អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ្នកវិទ្យាសាស្រ្ត៖ ផែនដី​នឹង​ក្លាយ​ជា​បន្ទប់ឆ្ពុង បើសិន​​កំដៅ​កើនឡើង​៤​អង្សាទៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទោះជា​មនុស្ស​ប្រឹងប្រែង​កាត់បន្ថយ​ឧស្ម័ន​កាបូន ឧស្ម័ន​ផ្ទះកញ្ចក់ ទៅតាម​បរិមាណ​កំណត់ ដែល​មាន​ចែង នៅក្នុង កិច្ចព្រមព្រៀងទីក្រុង​ប៉ារីស ស្តីពី​អាកាសធាតុ ប៉ុន្តែ ផែនដី ដែល​នឹង​អាច​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ច្រើន​ជាង​មនុស្ស នឹងអាច​ធ្លាក់ខ្លួន ប្រែក្លាយ​ទៅជា​ផែនដី​ឆ្ពុង​មួយ​ដ៏​គ្រោះថ្នាក់ ដែល​គេ​មិនអាច​គ្រប់គ្រង​បាន។ នេះ​បើ​តាម​ការព្រមាន​របស់​អ្នកវិទ្យាសាស្រ្ត នៅក្នុង​ការសិក្សា​មួយ ដែល​ចេញផ្សាយ កាលពី​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍​នេះ។ 

ទឹកកក​នៅ​ប៉ូល​ទឹកកក​អាក់ទិក
ទឹកកក​នៅ​ប៉ូល​ទឹកកក​អាក់ទិក © AFP PHOTO/STEEN ULRIK JOHANNESSEN
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​អាកាសធាតុ គេ​បាន​ទាមទារ​ឲ្យ​កាត់បន្ថយ​ការបញ្ចេញផ្សែងពុល ឧស្ម័នកាបូន ប្រភព​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ធ្វើ​ឲ្យ​ផែនដី​ឡើង​កំដៅ។ ប៉ុន្តែ នៅក្នុង​ការសិក្សា​ថ្មី​មួយ​ដែលចេញផ្សាយ​ដោយ​ទស្សនាវដ្តី​វិទ្យាសាស្រ្ត Proceedings of the National Academy of Sciences PNAS អ្នកវិទ្យាសាស្រ្ត​បែរ​ជា​រកឃើញថា ទោះបី​ជា​មនុស្ស​ខំប្រឹង​កាត់បន្ថយ ឬ​មិន​បញ្ចេញឧស្ម័ន​កាបូន ​ទាល់​តែសោះ  ក៏ដោយ ក៏ប៉ុន្តែ និន្នាកា​វិវឌ្ឍ សព្វថ្ងៃ ដូចជា​ភ្លើងឆេះព្រៃ ការកាប់​បំផ្លាញ​ព្រៃឈើ ហើយ​និង​ការរលាយ​ទឹកកក មិនឈប់ នៅ​តំបន់​ប៉ូលទឹកកក​អាក់ទឹក នឹង​ធ្វើ​ឲ្យ​ផែនដី​ឆ្លងផុត​ខ្សែ​បន្ទាត់​កំណត់​មួយ និង​ធ្លាក់​ចូល​ទៅ​ក្នុង​បរិបទ​ថ្មី ដែល​គ្រោះថ្នាក់។

ទឹកស្ទឹង​នឹង​ជន់លិចភូមិ ខ្យល់ព្យុះ​កំបុតត្បូង​បោកបក់ ជន់លិច តំបន់​ឆ្នេរសមុទ្រ ចំនែក​ផ្កាថ្ម​នឹង​ត្រូវ​វិនាសផុតពូជ លែង​មាន​នៅក្នុង​សមុទ្រ។ ហេតុការណ៍​ទាំងនេះ នឹង​អាច​កើតមាន នៅលើ​ផែនដី នៅមុន​ដាច់សតវត្សរ៍ ទី២១នេះ ឬ​មុននេះ ក៏អាច​ថា​បាន។ នេះ​ជា​ការព្រមាន​របស់​ក្រុម​អ្នកវិទ្យាសាស្រ្ត មក​សកលវិទ្យាល័យ Copenhague សកលវិទ្យាល័យ​អូស្ត្រាលី ហើយនិង​វិទ្យាស្ថាន​ស្រាវជ្រាវអាល្លឺម៉ង់។

តាមអ្នកវិទ្យាសាស្រ្ត ឧស្ម័ន​ផ្ទះកញ្ចក់​បាន​ធ្វើ​ឲ្យ​កំដៅ​ផែនដី កើនឡើង​បន្ថែម​១អង្សា បើប្រៀបធៀប​នឹង​សករាជមុន​ឧស្សាហកម្ម។ អ្នកវិទ្យាសាស្រ្ត​បាន​វាយតម្លៃ​ថា ការឡើងកំដៅផែនដី ១​អង្សា​បន្ថែមទៀត បាន​បណ្តាល​រួចទៅហើយ ឲ្យ​មាន​ភ្លើងឆេះព្រៃ ការរាំងស្ងួត ​ខ្យល់ព្យុះ​កាន់តែ​ច្រើន ហើយ​និង​អាកាសធាតុ​ក្តៅខ្លាំង នៅ​គ្រប់​ទីកន្លែង មិនថា នៅ​អាស៊ី អឺរ៉ុប ឬ ទ្វីបអាមេរិក នាពេល​សព្វថ្ងៃនេះ។

កំដៅ​នៅលើ​ផែនដី សព្វថ្ងៃ​នៅ​បន្តកើន​ឡើង​រហូត ប្រមាណ​០,១៧​អង្សា ក្នុង​រយៈពេល​១០​ឆ្នាំ។ នៅពេល​ដែល​កំដៅ​នៅលើ​ផែនដី ចេះតែកើនឡើង​មិនឈប់ យ៉ាងដូច្នេះ ទោះ​បី​ជា​មនុស្ស​ឈប់​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ប៉ុន្តែ គឺ​ផែនដី​ទៅវិញទេ ដែល​នឹង​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ក្នុង​បរិមាណ​ដ៏ច្រើន បើប្រៀបធៀប​នឹង​មនុស្ស។ នេះបើតាម​ការសន្និដ្ឋាន​របស់​អ្នកវិទ្យាសាស្រ្ត។ ហេតុអ្វី​បាន​ជា​គេ​និយាយ​ដូច្នេះ?

ឧបមា​ថា មនុស្ស​អាច​មាន​សមត្ថភាព ឈប់​បញ្ចេញផ្សែងពុល ឧស្ម័ន​កាបូនិក ប៉ុន្តែ កំដៅផែនដី​សព្វថ្ងៃ​កំពុង​តែ​ទៅ​រំខាន ធ្វើ​ឲ្យ​ប្រព័ន្ធ​ធម្មជាតិ​នៅលើ​ផែនដី ប្រែប្រួល​ខុសពីមុន។ អ្នកវិទ្យាសាស្រ្ត​បាន​រៀបរាប់​ត្រួសពី​ទិដ្ឋភាព​ចំនួនដប់ នៃ​ប្រព័ន្ធ​ផែនដី ដែល​នឹង​អាច​ប៉ះពាល់ ប្រែប្រួល ខុសប្រក្រតី ដោយសារ​តែ​កំដៅ​ផែនដី។

ទី១ ការកាប់បំផ្លាញ​ព្រៃឈើ បាន​ធ្វើ​ទំហំផ្ទៃ​ព្រៃឈើ ដែល​ដើរតួយ៉ាងសំខាន់ ក្នុង​ការបឺត​ស្រូបយក​ឧស្ម័នកាបូនពីក្នុង​បរិយាកាស ធ្លាក់​ចុះ​គួរឲ្យ​កត់សំគាល់ នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយនេះ។ មួយវិញទៀត គេសង្កេតឃើញដែរថា មហាសមុទ្រ ដែល​ដើរតួ​ក្នុង​ការស្រូប​យក​ឧស្ម័នកាបូន ដែរនោះ ហាក់​ដូចជា​គាំង​លែង​អាច​មាន​សមត្ថភាព​ស្រូប​យក​បាន​ច្រើន​ដូចមុន។

ទី២ ទឹកកក តំបន់​ប៉ូល ដែល​ធ្លាប់​តែ​ទទួល និង​ចាំងផ្លាត​ប្រមាណ ៨០ភាគរយ នៃ​ពន្លឺព្រះអាទិត្យ បាន​ចាប់​រលាយ ច្រើន​ជាងមុន ជាហេតុ​ធ្វើ​ឲ្យ​ពន្លឺព្រះអាទិត្យ​ទាំងប៉ុន្មាន​ត្រូវ​ផ្ទេរទៅកំដៅ ទឹកសមុទ្រ ទៅវិញ។

ទី៣ ទៀត ផ្ទាំងទឹកកក​នៅតំបន់​ប៉ូល ដែល​ធ្លាប់​តែ​ទប់ មិន​ឲ្យ​ឧស្ម័នកាបូន និង​មេតាន​ចេញពីក្រោមដី ត្រូវ​បាន​គេរកឃើញថា កំពុង​ចាប់រលាយ បណ្តើរៗ។ គេ​វាយតម្លៃថា នៅពេល​ដែល​ផ្ទាំងដី​កក នៅតំបន់​ប៉ូល​រលាយអស់ នោះ​គឺផែនដី ប៉ុន្តែ មិនមែន​មនុស្ស​ទេ ដែល​នឹង​បញ្ចេញ ឧស្ម័ន​មេតាន ដ៏ក្រាសក្រែល ដែល​នឹង​ទៅបង្កើត ឧស្ម័ន​ផ្ទះកញ្ចក់ ដើមហេតុ​នៃ​ការឡើង​កំដៅលើ​ភពផែនដី។

សម្រាប់​អ្នកវិទ្យាសាស្រ្ត ផែនដី ឆ្លងផុត​ខ្សែបន្ទាត់​កំណត់​មួយ​មានន័យ​ថា សីតុណ្ហភាព​មធ្យម​នៃ​ភពផែនដី​នឹង​កើនឡើង​កំដៅ ពី​៤ ទៅ ៥​អង្សា​បន្ថែម​ទៀត។ ជាលទ្ធផល ទឹកកក​រលាយ​នៅ​តំបន់​ប៉ូល​នឹង​ធ្វើ​ឲ្យ​កំពស់​ទឹកសមុទ្រ កើនឡើង ១៣ម៉ែត្រ បន្ថែម បើប្រៀបធៀប​នឹង​កំពស់​ទឹកសមុទ្រ​សព្វថ្ងៃ ពោល​គឺ​នឹង​អាចលេបត្របាក់​តំបន់​ជាប់សមុទ្រ ដែល​នៅក្នុង​នោះ ២ភាគបី ទៅហើយ ជា​ទីក្រុង ប្រជុំជន​របស់​មនុស្ស នៅលើ​ភពផែនដី។ អ្នកវិទ្យាសាស្រ្ត អាល្លឺម៉ង​ម្នាក់ ធ្លាប់​បាន​និយាយ​ហើយថា បើសីតុណ្ហភាព​មធ្យម​នៅលើ​ផែនដី​កើនឡើង​បន្ថែម ពី៤ ទៅ ៥​អង្សា នោះផែនដី នឹង​អាច​ផ្តល់​កន្លែងរស់នៅ​ដល់​មនុស្ស​បាន​តែ​១ពាន់​លាន​នាក់ប៉ុណ្ណោះ ក្នុង​ពេល​ដែល​ផែនដី សព្វថ្ងៃ មាន​មនុស្ស​រស់នៅ​ដល់ទៅ​ជាង ៧ពាន់លាននាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ