អានតួអត្ថបទ
ម៉ាឡេស៊ី

នៅ​ម៉ាឡេស៊ី ស្រ្តីស្រឡាញ់​ភេទ​ដូចគ្នា​២នាក់ ត្រូវ​តុលាការ​ពិន័យ​ឲ្យ​វាយ​៦​ដំបង

នៅ​ម៉ាឡេស៊ី តុលាការ​អ៊ីស្លាម​ក្នុង​ស្រុក​មួយ បាន​សម្រេច​ផ្តន្ទាទោស​ស្រ្តី​ស្រឡាញ់​ភេទដូចគ្នា ២​នាក់ ឲ្យ​រង​ការវាយ​នឹង​ដំបង ចំនួន ៦​ដំបង។ នេះ​បើតាម​មន្រ្តី​មូលដ្ឋាន ទទួល​បន្ទុក​ខាងផ្នែក​សាសនា អ៊ីស្លាម។ ចលនា​ការពារ​សិទ្ធិ​មនុស្ស​នៅ​ម៉ាឡេស៊ី​បាន​ចាត់ទុក ការសម្រេច​របស់​តុលាការ​ថា ជាការរំលោភ​សិទ្ធិ​មនុស្ស​ទាំងស្រុង។ 

ស្រ្តីម៉ាឡេស៊ី​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចេញច្បាប់​ទទួល​ស្គាល់​មនុស្ស​ស្រឡាញ់ភេទ​ដូចគ្នា
ស្រ្តីម៉ាឡេស៊ី​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចេញច្បាប់​ទទួល​ស្គាល់​មនុស្ស​ស្រឡាញ់ភេទ​ដូចគ្នា ©RASFAN MOHD RASFAN / AFP
ផ្សាយពាណិជ្ជកម្ម

តុលាការ​អ៊ីស្លាម នៅ​រដ្ឋភាគខាងជើង​ម៉ាឡេស៊ី Terengganu កាត់ទោស ឲ្យ​វាយ​ស្រ្តីពីរ​នាក់ ចំនួន ៦ដំបង បន្ទាប់​ពីពួកគេ​បាន​សារភាព​ថា បាន​មានទំនាក់ទំនង​ផ្លូវភេទ​ជាមួយគ្នា ដែល​ផ្ទុយ​នឹង​បម្រាម​ដ៏តឹងរ៉ឹង​របស់​សាសនា​អ៊ីស្លាម។

ស្ត្រី​ទាំងពីរ​នាក់ ដែល​មាន​អាយុ ២២ឆ្នាំ និង​៣២​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​របស់​គណៈសាសនា​អ៊ីស្លាម​ម៉ាឡេស៊ី ចាប់ខ្លួន កាល​ពី​ខែ​មេសា នៅពេល​ពួកគេ​កំពុង​សាសង​ស្នេហា នៅក្នុង​រថយន្ត នៅ​ទីកន្លែង​សាធារណៈមួយ នៅ​រដ្ឋ Terengganu ​(រដ្ឋ​ដែល​មាន​ការអនុវត្ត​ច្បាប់​សាសនា​អ៊ីស្លាម​តឹងរ៉ឹង​ជាងគេ នៅប្រទេស​ម៉ាឡេស៊ី)។ នៅ​ក្នុង​សវនាការ​ដែល​បើកធ្វើ កាល​ពីថ្ងៃអាទិត្យ ស្រ្តីទាំង ២​នាក់​បាន​ទទួល​ស្គាល់​ថា បាន​រំលោភ​ច្បាប់សាសនា​អ៊ីស្លាម ដែល​បាន​ហាមឃាត់​មិន​ឲ្យ​មនុស្ស​ស្រី​ស្រឡាញ់​ភេទ​ដូចគ្នា។ នៅក្រោយ​ការទាមទារ​របស់​រដ្ឋអាជ្ញា​ដែល​បានសុំ ​ឲ្យមាន​ការដាក់​ទោស​ធ្ងន់បំផុត តុលាការ​អ៊ីស្លាម​បាន​សម្រេច​ឲ្យគេ​វាយស្រ្តីទាំង​ពីរ ម្នាក់ ៦ដំបង និង​ពិន័យ​ប្រាក់ ៨០០​ដុល្លារ។

នៅម៉ាឡេស៊ី ប្រព័ន្ធតុលាការ​ត្រូវ​បែងចែក​ជា​ពីរ​ប្រភេទ។ តុលាការ​សាសនា​អ៊ីស្លាម​មាន​តួនាទី​ជំនុំជម្រះ សំនុំរឿង​ដែល​ទាក់ទង​នឹង​សាសនា ជម្លោះ​ក្នុង​គ្រួសារ ហើយ​និង​ការផិតក្បត់​ជាដើម។

៦០ភាគរយ​នៃ​ប្រជាជន​ម៉ាឡេស៊ី សរុប​៣២​លាន​នាក់ កាន់​គោរព​សាសនា​អ៊ីស្លាម មិនតឹងតែង និង​យោគយល់​អធ្យាស្រ័យ​ច្រើន។ ប៉ុន្តែ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ គេកំពុង​បារម្ភ​ខ្លាចថា និន្នាការ​របស់​ក្រុមអភិរក្សនិយម ដែល​ចង់​អនុវត្ត​តឹងរ៉ឹង​សាសនា​អ៊ីស្លាម កាន់តែ​កើនឡើង​ខ្លាំង។

សហគមន៍​របស់​ក្រុមមនុស្ស​ស្រឡាញ់​ភេទដូចគ្នា កំពុង​ប្រឈម​នឹង​ការដាក់​សម្ពាធ កាន់តែ​ខ្លាំង​ពីអាជ្ញាធរ ដែល​ពួកគេ​បាន​ចោទថា មាន​នយោបាយ រើសអើង និង​តាមធ្វើបាប​ក្រុមមនុស្ស​ស្រឡាញ់ភេទដូចគ្នា។

នៅ​ថ្ងៃ​ម្សិលមិញ អង្គការ​ដើម្បី​យុត្តិធម៌ មនុស្ស​ស្រី បាន​ប្រតិកម្ម​រិះគន់​ការសម្រេច​របស់​តុលាការ​អ៊ីស្លាម។ សម្រាប់​ពួកគេ ការចាត់ទុក ការស្រឡាញ់​គ្នា រវាង​មនុស្ស​ពេញវ័យ​ថា ជា​បទឧក្រិដ្ឋ​នោះ គឺ​ជា​ការំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ។

ទោះបី​ស្រ្តីជាប់ចោទ​ទាំងពីរ​មាន​សិទ្ធិ​ប្តឹង​បន្ត ទៅ​ឧទ្ធរណ៍ ប៉ុន្តែ ការអនុវត្ត​ទោស​នឹងត្រូវ​ធ្វើ នៅ​ថ្ងៃទី ២៨​សីហា (ចុងខែនេះ)។ បើសិន​ជាមាន​ការអនុវត្ត​ទោសមែន នោះគឺ​កើតមាន ជា​លើកទី១ នៅ​ម៉ាឡេស៊ី ដែល​ស្រ្តី ត្រូវ​រង​ការពិន័យ ​វាយ​៦ ដំបង ដោយសារ​តែ​ការស្រឡាញ់មនុស្ស​ភេទ​ដូចគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ