អ្នកវិទ្យាសាស្រ្ត៖ ផែនដីនឹងក្លាយជាបន្ទប់ឆ្ពុង បើសិនកំដៅកើនឡើង៤អង្សាទៀត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១៣
ទោះជាមនុស្សប្រឹងប្រែងកាត់បន្ថយឧស្ម័នកាបូន ឧស្ម័នផ្ទះកញ្ចក់ ទៅតាមបរិមាណកំណត់ ដែលមានចែង នៅក្នុង កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីអាកាសធាតុ ប៉ុន្តែ ផែនដី ដែលនឹងអាចបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ច្រើនជាងមនុស្ស នឹងអាចធ្លាក់ខ្លួន ប្រែក្លាយទៅជាផែនដីឆ្ពុងមួយដ៏គ្រោះថ្នាក់ ដែលគេមិនអាចគ្រប់គ្រងបាន។ នេះបើតាមការព្រមានរបស់អ្នកវិទ្យាសាស្រ្ត នៅក្នុងការសិក្សាមួយ ដែលចេញផ្សាយ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
នៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិស្តីពីអាកាសធាតុ គេបានទាមទារឲ្យកាត់បន្ថយការបញ្ចេញផ្សែងពុល ឧស្ម័នកាបូន ប្រភពឧស្ម័នផ្ទះកញ្ចក់ ដែលធ្វើឲ្យផែនដីឡើងកំដៅ។ ប៉ុន្តែ នៅក្នុងការសិក្សាថ្មីមួយដែលចេញផ្សាយដោយទស្សនាវដ្តីវិទ្យាសាស្រ្ត Proceedings of the National Academy of Sciences PNAS អ្នកវិទ្យាសាស្រ្តបែរជារកឃើញថា ទោះបីជាមនុស្សខំប្រឹងកាត់បន្ថយ ឬមិនបញ្ចេញឧស្ម័នកាបូន ទាល់តែសោះ ក៏ដោយ ក៏ប៉ុន្តែ និន្នាកាវិវឌ្ឍ សព្វថ្ងៃ ដូចជាភ្លើងឆេះព្រៃ ការកាប់បំផ្លាញព្រៃឈើ ហើយនិងការរលាយទឹកកក មិនឈប់ នៅតំបន់ប៉ូលទឹកកកអាក់ទឹក នឹងធ្វើឲ្យផែនដីឆ្លងផុតខ្សែបន្ទាត់កំណត់មួយ និងធ្លាក់ចូលទៅក្នុងបរិបទថ្មី ដែលគ្រោះថ្នាក់។
ទឹកស្ទឹងនឹងជន់លិចភូមិ ខ្យល់ព្យុះកំបុតត្បូងបោកបក់ ជន់លិច តំបន់ឆ្នេរសមុទ្រ ចំនែកផ្កាថ្មនឹងត្រូវវិនាសផុតពូជ លែងមាននៅក្នុងសមុទ្រ។ ហេតុការណ៍ទាំងនេះ នឹងអាចកើតមាន នៅលើផែនដី នៅមុនដាច់សតវត្សរ៍ ទី២១នេះ ឬមុននេះ ក៏អាចថាបាន។ នេះជាការព្រមានរបស់ក្រុមអ្នកវិទ្យាសាស្រ្ត មកសកលវិទ្យាល័យ Copenhague សកលវិទ្យាល័យអូស្ត្រាលី ហើយនិងវិទ្យាស្ថានស្រាវជ្រាវអាល្លឺម៉ង់។
តាមអ្នកវិទ្យាសាស្រ្ត ឧស្ម័នផ្ទះកញ្ចក់បានធ្វើឲ្យកំដៅផែនដី កើនឡើងបន្ថែម១អង្សា បើប្រៀបធៀបនឹងសករាជមុនឧស្សាហកម្ម។ អ្នកវិទ្យាសាស្រ្តបានវាយតម្លៃថា ការឡើងកំដៅផែនដី ១អង្សាបន្ថែមទៀត បានបណ្តាលរួចទៅហើយ ឲ្យមានភ្លើងឆេះព្រៃ ការរាំងស្ងួត ខ្យល់ព្យុះកាន់តែច្រើន ហើយនិងអាកាសធាតុក្តៅខ្លាំង នៅគ្រប់ទីកន្លែង មិនថា នៅអាស៊ី អឺរ៉ុប ឬ ទ្វីបអាមេរិក នាពេលសព្វថ្ងៃនេះ។
កំដៅនៅលើផែនដី សព្វថ្ងៃនៅបន្តកើនឡើងរហូត ប្រមាណ០,១៧អង្សា ក្នុងរយៈពេល១០ឆ្នាំ។ នៅពេលដែលកំដៅនៅលើផែនដី ចេះតែកើនឡើងមិនឈប់ យ៉ាងដូច្នេះ ទោះបីជាមនុស្សឈប់បញ្ចេញឧស្ម័នផ្ទះកញ្ចក់ ប៉ុន្តែ គឺផែនដីទៅវិញទេ ដែលនឹងបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងបរិមាណដ៏ច្រើន បើប្រៀបធៀបនឹងមនុស្ស។ នេះបើតាមការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្រ្ត។ ហេតុអ្វីបានជាគេនិយាយដូច្នេះ?
ឧបមាថា មនុស្សអាចមានសមត្ថភាព ឈប់បញ្ចេញផ្សែងពុល ឧស្ម័នកាបូនិក ប៉ុន្តែ កំដៅផែនដីសព្វថ្ងៃកំពុងតែទៅរំខាន ធ្វើឲ្យប្រព័ន្ធធម្មជាតិនៅលើផែនដី ប្រែប្រួលខុសពីមុន។ អ្នកវិទ្យាសាស្រ្តបានរៀបរាប់ត្រួសពីទិដ្ឋភាពចំនួនដប់ នៃប្រព័ន្ធផែនដី ដែលនឹងអាចប៉ះពាល់ ប្រែប្រួល ខុសប្រក្រតី ដោយសារតែកំដៅផែនដី។
ទី១ ការកាប់បំផ្លាញព្រៃឈើ បានធ្វើទំហំផ្ទៃព្រៃឈើ ដែលដើរតួយ៉ាងសំខាន់ ក្នុងការបឺតស្រូបយកឧស្ម័នកាបូនពីក្នុងបរិយាកាស ធ្លាក់ចុះគួរឲ្យកត់សំគាល់ នៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ មួយវិញទៀត គេសង្កេតឃើញដែរថា មហាសមុទ្រ ដែលដើរតួក្នុងការស្រូបយកឧស្ម័នកាបូន ដែរនោះ ហាក់ដូចជាគាំងលែងអាចមានសមត្ថភាពស្រូបយកបានច្រើនដូចមុន។
ទី២ ទឹកកក តំបន់ប៉ូល ដែលធ្លាប់តែទទួល និងចាំងផ្លាតប្រមាណ ៨០ភាគរយ នៃពន្លឺព្រះអាទិត្យ បានចាប់រលាយ ច្រើនជាងមុន ជាហេតុធ្វើឲ្យពន្លឺព្រះអាទិត្យទាំងប៉ុន្មានត្រូវផ្ទេរទៅកំដៅ ទឹកសមុទ្រ ទៅវិញ។
ទី៣ ទៀត ផ្ទាំងទឹកកកនៅតំបន់ប៉ូល ដែលធ្លាប់តែទប់ មិនឲ្យឧស្ម័នកាបូន និងមេតានចេញពីក្រោមដី ត្រូវបានគេរកឃើញថា កំពុងចាប់រលាយ បណ្តើរៗ។ គេវាយតម្លៃថា នៅពេលដែលផ្ទាំងដីកក នៅតំបន់ប៉ូលរលាយអស់ នោះគឺផែនដី ប៉ុន្តែ មិនមែនមនុស្សទេ ដែលនឹងបញ្ចេញ ឧស្ម័នមេតាន ដ៏ក្រាសក្រែល ដែលនឹងទៅបង្កើត ឧស្ម័នផ្ទះកញ្ចក់ ដើមហេតុនៃការឡើងកំដៅលើភពផែនដី។
សម្រាប់អ្នកវិទ្យាសាស្រ្ត ផែនដី ឆ្លងផុតខ្សែបន្ទាត់កំណត់មួយមានន័យថា សីតុណ្ហភាពមធ្យមនៃភពផែនដីនឹងកើនឡើងកំដៅ ពី៤ ទៅ ៥អង្សាបន្ថែមទៀត។ ជាលទ្ធផល ទឹកកករលាយនៅតំបន់ប៉ូលនឹងធ្វើឲ្យកំពស់ទឹកសមុទ្រ កើនឡើង ១៣ម៉ែត្រ បន្ថែម បើប្រៀបធៀបនឹងកំពស់ទឹកសមុទ្រសព្វថ្ងៃ ពោលគឺនឹងអាចលេបត្របាក់តំបន់ជាប់សមុទ្រ ដែលនៅក្នុងនោះ ២ភាគបី ទៅហើយ ជាទីក្រុង ប្រជុំជនរបស់មនុស្ស នៅលើភពផែនដី។ អ្នកវិទ្យាសាស្រ្ត អាល្លឺម៉ងម្នាក់ ធ្លាប់បាននិយាយហើយថា បើសីតុណ្ហភាពមធ្យមនៅលើផែនដីកើនឡើងបន្ថែម ពី៤ ទៅ ៥អង្សា នោះផែនដី នឹងអាចផ្តល់កន្លែងរស់នៅដល់មនុស្សបានតែ១ពាន់លាននាក់ប៉ុណ្ណោះ ក្នុងពេលដែលផែនដី សព្វថ្ងៃ មានមនុស្សរស់នៅដល់ទៅជាង ៧ពាន់លាននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ