ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 14/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 14/12 12h00 GMT
អាស៊ី

ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​បី​ជាប់​ចោទ​រំលោភ​ទណ្ឌកម្ម​អន្តរជាតិ​ដាក់​ប្រឆាំង​កូរ៉េ​ខាងជើង

media  
រោង​ចក្រ​ធ្យូងថ្ម​ កូរ៉េខាង​ជើង Ed JONES / AFP

ក្រុមហ៊ុន​កូរ៉េខាង​ត្បូង​យ៉ាង​ហោច​បី បាន​នាំ​ចូល​រ៉ែ​ធ្យូង​ថ្ម និងរ៉ែ​​ដែក ពី​កូរ៉េខាង​ជើង កាលពី​ឆ្នាំ​កន្លង​ទៅ។ ទង្វើបែប​​នេះ​ទំនង​ជា​​បាន​រំលោភ​លើ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ដាក់​ប្រឆាំង​នឹង​របប​ព្យុងយ៉ាង​។ នេះ​បើ​តាម​ការ​សង្ស័យ​​របស់​អាជ្ញាធរ​ពន្ធគយ​កូរ៉េខាង​ត្បូង។

ធ្យូងថ្ម និង​រ៉ែដែក​ ជាង​៣៥០០០ពាន់​តោន ក្នុង​ទំហំ​ទឹកប្រាក់ ជាង​៥​លាន​អឺរ៉ូ ត្រូវ​បាន​ចូល​មក​កូរ៉េខាង​ត្បូង តាម​រយៈ​រុស្ស៊ី នៅរវាង​ពី​ខែ​មេសា ដល់​ខែ​តុលា​២០១៧។ នេះ​បើ​តាម​ការ​លម្អិត​របស់​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ពន្ធ​គយ។

ក្រៅ​អំពី​បំពាន​ច្បាប់​របស់​កូរ៉េខាង​ត្បូង នាវានាំ​ទំនិញ​ចូល​ខ្លះ​ទំនង​ជា​បាន​រំលោភ​លើទណ្ឌកម្ម​ ដែល​មាន​ចែង​ក្នុង​​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដាក់​ប្រឆាំង​នឹង​កូរ៉េខាង​ជើង​​ឱ្យ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ និ​ងបាលីស្ទិក។

តាម​ធម្មតា អាជ្ញាធរ​កូរ៉េខាង​ត្បូង តែង​ឃាត់​ចាប់​រាល់​គ្រប់​នាវា​សង្ស័យ​រំលោភ​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ​ក្នុង​ករណីនាំ​ចូល​ធ្យូងថ្មនេះ នាវាកូរ៉េខាង​ជើង​​​បាន​ធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​សិន ដើម្បី​​ធ្វើ​ឯកសារ​ក្លែងក្លាយ ឱ្យ​ជា​​នាវារុស្ស៊ី​​ មុន​នឹង​​​បញ្ជូន​​​មក​កូរ៉េខាងត្បូង។ ចំណែក​ប្រភេទ​​​ផលិតផលធ្យូង​ថ្ម​ ដែល​ជា​រ៉ែ​សុទ្ធ​ ជាប់​ទណ្ឌកម្ម​នាំ​ចេញ​ ត្រូវ​កែ​បន្លំ​ ទៅ​ជា​ធ្យូងថ្ម​ដែល​គ្មាន​ជាប់​បម្រាមទៅ​វិញ។ ​នេះ​បើ​តាមរបាយការណ៍​របស់​អាជ្ញាធរគយ​ ដែល​បាន​ចំណាយ​ពេល​អង្កេត​អស់​រយៈ​ពេល​១០​ខែ និងបាន​រក​ឃើញ​អត្តសញ្ញាណ​ជន​ល្មើស​ឧក្រិដ្ឋ​ចំនួន​៧​។ អាជ្ញាធរ​គយ នឹង​ប្តឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​បុគ្គល​បី​រូប និង​ក្រុមហ៊ុនកូរ៉េខាង​ត្បូង​ចំនួន​បី​។

គយ​កូរ៉េខាង​ត្បូង​ក៏​បាន​រក​ឃើញ​មាន​ករណី​រត់​ពន្ធ​ជួញ​ដូរ​រ៉ែ​ដែក​ លក់​ដោយ​ជន​សង្ស័យ​ទៅ​ឱ្យ​ឈ្មួញ​កូរ៉េខាង​ត្បូង​ តាម​រយៈ​សហគ្រាស​មួយ​នៅ​ហុងកុង។

ដំណឹង​នេះ​ធ្លាក់​មក​តែ​ប្រមាណ​មួយ​សប្តាហ៍​ក្រោយ​របាយការណ៍ របស់​អង្គការ​សហប្រជាជាតិ​ ចោទ​កូរ៉េខាង​ជើង​ថា​បន្ត​នាំ​ចេញ​ធ្យូងថ្ម ដែក ​និង​ផលិត​ផល​ជា​ច្រើន​ទៀត ព្រមទាំងបានលួច​ទិញ​ប្រេង​ដោយ​ខុស​ច្បាប់ ក្នុង​សមុទ្ទ​ ​បង្វៀង​​លើ​ទណ្ឌកម្ម​​អង្គការ​សហប្រជាជាតិ អនុម័តកាលពី​ឆ្នាំទៅ​ ហាម​មិន​ឱ្យ​​មាន​ការ​នាំ​ចេញ​វត្ថុ​ធាតុ​ដើម​ពី កូរ៉េខាងជើង ជា​ចម្លើយ​តប​ទៅ​នឹង​ទង្វើ​សាកល្បង​នុយក្លេអ៊ែរ​និង​បាលីស្ទិក​ជា​បន្ត​បន្ទាប់​កាលពី​ឆ្នាំ​២០១៧។

ទោះ​បី​ជា​ ស្ថានភាព​នៅ​ឧបទ្វីប​បាន​ធូរ​ស្បើយ ក្រោយ​ជំនួប​រវាង​លោក ត្រាំ និង​លោក គីម​ជុងអ៊ុន​នៅ​សិង្ហបុរី​ ដែល​ព្យុងយ៉ាង​បាន​សន្យា​រំសាយកម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ក៏​ដោយ ក៏វ៉ាស៊ីនតោន​នៅ​តែ​​បន្តជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​បន្តនិង​រក្សា​ទណ្ឌកម្មលើកូរ៉េខាង​ជើង​ដដែល។ ពាក្យ​អំពាវនាវ​ឱ្យ​ដែល​បាន​ធ្វើ​ឱ្យ​កូរ៉េខាងជើង​ខឹង​សម្បារ​ និ​ង​​បរិហារ​ជា​ថ្មី​នៅថ្ងៃនេះ​ ថា​អាមេរិកគតិ​តែ​ខំ​រក​ល្បិច​គ្រប់​យ៉ាង​បង្កើន​ទណ្ឌកម្ម​លើ​របបព្យុងយ៉ាង៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ