ច្បាប់ថ្មីស្តីពីសន្តិសុខអ៊ីនធ័រនែតបានបង្ខំម្ចាស់គេហទំព័រអ៊ីនធ័រនែតទាំងអស់ឲ្យដកចេញក្នុងរយៈពេល ២៤ម៉ោងនូវព័ត៌មាន និងបទអត្ថាធិប្បាយគ្រប់យ៉ាងដែលមានលក្ខណៈគំរាមកំហែងដល់សន្តិសុខជាតិ។ ទន្ទឹមគ្នានេះ ម្ចាស់គេហទំព័រអ៊ីនធ័រនែតក៏មានកាតព្វកិច្ចរក្សាទុកនូវព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទាំងអស់។ ច្បាប់មួយនេះបានបង្កើតឲ្យមានរឿងអាស្រូវនៅក្នុងចំណោមសកម្មជន និងអ្នកបង្កើតប្លុកអ៊ីធឺណែត។ គួរបញ្ជាក់ថា ដោយសារតែនៅវៀតណាមគ្មានមធ្យោបាយឃោសនាមហាជនឯករាជ្យ ក្រុមសកម្មជន និងអ្នកសរសេរក្នុងប្លុកអ៊ីធ័រនែតបានយកបណ្តាញសង្គម Facebook ជាកន្លែងដោះដូរព័ត៌មាន និងបញ្ចេញមតិផ្ទាល់ខ្លួន។
សព្វថ្ងៃនៅវៀតណាម មានអ្នកប្រើ Facebook ចំនួន ៥៣លាននាក់ក្នុងចំណោមពលរដ្ឋសរុប ៩៣លាននាក់។ តែអ្វីដែលពួកគេកំពុងបារម្ភពេលនេះ គឺខ្លាចតែ Facebook លុតជង្គង់អនុវត្តតាមច្បាប់ថ្មីស្តីពីសន្តិសុខអ៊ីនធ័រនែតរបស់រដ្ឋាភិបាលវៀតណាម។ អ៊ីចឹងហើយបានជាពេលនេះ មានភាគច្រើនបានងាកទៅប្រើបណ្តាញសង្គមមួយទៀតរបស់អាមេរិកឈ្មោះ Minds ដែលគេចាត់ទុកថាមានសុវត្តិភាពជាង និងបានលើកដំកើងសេរីភាពក្នុងការបញ្ចេញមតិ។ លោក Bill Ottman ស្ថាបនិក និងជាអគ្គនាយកបណ្តាញសង្គម Minds បានថ្លែងថា ក្នុងរយៈពេលមិនដល់ ១សប្តាហ៍ផង មានអ្នកចុះឈ្មោះថ្មីចំនួន ១០០ ០០០នាក់។
គិតមកដល់ពេលនេះ មានមនុស្ស ១លាន ១សែននាក់បានប្រើបណ្តាញសង្គម Minds ក្នុងនោះមានជិត ១០% នៅក្នុងប្រទេសវៀតណាម។ ខុសពី Facebook បណ្តាញសង្គម Minds មិនបង្ខំអ្នកចុះឈ្មោះឲ្យផ្តល់ទិន្នន័យផ្ទាល់ខ្លួនទេ ហើយគ្រប់កិច្ចសន្ទនាតាមបណ្តាញសង្គមមួយនេះត្រូវបានលាក់ជាសម្ងាត់។ Facebook បានអះអាងថា ខ្លួនកំពុងពិនិត្យមើលឡើងវិញលើច្បាប់ថ្មីរបស់រដ្ឋាភិបាលវៀតណាម ហើយកំពុងពិចារណាលើសំណើរបស់រដ្ឋាភិបាលវៀតណាម។ ចំណែកក្រុមហ៊ុន Google បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់លើច្បាប់ថ្មីនេះ៕