អានតួអត្ថបទ
សហរដ្ឋអាមេរិក-កូរ៉េខាងជើង

ប្រមុខ​ការបរទេស​អាមេរិក​ធ្វើដំណើរ​ជាលើកទី​៣ ទៅ​ទីក្រុង​ព្យុងយ៉ាង

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក Mike Pompeo បានទៅ​ដល់​ទីក្រុងព្យុងយ៉ាង នៅថ្ងៃ​សុក្រ​នេះ ក្នុង​បេសកកម្ម ទាមទារ​ឲ្យ​កូរ៉េខាងជើង លម្អិត​កម្មវិធី និង​សកម្មភាព​លុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ ដែល​មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន​បាន​សន្យា​ទៅ​ លោកដូណាល់ ត្រាំ នៅក្នុងជំនួបកំពូល​អាមេរិក កូរ៉េខាងជើង កាលពី​ពាក់កណ្តាល​ខែ​មិថុនា​កន្លងទៅ។ នៅ​ទឹកដី​កូរ៉េខាងជើង ប្រមុខការបរទេស​អាមេរិក នឹង​ពិភាក្សា​ផងដែរ ពី​ការស្វែងរក​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិកកាំង ប្រមាណ ២០០​នាក់ ដែល​បាន​ស្លាប់ នៅ​ក្នុង​សង្រ្គាម​កូរ៉េ។

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ស្វាគម​ដោយ​ដៃស្តាំ​របស់​មេដឹកនាំ​កូរ៉េខាងជើង នៅទីក្រុង​ព្យុងយ៉ាង នៅថ្ងៃ ទី​៦​កក្កដា ២០១៨
រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ស្វាគម​ដោយ​ដៃស្តាំ​របស់​មេដឹកនាំ​កូរ៉េខាងជើង នៅទីក្រុង​ព្យុងយ៉ាង នៅថ្ងៃ ទី​៦​កក្កដា ២០១៨ © Andrew Harnik/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ទស្សនកិច្ច​ជាលើកទី​៣ ទៅ​ប្រទេស​កូរ៉េខាងជើង លោក រដ្ឋមន្រ្តីការបរទេស​អាមេរិក Mike Pompeo ត្រូវ​បាន​ទទួល​ស្វាគម​យ៉ាងរាក់ទាក់ ពី​លោកគីម យ៉ុងចុល មនុស្ស​ដៃស្តាំ​របស់​លោកគីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ដែល​បាន​ដកស្រង់​សំដី​របស់​អ្នកទទួល​ខុសត្រូវ​នៅ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក នៅ​ទីក្រុងព្យុងយ៉ាង ជាទី​ដែលលោក​នឹង​ចំណាយពេល ស្នាក់នៅ មួយយប់ ជា​លើកទី១ នោះ ប្រមុខការ​បរទេស​អាមេរិក គ្រោង​នឹង​បញ្ចុះបញ្ចូល​ឲ្យ​កូរ៉េខាងជើង ធ្វើ​បញ្ជី ទីតាំង​នុយក្លេអ៊ែរ ហើយ​និង​ចំនួន​ក្បាល​គ្រាប់នុយក្លេអ៊ែរ ដើម្បី ឲ្យ​អាមេរិក​អាច​ត្រួតពិនិត្យ និង​ប្រៀបធៀប​ជាមួយ​របាយការណ៍​របស់​ក្រុមស៊ើបការណ៍​អាមេរិក។

វត្តមាន​របស់​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​នៅកូរ៉េខាងជើង ធ្វើឡើង​នៅក្រោយ មន្រ្តីស៊ើបការណ៍​សម្ងាត់ ហើយ​និង​រូបភាព​ផ្កាយរណប​របស់​អាមេរិក បាន​បង្ហាញ​កាលពី​ចុងខែ​មិថុនាថា ក្រុង​ព្យុងយ៉ាង​នៅ​តែ​បន្ត សកម្មភាព នៅ​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ នៅយ៉ុងប៊ីយ៉ុង។

នៅ​មុន​ទៅដល់​ទីក្រុង​ព្យុងយ៉ាង លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក បាន​និយាយ​ប្រាប់​អ្នកកាសែត ដែល​អមដំណើរ​របស់លោក នៅក្នុង​យន្តហោះ​ថា នៅក្នុង​ដំណើរ​លើកនេះ ទៅ​ទីក្រុង​ព្យុងយ៉ាង បេសសកម្ម​សំខាន់​របស់​លោក គឺ​ចង់បាន​ការបញ្ជាក់ ពី​កូរ៉េខាងជើង ទាក់ទង​នឹង​កម្មវិធី​លម្អិត ហើយ​កាលបរិច្ឆេទ នៃ​ការដាក់​ឲ្យ​អនុវត្ត សកម្មភាព លុបបំបាត់​អាវុធ នុយក្លេអ៊ែរ ដែល​មេដឹកនាំ​អាមេរិក ហើយ​និង​កូរ៉េខាងជើង ធ្លាប់​បាន​សន្យា​ព្រមព្រៀង​គ្នា នៅក្នុងជំនួបកំពូល​កាលពី​ពាក់កណ្តាល​ខែ​មិថុនា។

នៅក្នុង​ជំនួបកំពូល ជាមួយ​ប្រធានាធិបតី​អាមេរិក លោកគីម ជុងអ៊ុន បាន​សន្យា​ថា នឹង​ប្រឹងប្រែង​លុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ នៅ ឧបទ្វីបកូរ៉េ។ ការសន្យា​របស់​មេដឹកនាំ​កូរ៉េខាងជើង មាន​លក្ខណៈ​ទូលំទូលាយ ព្រោះ វា​មិន​បាន​បញ្ជាក់​ច្បាស់​ពី​ពេលវេលា និង​មិន​បាន​សរសេរ​ជាផ្លូវការ​ថា កូរ៉េខាងជើង សុខចិត្ត​លះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន​នោះទេ។

ទីក្រុង​វ៉ាស៊ីនតោន​សង្ឃឹមថា ការលុបបំបាត់​ចោល​ទាំងស្រុង​អាវុធ​នុយក្លេអ៊ែរ របស់​កូរ៉េខាងជើង​នឹង​ចាប់ផ្តើម​នៅ​ក្នុង​រយៈពេល​មួយឆ្នាំទៀត ប៉ុន្តែ អ្នកជំនាញ ហើយ​និងអ្នករិះគន់​លោកដូណាល់ ត្រាំ ជាច្រើន វាយតម្លៃថា សេចក្តីថ្លែងការណ៍រួម រវាង​លោកដូណាល់ ត្រាំ ហើយនិង​មេដឹកនាំ​កូរ៉េខាងជើង នឹងហុចផល​តិចតួច ចំណែក​ដំណើការ​លុបបំបាត់​ចោល​នុយក្លេអ៊ែរ របស់កូរ៉េខាងជើង ទៀតសោត ក៏នឹង​ត្រូវការ​ពេលវេលា​ជាច្រើន​ឆ្នាំ បើសិន​កូរ៉េខាងជើង យល់ព្រម​ធ្វើតាម​ការសន្យា​មែន​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ