អានតួអត្ថបទ
អ៊ីរ៉ង់-ចិន-សហរដ្ឋអាមេរិក

ទោះរងការគំរាម​ពីអាមេរិក ចិន នៅតែ​ការពារ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់

ទីក្រុង​ប៉េកាំង និង​ប៊ែរឡាំង នៅ​ថ្ងៃ​ពុធម្សិលមិញ បាន​ចេញមុខ​ការពារ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់ខ្លួន ជាមួយ​អ៊ីរ៉ង់ នៅមួយ​ថ្ងៃ​ក្រោយ ដែល​អាមេរិក សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចសាជាថ្មី លើ​រដ្ឋាភិបាល​អ៊ីរ៉ង់។ កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​ព្រមាន​រួចហើយ ប្រទេស​ដៃគូ​អាមេរិក ឲ្យ​កាត់ផ្តាច់ ឈប់​ធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់ បើសិន​មិន​ចង់​រង​ការដាក់ទណ្ឌកម្ម​ពី​អាមេរិក។ 

រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ ចាប់ដៃ​ជាមួយ​រដ្ឋមន្រ្តីការបរទេស​ចិន (ស្តាំ)នៅក្នុង​ជំនួប​ទ្វេភាគី​ក្រៅក្របខ័ណ្ឌកិច្ចប្រជុំ​អាស៊ាន នៅប្រទេស​សិង្ហបុរីថ្ងៃទី ៣​សីហា ២០១៨
រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ ចាប់ដៃ​ជាមួយ​រដ្ឋមន្រ្តីការបរទេស​ចិន (ស្តាំ)នៅក្នុង​ជំនួប​ទ្វេភាគី​ក្រៅក្របខ័ណ្ឌកិច្ចប្រជុំ​អាស៊ាន នៅប្រទេស​សិង្ហបុរីថ្ងៃទី ៣​សីហា ២០១៨ ©REUTERS/Feline Lim
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស ក្រុង​ប៉េកាំង​បានអះអាង​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ចិន និង​អ៊ីរ៉ង់ សេរី មាន​តម្លាភាព ស្របច្បាប់ និង​ប្រឆាំង​ផ្ទុយ​ពី​សេចក្តីសម្រេច​ណាមួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ​នោះទេ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចេញមុខ​ការពារ​ចំណង​ពាណិជ្ជកម្ម​ចិន អ៊ីរ៉ង់ ដោយ​ផ្គើន​ទៅ​នឹង​ការគំរាម​អាមេរិក។ កាលពី​ថ្ងៃ​អង្គារ នៅក្នុង​សារTwitter ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ ដែល​បាន​សម្រេច​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង អន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់នោះ បាន​ព្រមាន មិន​រាប់រក ក្រុមហ៊ុន​ណា​ដែលធ្វើ​ជំនួញ​ជាមួយ​របបអ៊ីស្លាម​អ៊ីរ៉ង់។

ដោយសារ​តែ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​រដ្ឋបាល​អាមេរិក កម្រ​នឹង​មាន​ក្រុមហ៊ុន​អាមេរិក​ធ្វើ​ជំនួញ​នៅ​ប្រទេស​អ៊ីរ៉ង់។ ដូច្នេះ ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើងវិញ របស់​អាមេរិក​ទៅលើ​អ៊ីរ៉ង់ នឹង​ប៉ះពាល់​ភាគច្រើន ទៅលើ​ ប្រយោជន៍ និង​មុខជំនួញ​របស់​ក្រុមហ៊ុន​អឺរ៉ុប ឬ​អាស៊ី ដែល​កំពុង​មាន​វត្តមាន ក្នុងទឹកដី​អាមេរិក។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន ក្រសួងការបរទេស​ចិន​វិញ​បាន​បញ្ជាក់​ថា ចិន ប្រឆាំង​ដាច់ខាត​នឹង​ការដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី។ ចិន​ជា​អតិថិជន​ទិញប្រេង​ធំជាង​គេ​របស់​អ៊ីរ៉ង់។ ក្នុង​មួយថ្ងៃៗ ចិន​ទិញប្រេងឆៅ​ពី​អ៊ីរ៉ង់ ជាង​៦សែនធុង ដែល​តំណាង ឲ្យ​៧ភាគរយ​នៃ​ការទិញ នាំ​ចូល​ប្រេងសរុប​របស់​ចិន។ ប្រេង​របស់​អ៊ីរ៉ង់ ដែល​លក់ទៅ​ឲ្យ​ចិន ក្នុង​មួយឆ្នាំៗ មាន​តម្លៃ​ប្រមាណ ១៥ពាន់​លាន​ដុល្លារអាមេរិក។ នៅ​ប្រទេស​អ៊ីរ៉ង់ ក្រុមហ៊ុន​រដ្ឋ​ចិន​វិនិយោគ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ក្នុង​អាជីវកម្ម​ប្រេង​អ៊ីរ៉ង់។

រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​បាន​អះអាងថា វិធានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​សាជាថ្មី​របស់​អាមេរិក​នឹង​មិនអាច​រារាំង អ៊ីរ៉ង់ ឲ្យ​ឈប់​លក់ នាំចេញ​ប្រេង​នោះទេ។

ផ្ទុយពីក្រុមហ៊ុន​ចិន ដែល​នឹង​បន្តសហការ​ជាមួយ អ៊ីរ៉ង់ ក្រុមហ៊ុន​អឺរ៉ុប​មួយ ចំនួន​ដូចជា​ក្រុមហ៊ុន​តូតាល់​របស់​បារាំង ក្រុមហ៊ុន​របស់​ប្រទេស​ដាណឺម៉ាក ឬ​អាល្លឺម៉ង់ ជា​ដើម បាន​សម្រេច​ផ្អាក​សកម្មភាព ការវិនិយោគ​របស់ខ្លួន នៅ​ប្រទេស​អ៊ីរ៉ង់ ដោយសារ ​មិន​ចង់​ជាប់​រង​ទណ្ឌកម្ម បង់ប្រាក់​ពិន័យ​ពី​តុលាការ​អាមេរិក។

ប្រទេស​ជាច្រើន​នៅអឺរ៉ុប បាន​សន្យាថា នឹង​រកមធ្យោបាយ ដើម្បី កាត់បន្ថយ​ផលប៉ះពាល់​របស់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់អាមេរិក ដើម្បី កុំ​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​ដកខ្លួន​ចេញពី​អ៊ីរ៉ង់ ទៅតាមការគំរាមកំហែង​ទណ្ឌកម្ម​របស់​អាមេរិក។ អាល្លឺម៉ង់ ដែល​ចេញមុខ​ការពារ​កិច្ចព្រមព្រៀង អន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បានទាមទារ​ឲ្យ​អាមេរិក គិត​ពី​ផលប្រយោជន៍​របស់​អឺរ៉ុបផង នៅ​ពេល​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​ណា​មួយនោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ