អានតួអត្ថបទ
ភូមា-ONG

ONG បាន​ចោទ​កងទ័ព​ភូមា​ពី​បទ​បាន​រៀបចំ​គម្រោង​ការ​ប្រល័យពូជសាសន៍​លើ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ កក្កដា អង្គការ​ក្រៅរដ្ឋាភិបាល​ឈ្មោះ « Fortify Rights » បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កម្រាស់ ១៦០ទំព័រ​ស្តីពី​ស្ថានភាព​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​ភូមា។ របាយការណ៍​បាន​ចោទ​រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​ត្រង់ៗ​ពី​បទ​បាន​រៀបចំ​គម្រោង​ផែនការ​ប្រល័យ​ពូជសាសន៍​លើ​ពួក​រ៉ូហ៊ីងយ៉ា​ដែល​ជា​ជនជាតិ​ភាគតិច​អ្នក​កាន់សាសនា​អ៊ីស្លាម។ ទង្វើ​មួយ​នេះ​ត្រូវ​បាន « Fortify Rights » ដៅ​លើ​មន្រ្តីយោធា និង​ប៉ូលិស​ភូមា​ចំនួន ២២រូប ក្នុង​នោះ​ក៏​មាន​មេបញ្ជាការ​កងទ័ព​ដ៏​មាន​ឥទ្ធិពល​ឧត្តមសេនីយ​មីន អ៊ុងឡាង​ផង​ដែរ។

លោក Matthew Smith នាយកអង្គការ « Fortify Rights »
លោក Matthew Smith នាយកអង្គការ « Fortify Rights » AFP
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​កម្រាស់ ១៦០ទំព័រ​របស់​អង្គការ​ក្រៅរដ្ឋាភិបាល« Fortify Rights » ជា​លទ្ធផល​ដែល​បាន​ពី​ការ​ស៊ើបអង្កេត​ក្នុង​ទឹកដី​ភូមា​តាម​រយៈ​បទសម្ភាសន៍​ជាមួយ​នឹង​ប្រភព​យោធា និង​ប្រភព​ប៉ូលិស។ « Fortify Rights » បាន​អះអាង​នៅ​ក្នុង​របាយការណ៍​ថា ការ​ដែល​កងទ័ព​ភូមា​បាន​បើក​ការ​វាយប្រហារ​ក្រោម​ទ្រង់ទ្រាយ​ធំ​លើ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​នៅ​រដ្ឋ​រ៉ាក់ឃីន​ក្នុង​ថ្ងៃទី២៥ សីហា ឆ្នាំ ២០១៧ មិនមែន​ជា​ប្រតិបត្តិការ​ធ្វើ​ឡើង​ដោយ​ចៃដន្យ​ទេ តែ​ជា​គម្រោង​ផែនការ​ដែល​រដ្ឋអំណាច​ភូមា​បាន​រៀបចំ​អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​រហូត​ដល់​ច្រើន​ខែ និង​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​បង្ខំចិត្ត​ភៀសខ្លួន​ជាង ៧០០ ០០០នាក់​ក្នុង​ឆ្នាំ ២០១៧។

នៅ​ក្នុង​សន្និសីទកាសែត​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ កក្កដា​នេះ​ថា នាយក​អង្គការ« Fortify Rights » លោក Matthew Smith បាន​រៀបរាប់​ពី​គម្រោង​ផែនការ​មួយ​ចំនួន​ដែល​រដ្ឋអំណាច​ភូមា​បាន​រៀបចំ​ដើម្បី​ប្រឆាំង​នឹង​ពួក​រ៉ូហ៊ីងយ៉ា រួម​មាន ឃោសនា​ឲ្យ​មាន​ការ​ស្អប់ខ្ពើម និយាយ​ជំនះ​ពលរដ្ឋ​ភូមា​ទូទៅ​ឲ្យ​ចាត់​ទុក​ពួក​រ៉ូហ៊ីងយ៉ា​ជា​អ្នក​ដទៃ​ដែល​មិន​ត្រូវ​រាប់រក ឬ​ជា​ពួក​ភេរវជន​ជាដើម។ ធ្ងន់ធ្ងរ​ជាង​នេះ រដ្ឋអំណាច​ភូមា​ថែម​ទាំង​បាន​បំពាក់​អាវុធ​ឲ្យ​សហគមន៍​ផ្សេង​ដើម្បី​ចូលរួម​កាប់សម្លាប់​ពួក​រ៉ូហ៊ីងយ៉ា ហើយ​សហគមន៍​សាសនា​ព្រះពុទ្ធ​ក្នុង​រដ្ឋរ៉ាក់ឃីន​ក៏​បាន​ជាប់ចោទ​ពី​បទ​បាន​រួម​សហការណ៍​ជាមួយ​កងទ័ព​ភូមា​ដើម្បី​បោសសំអាត​ជនជាតិ​ភាគតិច​អ្នក​កាន់សាសនា​អ៊ីស្លាម​មួយ​នេះ​ដែរ។

បន្ទាប់​មក វិធានការ​កំចាត់​ពួក​រ៉ូហ៊ីងយ៉ា​ក៏​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​បញ្ឈប់​ចែកចាយ​ជំនួយ​ស្បៀងអាហារ​អន្តរជាតិ។ បើ​គម្រោង​ផែនការ​ទាំង​អស់​នេះ​មិនមែន​ជា​អំពើ​ប្រល័យ​ពូជសាសន៍ តើ​វា​ជា​ទង្វើ​ស្អី​ទៅ? នេះ​ជា​ការ​ចោទ​សួរ​របស់​លោក Matthew Smith មុន​នឹង​លោក​បន្ថែម​ថា អំពើ​ប្រល័យពូជសាសន៍​មិនមែន​ជា​អំពើ​ដែល​កើត​ឡើង​ដោយ​ឯកឯង​នោះ​ទេ។ នៅ​ក្នុង​ន័យ​នេះ អង្គការ « Fortify Rights » បាន​ទម្លាក់​ការ​ទទួល​ខុសត្រូវ​លើ​មន្រ្តីយោធា និង​ប៉ូលិស​ភូមា​ចំនួន ២២រូប ក្នុង​នោះ​ក៏​មាន​មេបញ្ជាការ​កងទ័ព​ដ៏​មាន​ឥទ្ធិពល​ឧត្តមសេនីយ​មីន អ៊ុងឡាង​ម្នាក់​ផង​ដែរ។

ទន្ទឹម​គ្នា​នេះ អង្គការ « Fortify Rights » ក៏​បាន​អំពាវនាវ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​លើក​យក​សំណុំរឿង​មួយ​នេះ​ទៅ​ជម្រះក្តី​នៅ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ។ គួរ​រម្លឹក​ជូន​ថា​ក្នុង​ខែ​មិថុនា​កន្កង​ទៅ អង្គការ​សិទ្ធិមនុស្ស Amnesty International ក៏​បាន​ចោទ​រូប​មេបញ្ជាការ​កងទ័ព​ភូមា រួម​ទាំង​មន្រ្តីយោធា​ជាន់ខ្ពស់​ចំនួន ១២នាក់​ផ្សេង​ទៀត​ពី​បទ​ដូច​គ្នា​នេះ ហើយ​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ជំនុំជម្រះ​នៅ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ