អានតួអត្ថបទ
អឺរ៉ុប-អាហ្វ្រិក-អាស៊ី

របាយការណ៍៖ ផលិតផល​កសិកម្ម​អឺរ៉ុប​នឹងធ្លាក់ចុះ ប៉ុន្តែ ទៅកើនឡើង​នៅ​អាស៊ី

នៅ​១០ឆ្នាំខាងមុខ ផលិតកម្ម​កសិកម្ម របស់​ទ្វីបអឺរ៉ុប​នឹង​ធ្លាក់​ចុះ​ថយ។ តាម​របាយការណ៍​ចេញផ្សាយ​នៅថ្ងៃ​អង្គារ និង​ធ្វើរួម​គ្នា ដោយ​អង្គការ​ចំណីអាហារ និង​ស្បៀងអាហារ​របស់​អង្គការ​សហប្រជាជាតិ FAO និង អង្គការ​ដើម្បី សហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច OCDE ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០២៧ ផលិតផល​កសិកម្ម​នៅ អឺរ៉ុប នឹង​ថយចុះ ក្នុង​ពេល​ដែល​ផលិតផល​កសិកម្ម​របស់​អាស៊ី ហើយ​និង​អាហ្វ្រិក​នឹង​ស្គាល់​ការរីកចម្រើន កើនឡើង​ច្រើនជាងមុន។ 

ដីកសិកម្ម​ផលិត​ស្រូវ​សាឡី​នៅ​តំបន់​Stavropol នៅ​រុស្ស៊ី នៅខែ​មិថុនា ២០១៨
ដីកសិកម្ម​ផលិត​ស្រូវ​សាឡី​នៅ​តំបន់​Stavropol នៅ​រុស្ស៊ី នៅខែ​មិថុនា ២០១៨ ©REUTERS/Eduard Korniyenko
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ព្យាករណ៍ កសិកម្ម​ពិភពលោក សម្រាប់​រយៈពេល ១០ឆ្នាំទៅមុខ (២០១៨-២០២៧) អង្គការ​សហប្រជាជាតិ និង​អង្គការ​ដើម្បី សហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច បាន​វាយតម្លៃថា ចំណែក​របស់​អឺរ៉ុប សម្រាប់​ផលិតផល​កសិកម្ម​ពិភពលោក​នឹងធ្លាក់​ចុះ ជាបន្តបន្ទាប់ ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០២៧។ ការធ្លាក់​ចុះ នៃ​តម្រូវការ ប្រេង ដែលផលិត​ចេញពី​គ្រាប់ធញ្ញជាតិ ដូចជា​ផ្កាឈូករ័ត្ន ឬ​កុលហ្សា ជា​ដើមហេតុ​មួយ នៃ​ការធ្លាក់​ចុះ​ផលិតកម្ម កសិកម្ម​នៅ​ក្នុង​ទឹកដី​អឺរ៉ុប។ បរិមាណ​ផលិត​ទំនិញ​កសិកម្ម ធ្លាក់ចុះ​នៅ​អឺរ៉ុប​ខាងលិច ប៉ុន្តែ រុស្ស៊ី ក្នុង​ទឹកដី​អឺរ៉ុប នៅ​តែនាំមុខគេ ក្នុង នាម​ជាប្រទេស​ដែល​ផលិត នាំចេញ ស្រូវសាឡី ច្រើន​ជាងគេ​ទៅ​ទីផ្សារ​ពិភពលោក គឺ​នាំមុខ​សហភាពអឺរ៉ុប ហើយ​និង​អាមេរិក ដែល​ជាប់​ចំណាត់ថ្នាក់លេខបី។

នៅពេល​ដែល​ការផលិត​ស្រូវសាឡី ទឹកដោះគោ ហើយ​និង​សាច់សត្វ ធ្លាក់​ចុះ​នៅ​អឺរ៉ុប ប្រទេស និង​តំបន់​ផ្សេងទៀត ដូចជា​នៅ​អាស៊ី និងអាហ្វ្រិក​បាន​ស្គាល់​កំណើន​ផលិតផល​កសិកម្ម ក្នុងរយៈពេល ១០​ឆ្នាំទៅមុខ។ នៅ អាស៊ី​ខាងត្បូង និង​អាស៊ី​ខាងកើត ចិន និង​ឥណ្ឌា​ នៅតែ​ជា​នាំមុខគេ​ក្នុង​ការផលិតទំនិញ​កសិកម្ម។

របាយការណ៍ កត់សំគាល់​ដែរ​ថា តំបន់​សាហារ៉ា នៅ​អាហ្វ្រិក នឹង​ស្គាល់​កំណើន​ផលិតកម្ម​កសិកម្ម រហូត ៣០%​សម្រាប់​គ្រាប់​ធញ្ញជាតិ និង​២៥​ភាគរយ​សម្រាប់​ការផលិត​សាច់សត្វ។ កំណើន​ផលិតកម្ម​កសិកម្ម នៅអាហ្វ្រិក ជា​លទ្ធផល​នៃ​ការអនុវត្ត​នយោបាយ សាងស់​បណ្តាញ​ធារាសាស្រ្ត បច្ចេកវិទ្យា​កសិកម្ម ហើយ​និង​ការប្រើប្រាស់​ជីគីមី សម្រាប់​ថែទាំ​ដំណាំកសិកម្ម។ យ៉ាងណាក៏ដោយ អ្នកសរសេរ​របាយការណ៍​បាន​បង្ហាញថា ទោះជា​ផលិតផល​កសិកម្ម​កើនឡើង​នៅ​តំបន់​អាហ្វ្រិក ប៉ុន្តែ វា នៅ​មិនទាន់​អាច​ឆ្លើយតប​នឹង​តម្រូវការ​ជាពិសេស​នៅ​តំបន់​អាហ្វ្រិក ដែល​នឹងមាន​ប្រជាជន កើតថ្មី កាន់តែ​ច្រើនជាងមុន។

ជារួម របាយការណ៍ របស់​អង្គការ​សហប្រជាជាតិ និង​របស់​អង្គការ OCDE វិភាគ​ទៅលើ​ការផលិត ការទិញប្រើប្រាស់ និង​តម្រូវការ​ក្នុងទីផ្សារ​ពិភពលោក ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ទៅលើផលិតកម្ម​កសិកម្ម ហើយ​និង​ការកើនឡើង​នៃ​ចំនួន​មនុស្ស នៅលើ​ផែនដី។ នៅ​តំបន់​ដើមបូព៌ា សង្រ្គាម ហើយ​និង​ការធ្វេសប្រហែល ក្នុង​ការអនុវត្តនយោបាយ​គ្រប់គ្រង​ទឹក និង​ដីធ្វើ​កសិកម្ម កំពុង​គំរាម​កំហែង​សុវត្ថិភាព​ស្បៀង របស់​ប្រទេស​នៅ​តំបន់​ដើមបូព៌ា ដែល​ភាគច្រើន​ពឹងផ្អែក​លើ​ការនាំចូល ផលិតផល​កសិកម្ម​ពី​បរទេស។

នៅ​ថ្នាក់ពិភពលោក រាបយការណ៍​កត់សំគាល់​ផងដែរ តំរូវការ​ទិញគ្រាប់​ធញ្ញជាតិ សម្រាប់​ធ្វើ​ជាចំណី​របស់​សត្វ បាន​កើនឡើង​លឿន ខ្ពស់​ជាង​តម្រូវ​របស់​មនុស្ស។ ការកើនឡើង​នៃ​ការបរិភោគ​សាច់សត្វ នៅ​ប្រទេស​ចិន ជាហេតុផល​ចំបងមួយ ដែល​ធ្វើ​ឲ្យ​គេត្រូវ ការ​ទិញ ផលិតផល​កសិកម្ម សម្រាប់ កសិដ្ឋាន​ចិញ្ចឹម​សត្វ​យកសាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ