អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បានជា​ថៃ​ហាម​លែង​ឲ្យ​នាំចូល​សំរាម​អេឡិចត្រូនិកពី​បរទេស?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៦ សីហា​បាន​ប្រកាស ឈប់​ឲ្យ​គេ​នាំចូល​សំរាម​អេឡិចត្រូនិក ចំនួន ៤៣២​ប្រទេស ពី​បរទេស។ បម្រាម​របស់​ក្រសួង​បរិស្ថាន​ថៃ​នឹង​ ចូល​ជា​ធរមាន នៅក្នុង​រយៈពេល ៦ខែទៀត ចំណែក​សំរាម​ប្លាស្ទិក នាំចូល​ពី​បរទេស នឹង​ត្រូវ​ហាមឃាត់​ទាំងស្រុង នៅ​២​ឆ្នាំ​ខាង​មុខ។ ថៃ​ស្ថិតនៅ​ក្នុង​ចំណោម​ប្រទេស​នាំមុខ ៥ នៅ​អាស៊ី ដែល​ពូកែ​បញ្ចេញ​សំរាមប្លាស្ទិក ទៅ​ក្នុង​មហាសមុទ្រ។ ប៉ុន្តែ ហេតុអ្វី​បានជា​ថៃ​ទើបភ្ញាក់ខ្លួន ចាត់វិធានការ ប្រយុទ្ធ​ប្រឆាំង​នឹង​សំរាម​ប្លាស្ទិក។ 

ការសិក្សា​មួយ​របស់​អង្គការ​សហប្រជាជាតិ​វាយតម្លៃថា សំរាមអេឡិចត្រូនិក​នៅក្នុង​ពិភពលោក​អាច​មាន​ទម្ងន់ 47,8 តោន នៅឆ្នាំ ២០១៧
ការសិក្សា​មួយ​របស់​អង្គការ​សហប្រជាជាតិ​វាយតម្លៃថា សំរាមអេឡិចត្រូនិក​នៅក្នុង​ពិភពលោក​អាច​មាន​ទម្ងន់ 47,8 តោន នៅឆ្នាំ ២០១៧ Getty Images / Bloomberg
ផ្សាយពាណិជ្ជកម្ម

តាម​ការ​ប្រកាស​របស់​ក្រសួងបរិស្ថាន​ថៃ សំរាម​អេឡិចត្រូនិក​ចំនួន ៤៣២​ប្រភេទ​នឹង​ត្រូវ​ហាម​លែង​ឲ្យ​នាំចូល​ក្នុង​ប្រទេស​ថៃ នៅ ៦ខែ​ខាងមុខ។ ការសម្រេច​របស់​រដ្ឋាភិបាល ធ្វើ​ឡើង​នៅ​តែប៉ុន្មាន​ខែ​ក្រោយ​ប្រតិបត្តិការ​បង្រ្កាប​ចាប់​បាន​សំរាម​អេឡិចត្រូនិក​រាប់ម៉ឺនតោន ដែល​គេ​បាន​លួច​នាំ​ចូល​ដោយ​ខុសច្បាប់។

ថៃ ក៏​ដូចជា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ កំពុង​តែ​បារម្ភ​ថា ខា្លច​ខ្លួន ក្លាយ​ជា​កន្លែង​ចាក់​សំរាម​ថ្មី អេឡិចត្រូនិក ថ្មី នៅបន្ទាប់​ពី​ប្រទេស​ចិន ដែល​ធ្លាប់​ជា​កន្លែង ចាក់​សំរាម​អេឡិចត្រូនិក ដ៏ធំជាងគេ​នៅ​អាស៊ី បាន​សម្រេច​ឈប់​ឲ្យ​គេ​នាំចូល​សំរាមអេឡិចត្រូនិក​ចំនួន ២១​ប្រភេទ​ពី​អាមេរិក ឬ​ពី​សហភាពអឺរ៉ុប។ បម្រាម​របស់​ចិន បាន​ចូល​ជា​ធរមាន​ចាប់តាំង​ពី​ឆ្នាំមុន នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​សំរាម​បរទេស។ ប្រទេស​វៀតណាម​វិញ កាលពី​ប៉ុន្មាន​សប្តាហ៍មុននេះ ទើប​តែ​បាន​ប្រកាស​ផងដែរថា នឹង​ឈប់​ផ្តល់​អាជ្ញាប័ណ្ណ​ថ្មី ដើម្បី​ឲ្យ​គេ​ប្រកប​មុខរបរ នាំចូល និង​កែច្នៃ​សំរាមអេឡិចត្រូនិក​តទៅទៀត។

នៅថៃ​វិញ នៅពេល​អាជ្ញាធរ និង​អ្នកការពារ​បរិស្ថាន ព្រួយ​បារម្ភ​ពី​ការហូរចូល​កាន់តែច្រើន​សំរាម​អេឡិចត្រូនិក ដោយសារ​តែ ចិន និង​ប្រទេស​អាស៊ីជិតខាង​ផ្សេងទៀត បិទទ្វារ អ្នកជំនួញ​ថៃ បាន​សំឡឹង​ឃើញ​ផលប្រយោជន៍ និង​ឱកាស​ដែល​គេ​មិនអាច​ខកខាន​បាន។ នៅក្នុង​ជំនួញ អេតចាយ ឬ​សំរាម​អេឡិចត្រូនិក គេ​ចំណាយ​ទុន​តិច ប៉ុន្តែ ផលចំណេញ​វិញ មាន​ច្រើន។ ចំណេញ​សេដ្ឋកិច្ច ប៉ុន្តែ គេ​មិន​បាន​គិតថា ផលប៉ះពាល់ បរិស្ថាន និង​សុខភាព​មនុស្ស​ដោយសារ​តែ​សំរាម​អេឡិចត្រូនិក ខ្លាំង​ប៉ុណ្ណា​នោះទេ។ នៅ​ប្រទេស​ចិន អ្នកធ្វើការ​ជាច្រើន នៅ​រោងចក្រ សំរាម​អេឡិចត្រូនិក ដែល​ប៉ះពាល់​ដោយ​ផ្ទាល់ សារធាតុ​បារត និង​សំណរ នៅក្នុង​សំរាមអេឡិចត្រូនិក កំពុង​រងគ្រោះ​ដោយសារ​ជម្ងឺ​មហារីក គ្រប់មុខ។

តើ​អ្វីទៅ​ជា​សំរាម​អេឡិចត្រូនិក?

សំរាម​អេឡិចត្រូនិក សំគាល់​ទៅឧបករណ៍​ទាំងឡាយ ដែលមាន​ខ្សែអគ្គសិនី ហើយ​និង​ថ្មពិល ដូចជា​ទូរទស្សន៍ វិទ្យុ ទូរស័ព្ទ កុំព្យូទ័ ដែល គេ​បោះចោល លែង​ប្រើប្រាស់។ រហូតមក​ដល់​ពេលនេះ សំរាម​អេឡិចត្រូនិក មាន​ប្រភពចេញ​មក​ពី​ប្រទេស​មហាឧស្សាហកម្ម ប្រទេស​មាន​បច្ចេកវិទ្យា​ទំនើប ដូចជា អាមេរិក ប្រទេស​នៅ​អឺរ៉ុប សិង្ហបុរី ហុងកុង ឬ​ជប៉ុន​ជាដើម។

នៅ​ប្រទេស​ថៃ អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​នាំចូល​សំរាមអេឡិចត្រូនិក ព្រោះថា វា​អាច​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុកជាច្រើន ដែលអាច​ធ្វើ​អាជីវកម្ម ទាញ​យក​ប្រយោជន៍ ពី​សំរាម​អេឡិចត្រូនិក។ នៅ​ក្នុង​សំរាម​អេឡិចត្រូនិក គេ​អាច​រកឃើញ មាន​បំណែក​លោហៈ​តូចៗ ដែល​មាន​តម្លៃ ដូចជា មាស ប្រាក់ ស្ពាន់​ជាដើម។

ប៉ុន្តែ ជាមួយ​នឹង​វត្ថុមានតម្លៃ មាន​ប្រយោជន៍ សំរាមអេឡិចត្រូនិក​មាន​បង្កប់ នាំមកជាមួយ​ផង​ដែរ សារធាតុ​ពុល ដូចជា សំណ បារត ដែល​ប៉ះពាល់​ខ្លាំងណាស់ ដល់​សុខភាព​មនុស្ស ហើយ​និង​បរិស្ថាន ជាពិសេស នៅពេល វាបាន​ហូរ​ចូល​ទៅក្នុង​ទឹកទន្លេ ឬ​ប្រភពទឹក​ក្រោមដី។

ក្រុមហ៊ុន រោងចក្រ​កៃច្នៃ​សំរាមប្លាស្ទិក មិន​សប្បាយចិត្ត

រឿងសំរាម​ប្លាស្ទិកនេះ ថៃ​ស្ថិតនៅក្នុង​ចំណោម​ប្រទេសអាស៊ី នាំមុខ ៥ ដូចជា​ចិន ហ្វីលីពីន ឥណ្ឌូណេស៊ី វៀតណាម និង​ថៃ ខាងបញ្ចេញ​សំរាមប្លាស្ទិក ទៅក្នុង​មហាសមុទ្រ។ របាយការណ៍​របស់​អ្នកជំនាញ​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ កាលពី​ឆ្នាំ ២០៥ បាន​បង្ហាញថា ៦០ភាគរយ​នៃ​សំរាមប្លាស្ទិក នៅក្នុង​មហាសមុទ្រ មាន​ប្រភព​មក​ពី​ប្រទេស​៥ខាងលើ ដែល​គេ​វាយតម្លៃថា ពូកែ​ខាងផលិត ប្រើប្រាស់ ប៉ុន្តែ មិន​ពូកែ ប្រមូល គ្រប់គ្រង កែច្នៃ​សំរាម​ប្លាស្ទិក​នោះ​ទេ។ នៅ​ប្រទេស​ថៃ គេ​បាន​ទាញ​សញ្ញាអាសន្ន ពី​គ្រោះថ្នាក់​របស់​ប្លាស្ទិក នៅ​ក្រោយ​ពេល​គេ​រកឃើញ ថា ត្រីបាឡែន មួយក្បាល ដែល​មក​ស្លាប់​ ទើ​នៅ​លើ​ឆ្នេរ ប្រទេស​ថៃ កាលពី​ខែ​មិថុនា ស្លាប់​ដោយសារ​តែ​លេបថង់ប្លាស្ទិក។

នៅក្នុង​ប្រទេស​ថៃ ជាទី​ដែល​រាល់​ការប្រើប្រាស់ វេចខ្ចប់ គឺ​មិនអាច​ជៀសផុត​ពី​បា្លស្ទិក សំរាម​ប្លាស្ទិក មាន​ប្រមាណ ២លាន​តោន ក្នុង​មួយឆ្នាំៗ។

ថៃ មាន​សំរាមប្លាស្ទិក​ក្នុង​ស្រុក ប៉ុន្តែ សម្រាប់​ក្រុមហ៊ុន និង​រោងចក្រ​កែច្នៃ​សំរាម​ប្លាស្ទិក សំរាម​ប្លាស្ទិក​ថៃ នៅ​តែ​ថ្លៃ គឺមាន​តម្លៃ​ទ្វេរ មួយជាពីរ​បើប្រៀបធៀប​នឹង​សំរាម​ប្លាស្ទិក​ដែល​នាំចូល​មក​ពី​បរទេស។ ដូច្នេះ នៅពេល​រដ្ឋាភិបាលថៃ​សម្រេច ហាម​ឈប់​​ឲ្យ​គេ​នាំចូល សំរាមប្លាស្ទិក មកពី​បរទេស នៅក្នុង​រយៈពេល​២ឆ្នាំ​ខាងមុខ ក្រុមហ៊ុន និង​រោងចក្រ​ថៃ ជាច្រើន​បារម្ភថា ពួកគេ​នឹង​ត្រូវ​ប្រឈម​នឹង​ការខាតបង់ ឬ​ត្រូវ​បិទទ្វារ។

នៅថ្ងៃ​ពុធ​ម្សិលមិញ នៅក្រោយ​ការប្រជុំ​របស់​ក្រសួង រដ្ឋមន្រ្តី​បរិស្ថាន​ថៃ​បាន​អះអាង រដ្ឋាភិបាលដឹង​ថា វិធានការ​របស់​រដ្ឋាភិបាល​នឹង​ប៉ះពាល់​ដល់​ផលចំណេញ​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម ដែល​ធ្វើការ​កែច្នៃ​សំរាម​ប្លាស្ទិក។ ប៉ុន្តែ រដ្ឋាភិបាល​ថៃវិញ នៅ​តែ​មាន​គោលដៅ ចង់​ឲ្យ​ជំរុញ​ឲ្យ​គេ​កែច្នៃ សំរាមប្លាស្ទិក​ក្នុង​ស្រុក ជាមុនសិន ជាជាង នាំ​ចូល សំរាមប្លាស្ទិក​បន្ថែម​មក​ពី​បរទេស។ សម្រាប់​អាជ្ញាធរ​ថៃ បញ្ហា​សេដ្ឋកិច្ច​សំខាន់​មែនហើយ ប៉ុន្តែ បរិស្ថាន គឺសំខាន់​ជាង។ គេ​ត្រូវការ​បរិស្ថាន​ល្អស្អាត​មួយ​សម្រាប់​ឲ្យ​ក្មេងថៃ​ជំនាន់​ក្រោយ អាច​រស់នៅ​បាន។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ