​ ក៏​កំពុងហ្វឹក​ហាត់​សម​យ៉ាង​ញាប់​ដៃ​ញាប់​ជើង​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អាច​លើក​ពួកអ្នក​បាត់​ខ្លួន​​ទាំង​នោះ ដាក់​ក្នុង​ឧទ្ធម្ភាគចក្រ​ឲ្យ​បាន​លឿន នៅពេល​ដែល​រក​ពួក​គេ​ឃើញ​។​

គួរ​រម្លឹកថា កាលពី​ថ្ងៃ​សៅរ៍ទី​២៣សប្តាហ៍មុន​ ​កូនក្មេង​ទាំង១២នាក់ និង​គ្រូបង្វឹក​កីឡាបាល់ទាត់​ម្នាក់​របស់​ពួក​គេ​ បាន​ចូលរូងភ្នំឈ្មោះ Tham Luang និង​ជាប់កុនក្នុង​នោះតែម្តង ដោយ​សារតែ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​មាន​ទឹក​ហូរ​ចូល​ភ្នំផង។ ភ្នំនោះ​​មាន​ប្រវែង​ជា ១០គីឡូម៉ែត្រ​ ដែល​ស្ថិត​ក្នុង​ខេត្ត​ឈៀងរ៉ៃ ប្រទេស​​ថៃ ​ក្បែរ​ព្រំដែន​ឡាវ និង​ភូមា។

ចំពោះ​​ប្រតិបត្តិ​ការ​សង្គ្រោះ​ នា​ប៉ុន្មាន​ថ្ងៃមកនេះ ក្រុម​អ្នក​សង្គ្រោះ​បាន​បណ្តែត​អាហារ​តាម​ទឹក​ ដោយសង្ឃឹមថា ពួក​គេ​ទាំង​នេះ បាន​ទទួល​ទាន។ ក្នុង​ការ​រុក​រក​សង្គ្រោះ​មនុស្ស​នេះដែរ ក៏​មាន​អ្នក​ជំនាញ​ចិន ជប៉ុន អូស្ត្រាលី ព្រ​មទាំង​ទាហាន​អាមេរិក ជាង​​៣០នាក់​ផង បាន​​ចូលរួមជួយ​។

អ្នក​ជំនាញ​អាមេរិក​ម្នាក់​លើកឡើងថា ពួក​គេ​ទាំង១៣នាក់​នោះ សុទ្ធ​សឹង​ជា​កីឡាករ​ ដូច្នេះ​អាច​ទ្រាំ​ អត់ធន់​បាន​ ហើយ​បើ​ពួក​គេ​អាច​ផឹក​ទឹក​ទ្រទ្រង់​រាង​កាយបានទៀត​នោះ​ គឺ​​សង្ឃឹមថា​​ពួក​គេ​នឹងមាន​ជីវិត​រស់​នៅ​។ ព្រោះថា នៅ​ប្រទេស​ដទៃ គឺ​ធ្លាប់​មក​ករណី​ដូចគ្នា​នេះ​ដែរ​ ហើយ​គេ​អាច​រស់​ដោយ​ជប់​កុន​ក្នុង​រូង​ភ្នំដូច្នេះ បាន​កន្លះ​ខែ ទៅ​មួយ​ខែ​ឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ