អាជ្ញាធរថៃ៖ ក្មេងទាំង១២នាក់ និងគ្រូបង្វឹក នឹងស្ថិតនៅជាប់កុនយូរពេលទៀត ក្នុងរូងភ្នំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៧
កូនក្មេងថៃ ទាំង១២នាក់ និងគ្រូបង្វឹក ដែលបានបាត់ខ្លួន ក្នុងរូងភ្នំ នៅខេត្ត ឈៀងរ៉ៃ ប្រទេសថៃ អស់ ៩ថ្ងៃមកហើយ ត្រូវបានគេរកឃើញ នៅរស់រានមានជីវិតទាំងអស់។ នៅយប់ថ្ងៃចន្ទម្សិលមិញ គឺអ្នកជំនាញមុជទឹកអង់គ្លេស ដែលបានប្រទះរកឃើញ ក្មេងៗ ដែលប្រមូលផ្តុំគ្នា នៅលើទីទួល ខ្ពស់ពីជន់លិច ក្នុងរូងភ្នំ។ ជាតិថៃ ជាពិសេសឪពុកម្តាយ របស់ក្មេងបាត់ខ្លួន ត្រេកអរខ្លាំងនឹងដំណឹងនេះ ប៉ុន្តែ កិច្ចការការងារត្រូវធ្វើបន្ត គឺការរំដោះយកក្មេងៗ ទាំងនោះចេញពីរូងភ្នំ ដែលច្រកឆ្លងកាត់ជាច្រើន កំពុងជន់លិចដោយទឹកភ្លៀវមូសុង។
ក្មេងថៃ ទាំង១២រូប ហើយនិងគ្រូបង្វឹកបាល់ទាត់ ត្រូវបានអ្នកមុជទឹកអង់គ្លេស រកឃើញ កាលពីយប់ថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីបាត់ខ្លួន អស់ ៩ថ្ងៃ នៅក្នុងរូងភ្នំ នៅភាគខាងជើងប្រទេសថៃ។ ក្តីសង្ឃឹមថា នឹងស្វែងរកឲ្យឃើញកូនក្មេងថៃ សឹងតែលែងមានទៅហើយ ក្រោយ ពីការរុករកយ៉ាងសកម្ម ជាង១សប្តាហ៍ ប៉ុន្តែ គ្មានលទ្ធផលអ្វី។
ជនជាតិអង់គ្លេសដែលបានស្វែង រកឃើញ ក្មេងថៃ នៅក្នុងរូងភ្នំ គឺជាក្រុមជួយសង្រ្គោះ ដែលមានជំនាញខាងមុជទឹក របស់ក្រុមប្រឹក្សា ជួយសង្រ្គោះអង់គ្លេស។ ក្រុមនេះ បានស្ម័គ្រចិត្ត ចូលជួយ ទៅតាមការអំពាវនាវរបស់កងទ័ពថៃ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
កន្លងមក គេជឿថា ក្មេងៗដែលបាត់ខ្លួន អាចទៅនៅ ទីតាំងខ្ពស់មួយ នៅល្អាងដែលមានឈ្មោះថា ឆ្នេរប៉ាត់តាយ៉ា ព្រោះថា ល្អាងនោះធំ ដែលដែលអាចផ្តល់ជំរក សុវត្ថិភាពដល់ក្មេងៗ ប៉ុន្តែ អ្វីដែលគេនឹកមិនស្មានដល់ គឺថា សូម្បីតែល្អាងធំនោះ ក៏ត្រូវទឹកភ្លៀង ជន់លិចដែរ។ នៅថ្ងៃម្សិលមិញ អ្នកជំនាញមុជទឹកអង់គ្លេស បានទៅរកឃើញក្មេងៗ ក្នុងរូបរាងស្គម ប៉ុន្តែ នៅមានជីវិតអស់ និងកំពុងផ្តុំគ្នា នៅលើទីតាំងទួលមួយ ខ្ពស់ ពីទឹកជំនន់។ ទីតាំងដែលគេរកឃើញក្មេងៗ ស្ថិតនៅចម្ងាយប្រមាណ ៤០០ម៉ែត្រ ហួសឆ្ងាយ ពីល្អាង ឆ្នេប៉ាតាយ៉ានេះ ទៅទៀត។ ជារួម កន្លែងដែលអ្នកមុជទឹកអង់គ្លេស បានរកឃើញ កូនក្មេងថៃ ហើយនិងគ្រូបង្វឹក ទាំង ១៣នាក់ ស្ថិតនៅចម្ងាយ ប្រមាណ ៤ គីឡូម៉ែត្រ ពីច្រកចូលរបស់ល្អាង ឬនៅប្រមាណ ២គីឡូម៉ែត្រពីទីតាំង របស់កងទ័ពថៃ ដែលបានបោះជំរំ នៅក្នុងរូងភ្នំ សម្រាប់ប្រតិបត្តិការស្វែងរកកូនក្មេងថៃ។
រកឃើញក្មេងៗហើយ ប៉ុន្តែប្រតិបត្តិការរំដោះ យកក្មេងៗ ត្រូវការពេលវេលាយូរទៅទៀត
នៅយប់ថ្ងៃចន្ទម្សិលមិញ នៅពេលបានជួបអ្នកមុជទឹកអង់គ្លេស លើកដំបូង ក្មេងម្នាក់ក្នុងចំណោម ១២នាក់ បានសួរថា តើពួកគេអាចចេញទៅក្រៅរូងភ្នំបាននៅពេលនេះ? អ្នកមុជទឹកអង់គ្លេសម្នាក់ បានឆ្លើយតបថា ពួកគេត្រូវ រង់ចាំ សិន។ ប៉ុន្តែ អ្នកមុជទឹកអង់គ្លេសបាននិយាយធានាបញ្ជាក់ប្រាប់ក្មេងៗទាំងនោះថា នឹងមានមនុស្សជាច្រើន ដែលនឹងត្រលប់មកជួយ ពួកគេ។
សម្រាប់អភិបាលខេត្តឈៀងរ៉ៃ ដែលមាននាទីផងដែរ ជាប្រធានក្រុមជួយសង្រ្គោះបន្ទាន់ ប្រតិបត្តិការរំដោះយកក្មេងៗ ដែលកំពុងជាប់កុន ក្នុងរូងភ្នំ ត្រូវការពេលវេលាយូរទៅទៀត អាចរាប់ខែ បើមើលទៅលើស្ថានភាពលិចទឹក ក្នុងរូងភ្នំ សព្វថ្ងៃ។ ពោល គឺពួកគេទាំង១៣នាក់ នៅមិនទាន់អាចយកចេញពីក្នុងរូងភ្នំភ្លាមៗនៅឡើយទេ ដោយរង់ចាំ រហូតទាល់តែពួកគេមានសុខភាពគ្រប់គ្រាន់សិន។
ការងារចំបងដែល ក្រុមជួយសង្រ្គោះ ត្រូវធ្វើ នៅពេលនេះ គឺ នាំយកស្បៀង អាហារ និងថ្នាំពេទ្យ សម្រាប់ទៅពង្រឹងសុខភាពរបស់ក្មេង ជាមុនសិន។ គ្រូពេទ្យទាហានដែលមានជំនាញខាងមុជទឹក បានចេញដំណើរ រួចហើយ នៅថ្ងៃអង្គារនេះ ទៅពិនិត្យសុខភាពរបស់ពួកគេទាំង១៣នាក់ ចំណែកការផ្តល់អាហារ ដល់ក្មេងៗ នឹងត្រូវគេធ្វើដោយសន្សឹមៗ ដើម្បីកុំឲ្យពួកគេ ដែលដាច់អាហារ និងទឹក អស់ជាច្រើនថ្ងៃ នៅក្នុងរូងភ្នំ អាចប្រឈម នឹងជម្ងឺ អួលបាយ។ តាមប្រភពកងទ័ពថៃ គេនឹងត្រៀមផ្តល់ស្បៀងសម្រាប់ រយៈពេល យ៉ាងតិច ៤ខែ ពីព្រោះ ប្រតិបត្តិការសង្រ្គោះយកក្មេងចេញពីរូងភ្នំ ដែលត្រូវការ ពេល វេលា ជាច្រើនសប្តាហ៍ ឬអាចដល់ច្រើនខែ។
រូងភ្នំ ដែលក្មេងៗថៃ ទៅជាប់កុន នេះ គឺក្រវិចក្រវៀន និងចុះឡើងខ្លាំងណាស់។ នៅរដូវប្រាំង បើគ្មានទឹកភ្លៀង គេត្រូវចំណាយពេលដើរចុះ ឬក៏ ឡើង ដល់ទៅ៥ម៉ោង ទម្រាំដល់ល្អាងធំសំខាន់របស់រូងភ្នំ គឺប្រហាក់ប្រហែលនឹងកន្លែង ដែលក្មេងៗ កំពុងនៅជាប់គាំង នៅពេលនេះ។
អ្វីដែលជាឧបសគ្គចំបងសម្រាប់ក្រុមជួយសង្រ្គោះ នៅពេលនេះ គឺទឹកភ្លៀង ដែលបានជន់លិច អស់ល្អាង ជាច្រើន។ ទោះបីជាមានអ្នកជំនាញមុជទឹក ច្រើននាក់ ក៏គេមិនអាចបញ្ជូនឲ្យទៅ ហែលជ្រមុជ ចូលទៅសណ្តោង យកក្មេងៗនោះចេញមកបានភ្លាមនោះទេ។ នាំយកក្មេងៗ ដែលគ្មានបទពិសោធន៍ មុជទឹក ទាល់តែសោះ ឲ្យហែល ជ្រមុជ ក្នុងទឹកហូរខ្មួលខ្មាញ់ រាប់ម៉ោង នៅក្នុងល្អាងភ្នំ ដ៏សែនងងឹត និងក្រវិចក្រវៀន ឡើងចុះ ដូចជាផ្នត់ពោះវៀន គឺជារឿងប្រថុយគ្រោះថ្នាក់ខ្លាំងណាស់។
គេនឹងបង្រៀនឲ្យក្មេងៗចេះមុជទឹកក្នុងទឹក ដើម្បីហែលឆ្លងចេញពីល្អាងភ្នំ
ទី១ គេត្រូវបញ្ជូនក្រុមជួយសង្រ្គោះ ឲ្យទៅ នៅជាមួយ ក្មេងៗ ដើម្បី ពង្រឹងសុខភាពរបស់ក្មេងៗ ឲ្យរឹងមាំសិន។ បន្ទាប់មក គេត្រូវបង្រៀនឲ្យពួកគេ ចេះជ្រមុជហែលទឹក ឲ្យបានស្ទាត់ជាមុនសិន មុននឹងសម្រេចត្រូវហែលចេញពីល្អាងលិចទឹក ក្នុងរូងភ្នំ។ ក្នុងពេលបង្រៀននេះទៀតសោត កងទ័ពនឹងនៅតែបន្ត ប្រើម៉ាស៊ីនបូមទឹកចេញពីរូងភ្នំ ក្នុងក្តីសង្ឃឹមថា នឹងកាត់បន្ថយកន្លែងលិចទឹក និងដើម្បីឲ្យក្មេងៗអាចដើរចេញមកបាន។ ប៉ុន្តែ ជម្រើសបូមទឹក ឲ្យស្ងួតល្អាង គឺពិបាកនឹងធ្វើទៅបាន ព្រោះថា ទឹកអាចឡើងលឿន នៅក្នុងរូងភ្នំ ដោយសារតែភ្លៀងរដូវវស្សា ដែលកំពុងចាប់ផ្តើម ពីពេលនេះ រហូតដល់ខែ កញ្ញា ឬតុលា។
ជម្រើសមួយទៀត ដែលត្រូវការពេលវេលាយូរដែរ គឺ ការស្វែងច្រកផ្លូវ ចូលថ្មី ទៅរូងភ្នំ តាមរយៈ អណ្តូង នៅលើខ្នងភ្នំ។ ប៉ុន្មានថ្ងៃនេះ ទាហានថៃ បានស្វែងរកឃើញច្រកជាច្រើនកន្លែង នៅលើខ្នងភ្នំ ប៉ុន្តែ គេនៅមិនទាន់ដឹងថា តើច្រកចាក់ទទឹងពីលើខ្នងភ្នំ នឹងអាចត្រូវគេប្រើប្រាស់ ដើម្បីចូលទៅសង្រ្គោះ ពួកក្មេងៗ បានដែរឬក៏អត់នោះទេ។ យ៉ាងណាដ៏ដោយ ក្រុមទាហានថៃ បានកាប់ឆ្កា រួចហើយ ព្រៃ នៅច្រកចូល ពីលើភ្នំ សម្រាប់ធ្វើជាកន្លែងចុះចតរបស់ឧទ្ធម្ភាគចក្រ ជួយសង្រ្គោះក្រុមក្មេងៗ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ