អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វេទិកាអាស៊ាន ៖ លោក ប៉ុមប៉េអូ អំពាវនាវ​ឱ្យពិភពលោក​បន្ត​រក្សា​សម្ពាធ​លើ​កូរ៉េ​ខាងជើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​ការ​ទូត​អាមេរិក​ បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​ទី ៤ សីហា ២០១៨ ពី​វេទិកា​អាស៊ាននៅ​ប្រទេស​សិង្ហបុរី អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​បន្ត​ដាក់​សម្ពាធ​ការទូត និងសេដ្ឋកិច្ច​លើ​កូរ៉េខាង​ជើង ដើម្បីសម្រេច​កម្មវត្ថុ​​ពិភពលោក​គ្មាននុយក្លេអ៊ែរ។ សម្រាប់​លោក ប៉ុមប៉េអូ ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែ​រ​​កូរ៉េខាង​ជើង ទំនង​ជា​ត្រូវ​ការ​ពេលយូរ​​ តែ​លោក​មាន​សុទិដ្ឋនិយម​ចំពោះ​កាលបរិច្ឆេទ ដែល​នឹង​ត្រូវ​កំណត់​ដោយ​ប្រមុខ​ដឹកនាំ​អាមេរិក​និងកូរ៉េខាង​ជើង។ ប៉ុន្តែទន្ទឹម​គ្នា​នេះ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​ថា កូរ៉េខាង​ជើង មិន​បាន​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​និង​បាលីស្ទិក​របស់​ខ្លួន​ទេ ហើយ​ថែម​ទាំង​កំពុង​រំលោភ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទៀតផង។

ប្រមុខ​ការទូតអាមេរិក​ចាប់​ដៃ​សមភាគី​កូរ៉េខាង​ជើង នៅ​ក្នុង​វេទិកា​អាស៊ាន​ប្រទេស​សិង្ហបុរី ថ្ងៃទី ៤ សីហា ២០១៨
ប្រមុខ​ការទូតអាមេរិក​ចាប់​ដៃ​សមភាគី​កូរ៉េខាង​ជើង នៅ​ក្នុង​វេទិកា​អាស៊ាន​ប្រទេស​សិង្ហបុរី ថ្ងៃទី ៤ សីហា ២០១៨ © Reuters
ផ្សាយពាណិជ្ជកម្ម

បើ​តាម​របាយការណ៍​របស់​អ្នក​ជំនាញ​ ទើប​បញ្ជូន​ទៅ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កូរ៉េខាង​ជើង​មិន​បាន​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​និង​បាលីស្ទិក​របស់គេ​ទេ និង​ថែម​ទាំង​បាន​ផ្គើន​ពង្រាង​​ទណ្ឌកម្មអន្តរជាតិ ដោយ​លួច​ទិញ​ដូរ​ប្រេង​ នៅក្នុង​សមុទ្ទ ពីទូក​មួយទៅទូក​ក្នុង​ដែនទឹក​​អន្តរជាតិ ក្នុង​កំរិត​​ដល់​ទៅ​កន្លះ​លាន​ធុង​ប៉ារីល​។ កូរ៉េខាង​ជើង​ក៏​បាន​រំលោភ​បម្រាម​នាំ​ចេញ​ធ្យូងថ្ម រ៉ែដែក និង​ទំនិញ​មួយ​ចំនួន ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ (ចិន ឥណ្ឌា និង​ប្រទេស​ផ្សេងទៀត) ដោយ​ប្រមូល​បាន​ថវិកា​ដល់​ទៅ​រាប់​លាន​ដុល្លារ។

ក្រុង​ព្យុងយ៉ាង​ ក៏​ទំនង​ជា​បាន​ប៉ុនប៉ង​នាំចេញ​ អាវុធ​តូច​តាច​ ធ្ងន់​ស្រាល​ ព្រមទាំង​សម្ភារៈ​បរិក្ខា​យោធាផ្សេងៗ ទៅ​ផ្គត់ផ្គង់​ឱ្យ​លីប៊ី យេម៉ែន និង​ស៊ូដង់។ បើ​តាម​របាយការណ៍ដដែល គេ​ឃើញ​ក្រុម​ជួញ​ដូរ​អាវុធស៊ីរី នាំកាំភ្លើង អាវុធ​មីស៊ីល​បាលីស្ទិក ផលិត​នៅ​កូរ៉េខាង​ជើង ទៅ​លក់​ឱ្យ​ក្រុមប្រដាប់​អាវុធ​យេម៉ែន​និង​លីប៊ី។​​ ​​

ធនាគារ​រុស្ស៊ី​ជាប់​ទណ្ឌកម្ម​អាមេរិក

លើ​ផ្នែក​​ហិរញ្ញវត្ថុវិញ កូរ៉េខាង​ជើង​រង​ទណ្ឌកម្ម ​យ៉ាង​តិច​តួច​បំផុត ព្រោះ​​អ្នកការទូត​ បាន​ដើរ​តួនាទី​យ៉ាង​ចំបង​​ក្នុង​ការ​ពង្វាង​បម្រាម​របស់​អង្គការ​សហប្រជាជាតិ។ ហើយ​ក្រុមហ៊ុន​ ​ជាង​ពីរ​រយ​កំពុង​បន្ត​រក​ស៊ី​បំពាន​ពី​លើ​ទណ្ឌកម្ម។ ភាគ​ច្រើន​ជាក្រុមហ៊ុន​កូនកាត់រុស្ស៊ី។ ហេតុ​ដូច្នេះ​ហើយ​វេទិកា​អាស៊ានថ្ងៃ​នេះ​​បាន​ក្លាយ​ទៅ​ជា​ការ​ចង្អុល​មុខ​រុស្ស៊ី។ លោក ប៉ុមប៉េអូ បាន​បន្ទោស​ដោយ​ចំ​រុស្ស៊ី​ថា​រំលោភ​សេចក្តី​សម្រេច​​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ ដោយ​បាន​និង​កំពុង​រក​ស៊ី​-ផ្តល់​ការងារ​ដល់​ពលករ​កូរ៉េខាង​ជើង។ ​ធនាគារ​រុស្ស៊ី​agrosoyouz Commercial Bank ​ ត្រូវ​ជាប់​​ក្នុង​បញ្ជី​ខ្មៅអាមេរិក​ តាំ​ងពី​ល្ងាច​មិញ​មក​។

ប្រមុខ​ការទូត​អាមេរិក ក៏​បាន​​ឆ្លៀតប្រើ​​វេទិកា​អាស៊ាន ​រំលឹក​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត អំពី​ភាព​ចាំ​បាច់​នៃ​ការ​រក្សា​គំនាប​លើ​របប​ព្យុងយ៉ាង និង​បាន​ស្នើ​សុំ​ជាពិសេស​បន្ថែមទៀត​​ឱ្យ​សមាជិក​អាស៊ាន​ទាំង​១០ អនុវត្តឱ្យ​ត្រឹម​ត្រូវ​និង​ហ្មត់​ចត់​បំផុតសេចក្តី​សម្រេច​​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាង​ជើង។

គ្មាន​ជំនួបទ្វេភាគី​ ​ជាមួយ​​​កូរ៉េខាង​ជើង

សិង្ហបុរី ជា​ទីណាត់ជួប​គ្នា​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក​ ដូណាល់ ត្រាំ និងលោក គីមជុងអ៊ុន កាលពី​ថ្ងៃទី ១២ មិថុនា ជា​មួយ​លទ្ធផល​ដ៏​ភ្ញាក់ផ្អើល គឺ​កូរ៉េខាង​ជើង​សន្យា​លុប​បំបាត់​កម្មវិធីនុយក្លេអ៊ែរ​និង​បាលីស្ទិក​របស់​ខ្លួន។ ប៉ុន្តែចាប់ពីពេល​នោះ មក​ទល់​នឹង​ពេល​នេះ ដំណើរការ​ចរចា​ ហាក់​ដូច​អូស​ជើង​ខ្លាំងណាស់។ ​លោក ប៉ុមប៉េអូ បាន​បង្ហា​ញ​សុទិដ្ឋនិយម​ចំពោះ​សំណុំ​រឿង​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង​នេះ តែទទួល​ស្គាល់​ថា គេត្រូវការ​ប្រើ​ពេល​វេលា​យូរ ហើយ​លោក គីម​ជុងអ៊ុន មាន​ចំណែក​មួយ​ភាគ ក្នុងការ​កំណត់​កាលវិភាគ​បញ្ចប់​វិបត្តិ​នុយក្លេអ៊ែរ។

នៅ​ថ្ងៃ​នេះ លោក​ប៉ុមប៉េអូ ​ដែល​ជា​តំណាង​អាមេរិក​ ទទួល​បន្ទុក​ចរចា​ ជាមួយ​កូរ៉េខាង​ជើង ដាក់​ឱ្យ​ដំណើរ​ការ​កិច្ចសន្យា​រំសាយ​អាវុធ​នុយក្លេអ៊ែរ បាន​ប្រកាស​ថា​ មិន​​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក រី យ៉ុងហូ ទេ​ បើ​ទោះ​បីពួក​គាត់​ទាំង​ពីរ កំពុង​​ស្ថិត​ក្នុង​ប្រទេស​សិង្ហបុរី​ ក្នុង​វេទិកា​អាស៊ាន​ ជាមួយ​គ្នា​ក៏​ដោយ។ លោក ប៉ុមប៉េអូ បាន​ត្រឹម​ដើរ​ទៅ​ចាប់​ដៃ ស្វាគមន៍ ផ្តោះ​បូរ​សំដី​គ្នា​ពី​របី​ម៉ាត់ និង​ញញឹម​ដាក់​សមភាគី កូរ៉េខាង​ជើង នា​ពេល​ថត​រូប​ជុំគ្នា​តែ​ប៉ុណ្ណោះ។

ក្រៅ​អំពី​រូបភាព​ញញឹម​ខាង​ក្រៅ វេទិកា​អាស៊ាន​ក៏​ជា​ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​អាមេរិក​និង​កូរ៉េខាងជើង​ដែរ។ ប្រមុខ​ការទូត​ព្យុងយ៉ាង ​អះអាង ​ ថា​នឹង​គោរព​តាម ជា​និច្ច​​កិច្ចសន្យា​ដែល​ប្រមុខ​គីមជុងអ៊ុន​បាន​ប្រកាស​។ ប៉ុន្តែ​គឺ​អាមេរិក​ទេ​ដែល​គ្មាន​ភាព​អត់​ធ្មត់ ចំពោះ​ភាពយឺត​យ៉ាវ​ផ្នែក​ដំណើរការការទូត។​ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បាន​ធ្វើ​ការ​រិះគន់​អាមេរិក​ ដែលបាន​ប្រកាស​រក្សា​គំនាប​​ទណ្ឌកម្ម ដោយ​ចាត់​ទុក​ថា​អាមេរិក​ចង់​ត្រលប់​ក្រោយ ធ្វើ​អ្វីផ្ទុយ​ពីឆន្ទៈ​របស់​មេដឹកនាំ។

អាមេរិក​ជួយ​អាស៊ាន​៣០០​លាន​សម្រាប់​សន្តិសុខ​តំបន់

វេទិកា​អាស៊ាន​ថ្ងៃ​នេះ​ តែង​តែ​រៀប​ចំ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ការបរទេស​ជាន់​ខ្ពស់ ចំនួន ២៦​ប្រទេស​ ព្រមទាំង​សហភាព​អឺរ៉ុបផង ដើម្បី​ជជែក​អំពី​បញ្ហា​នយោបាយ​និង​សន្តិសុខ​នៅ​អាស៊ីប៉ាស៊ីហ្វិក។ នៅ​ឆ្នាំ​នេះ ក្រៅ​អំពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសរបស់​អាស៊ាន​ទាំង​១០ គេសង្កេត​ឃើញ​​មាន​ប្រមុខ​ការ​ទូត នៃ​​ក្រុម​៦​ប្រទេស​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង មាន​ជាអាទិ៍​ អាមេរិក រុស្ស៊ី ចិន ជប៉ុន កូរ៉េខាង​ត្បូង និង​កូរ៉េខាង​ជើង អញ្ជើញ​មក​ចូល​រួម​ក្នុង​វេទិកា​អាស៊ាន​នេះ​ដែរ។

ពិត​ណាស់​ដែល​ថា​ វេទិកា​បាន​ផ្តោត​ខ្លាំង​ទៅ​លើ​សំណុំ​រឿង​កូរ៉េខាង​ជើង ប៉ុន្តែ​វេទិកា​នេះ​ក៏​ជា​ឱកាស​របស់​អាមេរិក ក្នុង​ការ​បង្ហាញ​ជា​ថ្មី​អំពី​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន​ចំពោះ​មហិច្ឆតា​យោធា​​របស់​ចិន​​នៅសមុទ្ទ​ចិន​ខាង​ត្បូង​។ អាមេរិក​បាន​ប្រកាស​ផ្តល់ហិរញ្ញវត្ថុ​ជិត​៣០០​លាន​ដុល្លារ​ សម្រាប់​ការពារ​សុវត្ថិភាព​តំបន់អាស៊ី​អាគ្នេយ៍។ ​ជំនួយនេះ មាន​ទិស​ដៅ​​​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​ ផ្លូវ​ទឹក អភិវឌ្ឍន៍​ជាជំនួ​យ​មនុស្សធម៌ ពង្រឹង​សមត្ថភាព​ការពារ​សន្តិភាព។

កាលពី​ដើម​សប្តាហ៍​ អាមេរិក ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​វិនិយោគ​ ១១៣​លាន​ដុល្លារ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ ថាមពល​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​អាស៊ី។ ជា​ហិរញ្ញវត្ថុ​វិនិយោគ​ដែល​វ៉ាស៊ីនតោន ចាត់​ទុក​ជា​ប្រាក់​កក់​ បញ្ជាក់​អំពីកិច្ច​សន្យា​របស់​អាមេរិក​បើក​សករាជ​សេដ្ឋកិច្ច​ថ្មី​ជា​មួយ​តំបន់អាស៊ីអាគ្នេយ៍។

សេចក្តី​ប្រកាស​នេះ​ ធ្លាក់​មក​ជួន​ចំពេល​ដែល​ចិន​ កំពុង​មាន​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក​ ក៏​កំពុង​បង្កើន​ឥទ្ធិពល​ និង​ចំណង​សេដ្ឋកិច្ច​ជាមួយ​តំបន់​អាស៊ី​អាគ្នេយ៍​កាន់​តែ​ខ្លាំងឡើងៗ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ