អានតួអត្ថបទ

ភូមា ៖ គណៈកម្មការ​ពិគ្រោះ​​វិបត្តិ​រ៉ូហ៊ីងយ៉ារងការរិះគន់ ពី​សមាជិកឯង

សមាជិក​គណៈកម្មការ​ទទួល​បន្ទុក​ផ្តល់​ប្រឹក្សា​ដល់​រដ្ឋាភិបាល​ភូមា ស្តីពី​វិបត្តិ​រ៉ូហ៊ីងយ៉ា ទទួល​ការ​រិះគន់​កាន់​តែ​ច្រើនឡើងៗ និង​ជាពិសេស​ពី​សំណាក់​សមាជិក​របស់​ខ្លួនឯង។ ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី ២១​កក្កដា ម្សិលមិញ មាន​សមាជិក​ម្នាក់​ទៀត​ សុំ​លាលែង​ចេញ​ពី​តំណែង ជា​សាធារណៈ។ មូលហេតុ​នៃ​ការ​ដើរ​ចេញ​ពី​តួនាទី គឺ​មកពី​លោក​មើល​ឃើញ​អំពី​ស្ថានភាព​របស់​​គណៈកម្មការ​ថា​មិន​អាច​ធ្វើ​អ្វី​កើត និង​គ្មាន​លទ្ធភាព​ផ្តល់​ដំណោះស្រាយ។

លោក Kobsak Chutikul (ស្តាំ) លេខា​គណៈកម្មការ​ពិគ្រោះ​វិបត្តិ​រ៉ូហ៊ីងយ៉ា ដែល​ទើប​លាលែង​ចេញ​ពី​តំណែង
លោក Kobsak Chutikul (ស្តាំ) លេខា​គណៈកម្មការ​ពិគ្រោះ​វិបត្តិ​រ៉ូហ៊ីងយ៉ា ដែល​ទើប​លាលែង​ចេញ​ពី​តំណែង Roslan RAHMAN / AFP
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការទទួល​បន្ទុក​​ផ្តល់​ប្រឹក្សា​ស្តី​អំពី​វិបត្តិ​រ៉ូហ៊ីង ជាប់​ប្រឡៅក ! នេះ​ជា​ពាក្យ​រិះគន់​ប្រើ​​ដោយ​លោក កូបសាក់ ជុទិគុល Kobsak Chutikul​ ដែល​បាន​លាលែង​ចេញ​ពី​តំណែង​ជា​លេខាគណៈកម្មការ​ តាំង​តែ​ពី​ថ្ងៃទី ១០​កក្កដា​មក តែ​ទើប​ប្រកាស​ជា​សាធារណៈនិង​ផ្លូវការ​នៅ​ថ្ងៃសៅរ៍​ម្សិលមិញ។

ជា​អតីត​ឯកអគ្គរដ្ឋ​ទូត និងជា​អតីត​សមាជិក​សភា​ថៃ លោក ជុទិគុល មាន​បន្ទុក​ប្រមែប្រមូល​ព័ត៌មាន​ និ​ងឯកសារ​ការងារ​ត្រៀម​ប្រជុំ។ ប៉ុន្តែ​លោក​មិន​អាច​ទ្រាំ​នឹងការងារ​នេះ​បាន​តទៅ​ទៀត ព្រោះបើ​តាម​ពាក្យ​បរិហារ​របស់​លោក ​គណៈកម្មការ​គ្មាន​មធ្យោបាយ បាន​និងរង​សម្ពាធ​ យ៉ាង​ធ្ងន់​មិន​ឱ្យ​ទទួល​មូលនិធិ​អន្តរជាតិ ហើយ​ម្យ៉ាង​ទៀតគ្មាន​​តំណាង​យោធាភូមា​ណា​ម្នាក់​ឱ្យ​គណៈកម្មការ​​ជួប​ទេ។

នេះ​ជាករណី​លាលែង​ចេញ​ពី​តំណែង​ទី​ពីរ​ហើយ គិត​ចាប់​ពី​ខែ​ធ្នូ ២០១៧ថ្ងៃ​ បង្កើត​គណៈកម្មការ​ប្រឹក្សា​នេះ​ឡើងមក។ គ្រាន់​តែ​គណៈកម្មការ​ចាប់​ដំណើរការ​បាន​មួយ​ខែ មន្ត្រី​ទូត​អាមេរិក លោក​ប៊ីល រីឆាសិន បាន​ប្រកាស​ដើរ​ចេញភ្លាម​ដែរ ជាមួយ​នឹង​ពាក្យ​បរិហារ​ថា​មាន​កង្វះ​សីលធម៌​​ដឹកនាំ​ពី​សំណាក់​អ្នក​ទទួល​​ត្រូវ​ភូមា។

សូម​បញ្ជាក់​ថា​គណៈកម្មការ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោកស្រី អ៊ុងសានស៊ូជី ​ដើម្បី​ជួយផ្តល់​​ប្រឹក្សាដល់​រដ្ឋាភិបាល ក្នុង​ចំណាត់ការ​ដោះស្រាយ​វិបត្តិ​រ៉ូហ៊ីងយ៉ា នៅ​ក្នុង​រដ្ឋ​អារ៉ាកាន។ តាំង​ពី​ខែ​សីហា ២០១៧​មក ភូមា​បាន​ស្គាល់​វិបត្តិ​ជន​ភៀសខ្លួន​យ៉ាង​ធ្ងន់ធ្ងរ ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្សជាតិ។ ជនជាតិភាគ​តិច​រ៉ូហ៊ីងយ៉ា កាន់​សាសនា​អ៊ីស្លាម គ្មាន​ប្រទេស​គ្មាន​សញ្ជាតិ​ ប្រមាណ​ជិត​៧សែន​នាក់ បាន​នាំ​គ្នា​រត់​គេចខ្លួន​​ពី​ ​ទង្វើ​បង្ក្រាប​កាប់សម្លាប់របស់​យោធាភូមា ទៅ​ជ្រក​កោន​នៅ​ប្រទេ​សបង់ក្លាដែស​ជិត​ខាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ