អានតួអត្ថបទ
ចិន-អាមេរិក

ពាណិជ្ជកម្ម៖​ហេតុអ្វី​បាន​ជា​សំណល់​ពាណិជ្ជកម្ម​ចិន​ជាមួយ​អាមេរិក​មាន​កំណើន​ខ្ពស់?

នៅ​ថ្ងៃ​សុក្រ ទី១៣ កក្កដា​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ចិន​បាន​ផ្សព្វផ្សាយ​តួលេខ​ប្រចាំ​ខែ​ស្តីពី​សកម្មភាព​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក។ តួលេខ​ប្រចាំ​ខែ​មិថុនា​កន្លង​ទៅ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សំណល់​ពាណិជ្ជកម្ម​ចិន​ជាមួយ​អាមេរិក​ដែល​មាន​ទឹកប្រាក់​ដល់​ទៅ ២៨ ៩៧០លានដុល្លារ ពោល​ច្រើន​ជាង​ខែ​ឧសភា​ដែល​មាន ២៤ ៥៨០លានដុល្លារ។ កំណើន​សំណល់​ពាណិជ្ជកម្ម​ចិន​ជាមួយ​អាមេរិក​ឡើង​ខ្ពស់​ក៏​ដោយសារ​តែ​មាន​កំណើន​ការ​នាំ​ទំនិញចិន​ចេញ​ទៅ​អាមេរិក។ តួលេខ​ថ្មី​នេះ​នឹង​រឹត​តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​ដែល​កំពុង​តានតឹង​ខ្លាំង​កាន់​តែ​ដុនដាប​ថែម​ទៀត។

លោក​ប្រធានាធិបតី​អាមេរិក​ Donald Trump និង​សមភាគី​ចិន​លោក​ Xi Jinping
លោក​ប្រធានាធិបតី​អាមេរិក​ Donald Trump និង​សមភាគី​ចិន​លោក​ Xi Jinping Reuters/Carlos Barria
ផ្សាយពាណិជ្ជកម្ម

តួលេខ​ថ្មី​ស្តីពី​កំណើន​សំណល់​ពាណិជ្ជកម្ម​ចិន​មាន​ជាមួយ​អាមេរិក​ពេល​នេះ​បាន​ធ្លាក់​មក ១សប្តាហ៍​ក្រោយ​ពី​រដ្ឋបាល​អាមេរិក​បាន​សម្រេច​ដំឡើង​ពន្ធ ២៥% លើ​ទឹកប្រាក់​សរុប ៣៤ ០០០លានដុល្លារ​នៃ​ការ​នាំ​ទំនិញ​ចិន​ចូល​អាមេរិក។ ជា​ការ​ឆ្លើយ​តប​វិញ​ភ្លាមៗ រដ្ឋាភិបាល​ចិន​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​នាំ​ចូល​ចិន​ក្នុង​អត្រា និង​ទឹកប្រាក់​ដូច​គ្នា។ បន្ទាប់​មក​ក្នុង​ថ្ងៃ​អង្គារ ទី១០ កក្កដា រដ្ឋបាល​អាមេរិក​បាន​បន្ថែម​ឈ្មោះ​ទំនិញ​ចិន​ដែល​ត្រូវ​ដំឡើង​ពន្ធ​ក្នុង​កម្រិត ២៥% ដូច​គ្នា​លើ​ទឹកប្រាក់​សរុប ២០០ ០០០លានដុល្លារ។

បន្ទាប់​មក​ទៀត លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែល​បាន​ស្នើ​ចិន​ឲ្យ​កាត់​បន្ថយ​សំណល់​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ថែម​ទាំង​ព្រមាន​ថា​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ គឺ​ទឹកប្រាក់​ជាង ៥០០ ០០០លានដុល្លារ​នៃ​ការ​នាំ​ទំនិញ​ចិន​ចូល​អាមេរិក​ទាំង​ស្រុង​តែ​ម្តង​ដែល​លោក​នឹង​ដំឡើង​ពន្ធ​បន្ថែម។ ឃើញ​ថា តួលេខ​ថ្មី​ស្តីពី​កំណើន​សំណល់​ពាណិជ្ជកម្ម​ចិន​មាន​ជាមួយ​អាមេរិក​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​សង្រ្គាមពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ក្នុង​លោក​ទាំង​ពីរ​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង។

គិត​ត្រឹម​ឆមាស​ទី១ ឆ្នាំ ២០១៨ សំណល់​ពាណិជ្ជកម្ម​ចិន​ជាមួយ​អាមេរិក​មាន​ទឹកប្រាក់ ១៣៣ ៧៦០លានដុល្លារ ហើយ​ពេញ ១ឆ្នាំ ២០១៧ កន្លង​ទៅ គឺ​មាន​ទឹកប្រាក់ ៣៧៥ ២០០លានដុល្លារ។ កំណើន​សំណល់​ពាណិជ្ជកម្ម​ចិន​ជាមួយ​អាមេរិក​បាន​មក​ពី​កំណើន​នៃ​ការ​នាំ​ទំនិញ​ចិន​ចេញ​ទៅ​អាមេរិក។ តែ​គេ​សង្ឃឹម​ថា ជាមួយ​នឹង​ចំណាត់ការ​ដំឡើង​ពន្ធ​របស់​រដ្ឋបាល​អាមេរិក កំណើន​នៃ​ការ​ទំនិញ​ចិន​ចូល​អាមេរិក​អាច​នឹង​ធ្លាក់​ចុះ​បន្តិច​មក​វិញ​ក្នុង​ឆមាស​ទី២ ឆ្នាំ ២០១៨ ដដែល។ បើ​និយាយ​ជា​លក្ខណៈ​សកល​វិញ ការ​នាំ​ទំនិញ​ចិន​ចេញ​ទៅ​បរទេស​បាន​កើន ១២,៨% ក្នុង​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ ២០១៨ ចំណែក​ការ​នាំ​ចូល​ទំនិញ​ពី​បរទេស​វិញ​បាន​កើន ១៩,៩% ក្នុង​រយៈពេល​ដូច​គ្នា។

ក្នុង​សប្តាហ៍​នេះ និង​ដើម្បី​ប្រឆាំង​វាយបក​ដាក់​អាមេរិក រដ្ឋាភិបាល​ចិន​បាន​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន រោងចក្រ​ក្នុង​ស្រុក​ដែល​ធ្លាប់​ទិញ​ផលិតផល​ពី​អាមេរិក​ឲ្យ​បង្វែរ​ទៅ​ទិញ​ពី​ប្រទេស​ផ្សេង​វិញ ពិសេស​ប្រទេស​នៅ​អាស៊ី​ដោយ​សុខចិត្ត​ទម្លាក់​តម្លៃ​ពន្ធ​នាំ​ចូល​លើ​ផលិផល​មួយ​ចំនួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ