អានតួអត្ថបទ
ថៃ

ថៃកំពុង​​បន្ត​ប្រតិបត្តិការ​រំដោះ​​ក្មេង​ ៩នាក់ផ្សេងទៀត​ចេញ​ពីរូងភ្នំ

នៅក្រោយ​រំដោះ​យក​ចេញ​ដោយ​ជោគជ័យ ក្មេងថៃ​៤នាក់ ចេញពី​រូងភ្នំ នៅ​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្រុមជួយសង្រ្គោះ​ថៃ នឹង​ចាប់ផ្តើម​នៅ ប៉ុន្មាន​ម៉ោង​ខាងមុខ ប្រតិបត្តិការ​ទៅ​រំដោះ​យក​ក្មេង​៨នាក់ផ្សេងទៀត ហើយ​និង​គ្រូបាល់ទាត់​របស់​ពួកគេ ដែល​នៅ​ជាប់កុន​នៅឡើយ​ក្នុង​រូងភ្នំ។ ក្មេង​៤នាក់ ដែល​ត្រូវ​បាន​គេ​ជួយសង្រ្គោះ​យកចេញពីក្នុង​រូងភ្នំ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ខេត្ត​ឈៀងរ៉ៃ។

ឧទ្ធម្ភាគចក្រ​របស់​កងទ័ព​ថៃ ដឹក​ក្មេង​ដែល​រំដោះ​ចេញពី​រូងភ្នំទៅ​មន្ទីរពេទ្យ​នៅ​ខេត្ត​ឈៀងរ៉ៃនៅថ្ងៃ​ទី អាទិត្យ​​ទី ៨​កក្កដា ២០១៨
ឧទ្ធម្ភាគចក្រ​របស់​កងទ័ព​ថៃ ដឹក​ក្មេង​ដែល​រំដោះ​ចេញពី​រូងភ្នំទៅ​មន្ទីរពេទ្យ​នៅ​ខេត្ត​ឈៀងរ៉ៃនៅថ្ងៃ​ទី អាទិត្យ​​ទី ៨​កក្កដា ២០១៨ ©REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ក្រុមជួយសង្រ្គោះ​ថៃ​បាននិយាយ​ថា ក្មេង​ថៃ​៤​នាក់ ដែល​ត្រូវ​បាន​រំដោះ​យក​ចេញពី​ក្នុង​រូងភ្នំ កាលពី​យប់​ថ្ងៃអាទិត្យ មាន​សុខភាព​រឹងមាំ។ ក្មេង​៤នាក់ ត្រូវ​សង្រ្គោះ​យកចេញ​ពីក្នុង​រូងភ្នំ​ដោយ​ជោគជ័យ ប៉ុន្តែ នៅ​សល់​៨នាក់​ទៀត រួម​ទាំង​គ្រូបង្វឹក​បាល់ទាត់​ម្នាក់ផង កំពុង​នៅជាប់គាំង​នៅឡើយ​នៅក្នុង​រូងភ្នំ និង​កំពុង​រង់ចាំ​ក្រុមជួយ​សង្រ្គោះ។ ក្រុមគ្រូពេទ្យ​ថៃ​បាននិយាយ​ប្រាប់​អ្នកកាសែតថា គេ​រំដោះ​ដំបូង ក្មេងណា​ដែល​មាន​សុខភាព​ទន់ខ្សោយ​ជាងគេ។

បន្ទាប់​ពី​រំដោះ​យក​បាន​ក្មេង​៤នាក់​ចេញពីក្នុង​រូងភ្នំ ប្រតិបត្តិការ​របស់​ក្រុមជួយសង្រ្គោះ​ថៃ បាន​ផ្អាក​នៅ​ម៉ោង​១០​យប់ ម្សិលមិញ។ នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃអាទិត្យ លោក​ណារ៉ុងសាក់ អូសុទ្ធតាណាកន ​ប្រធានអង្គភាព​ជួយសង្រ្គោះ​បន្ទាន់ បាន​បញ្ជាក់ថា ប្រតិបត្តិការ​ជួយ​សង្រ្គោះ​ក្មេង៨នាក់​ផ្សេងទៀត ហើយ​និង​គ្រូបង្វឹក​បាល់ទាត់ របស់ពួកគេ នឹង​ត្រូវ​ចាប់ផ្តើម នៅ​១០ម៉ោង ខាងមុខ។ អ្នកជួយសង្រ្គោះម្នាក់​បាន​និយាយ​ប្រាប់កាសែត​ថៃ បាងកក​ប៉ុស្តិ៍ ថា ក្រុមជួយសង្រ្គោះ​ត្រូវ​បាន​ប្រាប់​ឲ្យ​ត្រៀមខ្លួន​ត្រលប់ទៅ​រំដោះ​ក្មេង នៅ​ម៉ោង​៨ព្រឹកថ្ងៃ​ចន្ទនេះ។

តាម​ប្រធាន​អង្គភាព​ជួយសង្រ្គោះ ក្នុង​ពេល​មួយយប់​ថ្ងៃអាទិត្យ គេ​ត្រូវការ​បំពេញ​ដបអុកស៊ីសែន​របស់​អ្នកមុជទឹក ដែល​ត្រូវ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ជួយ រំដោះ​យក​ក្មេង​ផ្សេងទៀត ពីក្នុង​រូងភ្នំ។ នៅក្នុង​ប្រតិបត្តិការ​ចូល​ទៅ​ជម្លៀសយក​ក្មេង​ចេញពីក្នុង​រូងភ្នំ ម្សិលមិញ មានការចូលរួម​ពីអ្នកមុជទឹក​ជំនាញ បរទេស ៥០នាក់ ហើយ​និង​ជនជាតិ​ថៃ ៤០នាក់។ នៅ​យប់​ថ្ងៃ​អាទិត្យ ក្មេងថៃ ៤រូប ត្រូវ​បាន​គេ​រំដោះ​យកចេញពីក្នុង​រូងភ្នំ មុនម៉ោង​ដែល​គេ​បាន​ប៉ាន់ស្មាន​ទុក​ដល់​ទៅ ២ម៉ោង។ ប្រធានក្រុមជួយសង្រ្គោះ​ថៃ លោក ណារ៉ុងសាក់ បាន​ហៅ​ប្រតិបត្តិការ​រំដោះក្មេង​បាន​ឆាប់លឿន​ជាងការគ្រោងទុក ថា ជា​ស្នាដៃ​ឯក​របស់​ក្រុមអ្នក​ជួយសង្រ្គោះ។

អ្នកជំនាញ​មុជទឹក បរទេស​មួយចំនួន ដែល​បាន​ផ្តល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​អង់គ្លេស BBC បាន​ព្រមាន​ថា ប្រតិបត្តិការ​រំដោះ​យក​ក្មេង​ដែល​នៅ​សល់​នៅក្នុង​រូងភ្នំ អាច​នឹង​មិន​ងាយស្រួល ហើយ​និង​ឆាប់រហ័ស ដូច​កាលពី​ថ្ងៃ​អាទិត្យ។ អ្វីៗ​គឺ​អាស្រ័យ​ទៅលើ​ស្ថានភាព​ទឹក នៅ​ក្នុង​ល្អាង ដែល​នឹង​អាច​ប្រែប្រួល កើនខ្ពស់​ឡើង​វិញ ដោយសារ​ភ្លៀង​វស្សា ដែល​នឹង​ចាប់ធ្លាក់​ជោគជាំ ចាប់ពីថ្ងៃ​ចន្ទនេះ រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ