ថៃ៖ ការរុករកក្មេងៗដែលបាត់ខ្លួនទាំង១៣នាក់ មានស្ថានភាពប្រសើរជាងមុន
ការរុករកក្មេងៗដែលបាត់ខ្លួនទាំង១៣នាក់ក្នុងរូងភ្នំនៅប្រទេសថៃ គឺឈានមកដល់ថ្ងៃទី៧ហើយ។ នៅថ្ងៃសៅរ៍ទី៣០មិថុនានេះ អាជ្ញាធរ បានផ្តល់ដំណឹងថា ការរុករកមានភាពប្រសើរជាងមុន ព្រោះថាភ្លៀងឈប់ធ្លាក់ ហើយគេបានបូមទឹកចេញពីរូងភ្នំបានច្រើន។ អាជ្ញាធរថៃសង្ឃឹមថា អាចនឹងរកពួកក្មេងនោះឃើញ។ ទោះបីជាពួកគេទាំង១៣នាក់នោះ បានបាត់ខ្លួនអស់ មួយសប្តាហ៍ហើយក្តី តែអ្នកជំនាញរំពឹងថា ពួកគេនៅមានជីវិតនៅឡើយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមអ្នកជួយសង្គ្រោះ បានចូលកាន់តែទៅកៀកនឹងកន្លែងដែលគេគិតថាពួកក្មេងទាំង១៣នាក់នោះ កំពុងសម្ងំ។ អ្នកសង្គ្រោះបានចូលទៅជិតទីនោះម្តងហើយ កាលពីថ្ងៃអង្គារ តែស្ថានភាពគឺលំបាកណាស់ពេលនោះ ដ្បិតមានភ្លៀងធ្លាក់ច្រើននិងទឹកហូរគំហុកខ្លាំងពេក។ ថ្ងៃសៅរ៍ទី៣០មិថុនានេះ ភ្លៀងក៏រាំង ហើយគេបានបូមទឹកចេញពីរូងភ្នំបានច្រើន។ ដូច្នេះ ស្ថានភាពនៃការរុករកបានគ្រាន់បើជាងមុន។ នេះបើតាមការអះអាងរបស់លោកអភិបាលខេត្តឈៀងរ៉ៃ។
ក្រុមអ្នកសង្គ្រោះ និងអ្នកជំនាញ ក៏កំពុងហ្វឹកហាត់សមយ៉ាងញាប់ដៃញាប់ជើង ដើម្បីធ្វើយ៉ាងណាឲ្យអាចលើកពួកអ្នកបាត់ខ្លួនទាំងនោះ ដាក់ក្នុងឧទ្ធម្ភាគចក្រឲ្យបានលឿន នៅពេលដែលរកពួកគេឃើញ។
គួររម្លឹកថា កាលពីថ្ងៃសៅរ៍ទី២៣សប្តាហ៍មុន កូនក្មេងទាំង១២នាក់ និងគ្រូបង្វឹកកីឡាបាល់ទាត់ម្នាក់របស់ពួកគេ បានចូលរូងភ្នំឈ្មោះ Tham Luang និងជាប់កុនក្នុងនោះតែម្តង ដោយសារតែភ្លៀងធ្លាក់ខ្លាំងនិងមានទឹកហូរចូលភ្នំផង។ ភ្នំនោះមានប្រវែងជា ១០គីឡូម៉ែត្រ ដែលស្ថិតក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ ក្បែរព្រំដែនឡាវ និងភូមា។
ចំពោះប្រតិបត្តិការសង្គ្រោះ នាប៉ុន្មានថ្ងៃមកនេះ ក្រុមអ្នកសង្គ្រោះបានបណ្តែតអាហារតាមទឹក ដោយសង្ឃឹមថា ពួកគេទាំងនេះ បានទទួលទាន។ ក្នុងការរុករកសង្គ្រោះមនុស្សនេះដែរ ក៏មានអ្នកជំនាញចិន ជប៉ុន អូស្ត្រាលី ព្រមទាំងទាហានអាមេរិក ជាង៣០នាក់ផង បានចូលរួមជួយ។
អ្នកជំនាញអាមេរិកម្នាក់លើកឡើងថា ពួកគេទាំង១៣នាក់នោះ សុទ្ធសឹងជាកីឡាករ ដូច្នេះអាចទ្រាំ អត់ធន់បាន ហើយបើពួកគេអាចផឹកទឹកទ្រទ្រង់រាងកាយបានទៀតនោះ គឺសង្ឃឹមថាពួកគេនឹងមានជីវិតរស់នៅ។ ព្រោះថា នៅប្រទេសដទៃ គឺធ្លាប់មកករណីដូចគ្នានេះដែរ ហើយគេអាចរស់ដោយជប់កុនក្នុងរូងភ្នំដូច្នេះ បានកន្លះខែ ទៅមួយខែឯណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ