អានតួអត្ថបទ

ប្រធានាធិបតី​ចិន​បរិហារ​រឿង​អាស្រូវ​ថ្នាំ​វ៉ាក់សាំង​គ្មានគុណភាព

លោក ប្រធានាធិបតី​ចិន ​ស៊ី ជីនពីង បានចេញ​សេចក្តី​អំពាវនាវ​ នៅ​ថ្ងៃ​ចន្ទ​នេះ ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធដាក់​គំនាបឱ្យ​​​ធ្ងន់ធ្ងរ​បំផុត ប្រឆាំង​នឹង​ក្រុមហ៊ុន​​​ឱសថ​​ណា​ដែល​ផលិត​ថ្នាំ​បន្លំ​ គ្មាន​គុណភាព។ សម្រាប់​លោក​ប្រធានាធិបតី​នេះ​​ជា​ទង្វើ​ដ៏​សាហាវ​អាក្រក់​ណាស់។ ​ប្រតិកម្ម​របស់​​​លោក​ ស៊ី ជីនពីង​ ធ្លាក់​មក​ក្នុង​ខណៈ​ដែលចិន​​កំពុងជួប​​រឿង​អាស្រូវ​ថ្មី​មួយ​ទៀត​ បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ថ្នាំ​វ៉ាក់​សាំង​ដ៏​ធំ​លំដាប់​ទី​ពីរ​ក្នុង​ប្រទេស។

ក្រុមហ៊ុន​ផលិត​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​ឆ្កែឆ្កួត​គ្មាន​គុណភាព​ កំពុង​ក្លាយ​ជា​រឿង​អាស្រូវថ្មី​នៅចិន
ក្រុមហ៊ុន​ផលិត​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​ឆ្កែឆ្កួត​គ្មាន​គុណភាព​ កំពុង​ក្លាយ​ជា​រឿង​អាស្រូវថ្មី​នៅចិន (Photo : AFP)
ផ្សាយពាណិជ្ជកម្ម

​រឿង​អាស្រូវ​​​​ក្រុមហ៊ុន​ Changchun Changsheng Biotechnology ផលិត​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​គ្មានគុណភាព​ បាននិង​កំពុង​បន្ត​ខ្ចរខ្ចាយ​ រីករាលដាល​យ៉ាង​លឿន​តាមបណ្តាញ​​សង្គម​ ដូច​ទឹក​បាក់​ទំនប់ ទោះ​ក្រុមសមត្ថកិច្ច​​ចង់​បិទ​ខ្ទប់​ លុប​ចោល​យ៉ាង​ណា​ក៏​មិនអស់។ ​ ​ ​សន្ធឹក​នៃ​រឿង​អាស្រូវ បាន​ជំរុញ​ឱ្យ​លោក​ស៊ីជីនពីង បញ្ចេញ​ប្រតិកម្ម​នៅចន្ទ​នេះ ​ពី​ទ្វីប​អាហ្វ្រិក ទីដែល​កំពុង​បំពេញ​ទស្សនកិច្ចរហូត​ដល់​ចុង​សប្តាហ៍​។ សម្រាប់​លោក​ប្រធានាធិបតី ការ​រំលោភ​ច្បាប់​និង​វិធាន​នៃ​ការ​ផលិត​ថ្នាំ​វ៉ាក់សាំង ជា​អំពើ​ដ៏​សាហាវ និងគួរ​ព្រឺ​រន្ធត់​ខ្លាំងណាស់ ! ដូច្នេះ​អាជ្ញាធរ និង​សមត្ថកិច្ចពាក់ព័ន្ធ ត្រូវ​តែ​ចាត់​វិធានការ​និង​បើក​អង្កេត​ភ្លាម​ ដើម្បី​វែក​រក​មុខ​អ្នក​ទទួល​ខុស​ត្រូវ​ មកដាក់​ទោស​ឱ្យ​ធ្ងន់ ទៅ​តាម​ច្បាប់។

អ្នក​ទទួល​ត្រូវជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ចំនួន​៥​នាក់ ក្នុង​នោះ​ម្នាក់​ជា​អគ្គនាយក​ផង ត្រូវ​បាន​ឃាត់​ខ្លួន​យក​សួរ​ចម្លើយ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ប៉ូលិស​ខេត្ត​ឆង់ជុន Changchun (ក្រុង​ប៉ែកឦសានប្រទេស) នៅ​ថ្ងៃចន្ទ​នេះ។

​ក្រុមហ៊ុន Changchun Changsheng Biotechnology ​ ក៏​បាន​ទទួល​បញ្ជា​ឱ្យ​បញ្ឈប់​ការ​ផលិត​ថ្នាំ​វ៉ាក់សាំង​​ប្រឆាំង​នឹង​ឆ្កែឆ្កួត​ តាំង​ពីពេល​ត្រួត​ពិនិត្យ​ឃើញ​មាន​ទិន្នន័យ​បន្លំ​ និង​បញ្ហា​គុណភាព​​ភ្លាម។ នេះ​បើ​តាម​សេចក្តីប្រកាស​ អាជ្ញាធរ​គ្រប់គ្រង​ឱសថ​និង​ចំណីអាហារ​ចិន កាលពី​ថ្ងៃ​អាទិត្យ ដោយធានា​អះអាង​ទៀត​ថា ថ្នាំ​វ៉ាក់សាំង​គ្មាន​គុណភាព​នោះ​មិន​បាន ​ចេញ​ពីរោងចក្រ​ទេ។ ប៉ុន្តែ​ទូរទស្សន៍​ជាតិ​បាន​ជូន​ដំណឹង​ផ្ទុយ​ទៅ​វិញថា​ មានថ្នាំ​បង្ការ​ចំនួន​២៥ម៉ឺន​ដូស​ បាន​ដាក់​លក់​នៅ​ខេត្ត​Shandong ភាគ​ខាង​កើត​ប្រទេស។

សូម​បញ្ជាក់ថា មិនមែន​ជា​ការ​កម្រ​ឡើយ ដែល​ចិន​ជួប​រឿង​​អាស្រូវ​​សុខភាព ផលិត​ថ្នាំ​​គ្មាន​គុណភាព និង​​​ចំណីអាហារគ្មាន​សុវត្ថិភាព​នោះ។ រឿង​អាស្រូវ​បែប​នេះ តែង​តែ​បំផុស​ឱ្យ​​មតិ​សាធារណៈ​ព្រួយបារម្ភ និងខឹង​សម្បារយ៉ាង​ខ្លាំង។ ​រឿង​អាស្រូវ​​​ថ្នាំ​វ៉ាក់សាំង​គ្មាន​គុណភាព ដូច​គ្នា​នេះ បាន​ផ្ទុះ​ឡើង​ម្តង​ហើយ​កាលពី​ឆ្នាំ​២០១៦ នៅខេត្ត​ចាន់ដុង។ កាលណោះ​មាន​ថ្នាំ​បង្ការ​ហួស​ថ្ងៃ​កំណត់​ប្រើប្រាស់​ និង​រក្សា​ទុក​មិន​ត្រឹម​ត្រូវ​រាប់​ពាន់​ដូស​ក្នុង​តម្លៃ​ទឹក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ ត្រូវ​បា​នលក់​ឱ្យ​សាធារណជនប្រើប្រាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ