អានតួអត្ថបទ
ឥណ្ឌា

នាយករដ្ឋមន្រ្តី​ឥណ្ឌា​រងការរិះគន់ នៅក្រោយ​រឿងអាស្រូវ​បញ្ចេះ​ឲ្យ​កសិករ​និយាយ​កុហក

ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី នៅថ្ងៃ​សុក្រ​ម្សិលមិញ បាន​រងភ្លើង​រិះគន់​ទាំង​ពី​ខាង​គណបក្ស​ប្រឆាំង ហើយ​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម នៅក្នុង​រឿង​ដាក់សម្ពាធ​លើ​បណ្តាញផ្សព្វផ្សាយ​ឥណ្ឌា។ អ្នកកាសែត​នៅ​ឥណ្ឌា ជាច្រើន​និយាយ​ថា ពួកគេ​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង ការដាក់គំនាប​ពី​ខាង​រដ្ឋាភិបាល ដែល​ប៉ុនប៉ង បិទខ្ទប់​មកឲ្យ​គេ​ចេញផ្សាយ រឿងអាស្រូវ​ដែល​នៅ​ក្នុង​នោះ មន្រ្តី​រដ្ឋាភិបាល​របស់​លោក​ណារិនដ្រា ម៉ូឌី​បាន​បង្រៀន​កសិករ​ឲ្យ​និយាយ​កុហក និង​លើកសរសើរ​ការងារ​របស់​រដ្ឋាភិបាល។ 

លោកនាយករដ្ឋមន្រ្តី​ឥណ្ឌាណារិនដ្រា ម៉ូឌី នៅក្នុង​អំឡុង​ទស្សនកិច្ច​នៅ​ប្រទេស​រវ៉ាន់ដា ខែ​កក្កដា ២០១៨
លោកនាយករដ្ឋមន្រ្តី​ឥណ្ឌាណារិនដ្រា ម៉ូឌី នៅក្នុង​អំឡុង​ទស្សនកិច្ច​នៅ​ប្រទេស​រវ៉ាន់ដា ខែ​កក្កដា ២០១៨ ©REUTERS/Jean Bizimana
ផ្សាយពាណិជ្ជកម្ម

រឿងអាស្រូវនេះ​ផ្ទុះ​​កើតចេញមក​សន្និសីទ សំណេះសំណាល មួយ រវាង​លោកនាយក​រដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី ជាមួយ​ក្រុម​កសិករឥណ្ឌា នៅ រដ្ឋChhattisgarh កាលពី​ខែ​មិថុនា​កន្លងទៅ។ នៅពេលនោះ នៅ​ក្នុង​បទសម្ភាសន៍ ដែល​ត្រូវ​បាន​ចាក់ផ្សាយ​តាមទូរទស្សន៍​ជាច្រើន​របស់​ឥណ្ឌា ស្រ្តី​កសិករ​ម្នាក់​បាន​និយាយ​ថា ប្រាក់ចំណូលគាត់​បាន​កើនឡើង​ទ្វេដង ក៏ដោយសារ​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល។

ប៉ុន្តែ នៅក្នុង​កម្មវិធីព័ត៌មាន​មួយទៀត ដែល​ចាក់ផ្សាយ កាលពី​ថ្ងៃ​ទី ៧​កក្កដា នៅ​ទូរទស្សន៍​ABP ដែល​ជា​ទូរទស្សន៍ ភាសា​ហិនឌី នាំមុខ​គេ​នៅ​ឥណ្ឌា ស្រ្តី​កសិករ​ដដែល​បាន​និយាយ​សារភាព​ថា តាមពិត គាត់​បាន​និយាយ​កុហក និង​ថា ពួកមន្រ្តី​ដែល​បាន​ចុះ​ទៅដល់​ភូមិ បាន​បង្រៀន រៀបចំ​ពាក្យ​ឲ្យ​គាត់​និយាយ​កោតសរសើរ​រដ្ឋាភិបាល។

សំណុំរឿងអាស្រូវ​នេះ​បាន​ផ្ទុះ ដូចបែកលាជ នៅ​សប្តាហ៍នេះ បន្ទាប់ពី និពន្ធនាយក ហើយ​និង​ពិធីករ របស់​ទូរទស្សន៍ ABP ដែល​និយាយ​ពី​ព័ត៌មាន​នេះ ត្រូវ​បាន​គេ​បញ្ឈប់​ពីការងា។ តាម​មន្រ្តីជាន់ខ្ពស់​របស់​ទូរទស្សន៍ ដែល​សុំ​មិនបញ្ចេញឈ្មោះ និង​ដែល​ស្រង់សំដី​ដោយ​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP ពិធីករ​ល្បីឈ្មោះ​ម្នាក់​ទៀត របស់​ទូរទស្សន៍ ត្រូវ​បាន​គេ​បញ្ឈរជើង ១៥ថ្ងៃ ដោយសារ​តែរឿងនេះដែរ។ នៅថ្ងៃ​សុក្រ​ម្សិលមិញ នៅក្នុង​កិច្ចពិភាក្សា​សភា មេដឹកនាំ​បក្ស​ប្រឆាំង ឥណ្ឌា គណបក្ស​សមាជជាតិ របស់​ចៅ លោក​Ghandi បាន​និយាយ​ថា អ្នកកាសែត​បាន​រងការគំរាមកំហែង ដោយសារ​តែ​ពួកគេ​បាន​ធ្វើការ ឆែក​រុករក​តុល្យភាព​ព័ត៌មាន។

នៅក្នុង​បណ្តាញសង្គម​Twitter សហគ្រិនម្នាក់ ក្នុង​ចំណោម អ្នកសរសេរ​សារ​រិះគន់​ជាច្រើន​នៅ​លើអ៊ិនធ័រនែត បាន​វាយតម្លៃថា ការដាក់សម្ពាធ​ទៅលើ​អ្នកកាសែត របស់​ទូរទស្សន៍ ABP ស បញ្ជាក់​ឲ្យ​ឃើញ ពី​បរាជ័យ​របស់​រដ្ឋាភិបាល។ រដ្ឋាភិបាល​ដែល​កំពុង​ភ័យខ្លាចថា ការផ្សាយ​ព័ត៌មាន​ពិត​របស់​ទូរទស្សន៍ នឹង​អាច​ធ្វើ​គណបក្ស​កាន់អំណាច​ចាញ់ឆ្នោត នាពេល​ខាងមុខ។ ឥណ្ឌា​នឹង​រៀបចំ​ការបោះឆ្នោត​សភា នៅ​អំឡុង​ខែ​មេសា​ឆ្នាំក្រោយ។ អ្នកកាសែត​ជាច្រើន​បាននិយាយ​ថា ពួកគេ​កំពុង​រង​ការដាក់​សម្ពាធ និង​រងការគំរាមកំហែង មិន​ឲ្យ​ចុះផ្សាយ សរសេរ​ព័ត៌មាន រិះគន់រដ្ឋាភិបាល​របស់​លោក​ម៉ូឌី នៅពេល​ដែល​ការបោះឆ្នោត កាន់តែ​ខិតចូល​មកដល់។

នៅ​ខែមុននេះ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​ព្រមាន​ពីការធ្លាក់ចុះ​នៃ​ការគោរព​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន នៅ​ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេសលទ្ធិប្រជាធិបតេយ្យ​ធំជាងគេ​នៅលើលោក។ រឿងអាស្រូវ បង្រៀន​កសិករ ឲ្យ​និយាយ​កុហក ដើម្បី លើកសរសើរ​រដ្ឋាភិបាល ជា​សំណុំរឿង​ដ៏ឈឺក្បាល​មួយ​បន្ថែម​ទៀត សម្រាប់​រដ្ឋាភិបាល​របស់លោក​ណារិនដ្រា ម៉ូឌី ដែល​កំពុង​រងការរិះគន់​ថា មិនអើពើ មិនបង្រ្កាប ក្រុម ជាតិ​និយម ក្រុមដែល​គាំទ្រ លោក​ម៉ូឌី ដែល​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​ស្អប់​រើសអើង នៅ​លើ​បណ្តាញអ៊ីនធ័រនែត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ